អន្តរជាតិ
អតីត​មេ​គុក​សម្ងាត់​នៅ​ថៃ​លោកស្រី Haspel ក្លាយជា​ប្រមុខ CIA ជា​ផ្លូវការ​
18, May 2018 , 4:54 pm        
រូបភាព
លោកស្រី Gina Haspel (រូបភាព AFP)
លោកស្រី Gina Haspel (រូបភាព AFP)
​ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃទី​១៧ ខែឧសភា បាន​បោះឆ្នោត​គាំទ្រ​លោកស្រី Gina Haspel ជា​នាយក​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) ថ្មី​ហើយ​។ លោកស្រី Haspel ដែលជា​មន្ត្រី CIA យូរ​ឆ្នាំ​មកហើយ​នោះ នឹង​ដឹកនាំ​ស្ថាប័ន​មួយ​នេះ​ជំនួស​លោក Mike Pompeo ដែល​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី​។ ដោយសារ​មាន​ប្រវត្តិ​ដឹកនាំ​គុក​សម្ងាត់​ដែល​ប្រើ​វី​ធី​សាស្ត្រ​សួរចម្លើយ​ឃោរឃៅ លោកស្រី Haspel ត្រូវ​សមាជិក​ព្រឹទ្ធសភា​ដេញដោល​ខ្លាំង មុន​ទទួលបាន​ការគាំទ្រ​។



​លោកស្រី Gina Haspel ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៥៤ ទល់នឹង​សំឡេង​ប្រឆាំង​ចំនួន​៤៥ ដើម្បី​ក្លាយជា​ស្ត្រី​ទីមួយ​ដែល​ដឹកនាំ​ទីភ្នាក់ងារ​ចារកម្ម​កណ្ដាល (CIA) ជា​ប្រវត្តិសាស្ត្រ​។ មុន​បោះឆ្នោត​គាំទ្រ​ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១៧ ខែឧសភា សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​ជជីក​ដេញដោល​លោកស្រី​ជុំវិញ​ការប្រើប្រាស់​វិធីសាស្ត្រ​ធ្វើ​ទារុណកម្ម​ដើម្បី​សួរចម្លើយ ពេល​លោកស្រី​គ្រប់គ្រង​គុក​សម្ងាត់​មួយកន្លែង​នៅ​ទឹកដី​ថៃ​។

​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ​ចំនួន​៦​នាក់ បាន​គាំទ្រ​លោកស្រី តែ​សមាជិក​មកពី​បក្ស​សាធារណរដ្ឋ​ចំនួន​២​នាក់​បោះឆ្នោត​ប្រឆាំង​។ លោក John McCain សមាជិក​ព្រឹទ្ធសភា​មាន​ឥទ្ធិពល​មួយ​របស់​បក្ស​សាធារណរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ព្រឹទ្ធសភា​កុំ​បោះឆ្នោត​លើ​បេក្ខភាព​លោកស្រី Haspel ។ ជា​អតីត​ឈ្លើយសឹក​របស់​វៀតណាម លោក McCain ចាត់ទុក​ការគាំទ្រ​លោកស្រី Haspel ជាការ​ផ្ញើ​សារ​ខុស​។

​មាន​វ័យ​៦១​ឆ្នាំ និង​ជំនាញ​ខាង​កិច្ចការ​រុស្ស៊ី លោកស្រី Haspel ត្រូវគោរព​ជាទូទៅ​ជា​ភ្នាក់ងារ CIA ដែល​គោរព​វិន័យ និង​មិន​ពាក់ព័ន្ធ​នយោបាយ ហើយក៏​ក្លាយជា​អនុប្រធាន​ស្ថាប័ន​ដ៏​ធំ​នេះ​កាលពី​ឆ្នាំមុន​។ ជាមួយនឹង​ការ​លេចមុខ​ភ្លាមៗ​បែបនេះ លោកស្រី Haspel ប្រឈមមុខ​នឹង​សួរចម្លើយ​យ៉ាង​លម្អិត​លើ​ការងារ​របស់លោក​ស្រី​ក្រោយ​ព្រឹ​ត្ត​ការណ៍​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០០១ ពេល​លោកស្រី​ដឹកនាំ​មន្ទីរឃុំឃាំង​នៅ​ថៃ ដែលជា​កន្លែង​ឃុំខ្លួន​ជន​ភេរវ​ករ​កាលពី​ឆ្នាំ​២០០២ ។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គុក​នោះ​ហើយ​ជាទី​ដែល​ជនសង្ស័យ​អាល់​កៃ​ដា Abu Zubaydah និង Abd al-Rahim al-Nashiri ត្រូវបាន​សួរចម្លើយ​ដោយ​ប្រើ​វិធីសាស្ត្រ​យក​កន្សែង​គ្រប​មុខ​រួច​ចាក់ទឹក​ពីលើ (Waterboarding) ។ វិធីសាស្ត្រ​បែបនេះ​ត្រូវបាន​ចាត់ទុកជា​ការធ្វើ​ទារុណកម្ម​។ លោកស្រី Haspel បាន​សន្យា​ចំពោះមុខ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា លោកស្រី​នឹងមិន​ត្រឡប់​ទៅប្រើ​ប្រាស់​វិធីសាស្ត្រ​សួរចម្លើយ​បែបនេះ​ទៀតឡើយ​។​

​យ៉ាងណាមិញ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខ្លះ​មិនទាន់​ជឿថា ប្រមុខ CIA ថ្មី​រូបនេះ​អាច​គោរព​ពាក្យសន្យា​របស់ខ្លួន​បាន​ឬ​អត់​ឡើយ ព្រោះ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលជា​តែងតាំង​លោកស្រី​នោះ មាន​ជំហរ​គាំទ្រ​ការប្រើប្រាស់​ទណ្ឌកម្ម​ចាក់​ទឹក​ខាងលើ​។ កាលពី​ឆ្នាំ​២០១៦ លោក ត្រាំ បាន​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន​ថា ទារុណកម្ម​មាន​ប្រយោជន៍ ហើយ​លោក​ចង់ឃើញ​វិធីសាស្ត្រ​ធ្វើ​ទារុណកម្ម​ដែល​ខ្លាំង​ការចាក់​ទឹក​លើ​មុខ​នេះ​៕

Tag:
 អាមេរិក​
  Gina Haspel
  CIA
© រក្សាសិទ្ធិដោយ thmeythmey.com