អន្តរជាតិ
លោក ដូ​ណា​ល់ ត្រាំ ធានាថា លោក គីម ជុង​អ៊ុន អាច​បន្ត​កាន់អំណាច​បាន ឲ្យ​តែ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​
18, May 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​កូរ៉េខាងជើង​ថា របប​លោក គីម ជុង​អ៊ុន​បច្ចុប្បន្ន​អាច​បន្ត​ដឹកនាំ​កូរ៉េខាងជើង​បាន​ទៀត បើសិនជា​គេ​ព្រម​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​។ ប៉ុន្តែ​លោក​ព្រមាន​ថា បើ​មិន​ព្រម​លះបង់​ទេ របប​ដឹកនាំ​កូរ៉េខាងជើង​អាច​នឹង​ប្រឈមមុខ​ការផ្តួលរំលំ​ផង​។



​ក្រោយ​ពេលដែល​កូរ៉េខាងជើង​គំរាម​លុបចោល​កិច្ចប្រជុំ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ចោល​ព្រោះ​មិន​ពេញចិត្ត​ចំពោះ​ការទាមទារ​ឲ្យ​ខ្លួន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី លោក ត្រាំ បាន​ចេញមុខ​បញ្ជាក់ថា វា​មិនមាន​អ្វី​ប្រែប្រួល​ឡើយ​។ មន្ត្រី​កូរ៉េ​ខាង​នៅ​បន្ត​ចាត់ចែង​កិច្ចប្រជុំ​នេះ​ដដែល​មកដល់​បច្ចុប្បន្ន​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ បាន​និយាយ​ដូច្នេះ​៖​ បើសិនជា​កិច្ចប្រជុំ​កើតឡើង វា​កើតឡើង​ហើយ​។ ប្រសិន​វា​មិនកើត​ឡើង​ទេ យើង​នឹង​បន្ត​ជំហាន​ថ្មី​ទៀត​។ យើង​ប្រហែល​ជាមាន​កិច្ចប្រជុំ យើង​ក៏​ប្រហែលជា​មិន​មនា​កិច្ចប្រជុំ​ដែរ​។ បើសិន​មិនមាន​ទេ យើង​នឹង​ឃើញ​ហើយ​ថា អ្វី​នឹង​កើតឡើង​នោះ​»​។​

​ក្រៅពី​បញ្ជាក់ថា គ្មាន​ការប្រែប្រួល​ចំពោះ​កិច្ចប្រជុំ​ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​សិង្ហ​បុរី​ថ្ងៃ ១២ ខែមិថុនា​នៅ​សិង្ហ​បុរី លោក ត្រាំ ក៏បាន​ឆ្លៀតឱកាស​បញ្ជាក់ប្រាប់​កូរ៉េខាងជើង​ថា ខ្លួន​ធានា​សុវត្ថិភាព​ដល់​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន​ឲ្យ​តែ​ព្រម​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​។

​យ៉ាងណាក៏ដោយ​លោក ត្រាំ ហាក់​ភាន់ច្រឡំ​ចំពោះ​ការលើកឡើង​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់ខ្លួន​គឺ​លោក ច​ន បុល​តុ​ន (John Bolton) ដែល​បាន​ផ្តល់យោបល់​ថា គម្រូ​រំសាយ​នុយក្លេអ៊ែរ​លី​ប៊ី​ឆ្នាំ ២០០៣ និង ២០០៤ អាច​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។​

 លោក បុល​តុ​ន ចង់​សំដៅលើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​លី​ប៊ី ក្រោម​អាណត្តិ​លោក ច​ច ដា​ប៊ិ​ល​យូ​ប៊ូ​ស ប៉ុណ្ណោះ ខណៈដែល​លោក ត្រាំ គិតដល់​ការអន្តរាគមន៍​របស់​លោក បា​រ៉ា​ក់​អូ​ម៉ា ឆ្នាំ ២០១១ ដើម្បី​ផ្តួលរំលំ​លោក មូ​អា​ម៉ា ហ្កា​ដា​ហ្វី​នោះ​។

​លោក ត្រាំ ថ្លែង​បែបនេះ​៖«​គម្រូ​រំសាយ​នុយក្លេអ៊ែរ​លី​ប៊ី​មិនមែនជា​អ្វីដែល​យើង​គិតគូរ​សម្រាប់​កូរ៉េខាងជើង​ឡើយ​។ លោក គីម នឹង​បន្ត​នៅក្នុង​ប្រទេស ហើយ​ដឹកនាំ​ប្រទេស​របស់គាត់​ទៀត​។ ប្រទេស​កូរ៉េខាងជើង​នឹង​កាន់​មាន​កាន់តែខ្លាំង​ឡើង​»​។​

«​គម្រូ​រំសាយ​នុយក្លេអ៊ែរ​របស់​លី​ប៊ី​គឺ​ផ្សេងគ្នា​។​យើង​កម្ទេច​ប្រទេស​លី​ប៊ី ហើយ​យើង​មិនដែល​និយាយ​ទៅកាន់ ហ្កា​ដា​ហ្វី​ថា យើង​នឹង​ផ្តល់​ការការពារ​ឡើយ​។ យើង​ចូល​ផ្តួល​រលំ​របប​ដឹកនាំ​លី​ប៊ី ហើយ​យើង​យើង​បានធ្វើ​រឿង​ដូចគ្នា​នៅ​អ៊ីរ៉ាក់​»​។

​យ៉ាងណា​ក៏ដោយចុះ ក្រៅពី​ធានា​សុវត្ថិភាព​ដល់​របប​ដឹកនាំ​លោក គីម ជុង​អ៊ុន លោក ត្រាំ ក៏បាន​ព្រមាន​ជាមុន​ដែរ ក្នុងករណី​ដែល​កូរ៉េខាងជើង​មិន​ព្រម​បោះបង់​អាវុធ​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​សង្កត់ធ្ងន់ថា កូរ៉េខាងជើង​នឹង​អាច​រង​ការវាយប្រហារ ហើយ​លោក គីម នឹងត្រូវ​ទម្លាក់​ពី​តំណែង​ផងដែរ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com