អន្តរជាតិ
រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រគល់ដីកសិកម្មជិត ២ពាន់ហិកតា ដែលត្រូវបានរឹបអូសដោយយោធាឲ្យកសិករវិញ
× រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រគល់ដីជិត ២០០០ហិកតាដែលត្រូវបានយោធារឹបអូសតាំងពីយូរមកនោះដល់ប្រជាជនកសិកវិញ។ ការប្រគល់ដីធ្លីធ្វើស្រែចម្ការឲ្យកសិករវិញ ជាគោលដៅចម្បងរបស់រដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជីដែរ។
ដីស្រែ ១៩៩៧ ហិកតា ត្រូវបានរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រគល់ជូនប្រជាជនជាកសិករចំនួន ៥២៨នាក់នៅស្រុក Kanbalu នៃតំបន់ Sagaing នៅសប្តាហ៍នេះ។ វាជាការប្រគល់ដីធ្លីដែលត្រូវបានក្រសួងការពារជាតិរឹបអូសទៅឲ្យប្រជាកសិកវិញទ្រង់ទ្រាយធំបំផុតមិនធ្លាប់ក្នុងរយៈពេលពីរខែមកនេះ។
ទីភ្នាក់ងារព័ត៌មានចិន Xinhua បានផ្សាយថា ពិធីប្រគល់ដីទៅឲ្យកសិករវិញនេះត្រូវបានធ្វើឡើងក្រោមអធិបតីរបស់អនុប្រធានាធិបតីទីពីរលោក Henry Van Thio ហើយលោកក៏ជាប្រធានគណៈកម្មការមជ្ឈិមទទួលបន្ទុកកិច្ចការត្រួតពិនិត្យដីកសិកម្មដែលត្រូវបានគេរឹបអូសដែរ។
មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងប្រឹងប្រែងក្នុងការបង្កើតកិច្ចសន្យាកសិកម្មសម្រាប់ប្រជាកសិករដើម្បីដាំដុះផលិតផល វេចខ្ចប់ និងធ្វើពាណិជ្ជកម្មផលិតផលកសិកម្មខ្លួនផង។ ធ្វើដូច្នេះ កសិករនឹងលែងលក់ដីធ្លីរបស់ខ្លួនទៀតហើយ ហើយពួកគេនឹងប្រើប្រាស់ដីធ្លីនោះដើម្បីទាញប្រយោជន៍យូរអង្វែងវិញ។
កន្លងមកនេះរដ្ឋាភិបាលមីយ៉ាន់ម៉ាបានចាត់វិធានការដើម្បីជំរុញការផ្ទេរដីធ្លីទៅកាន់ម្ចាស់ដីវិញ ហើយក្នុងខែមីនាកន្លងមកដីធ្លីរាប់រយហិកតាដែលត្រូវបានរឹបអូសនៅក្រុង Yangon, Mandalay និងនៅ Ayeyawaddy រួមទាំងនៅរដ្ឋ Shan និង Kayin ផងនោះត្រូវបានប្រគល់ឲ្យកសិករជាម្ចាស់ដីវិញដែរ។
តាមពិតទៅពេលដែលមីយ៉ាន់ម៉ាស្ថិតក្រោមរបបយោធា ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋត្រូវបានអនុញ្ញាតឲ្យរឹបអូសយកដី រួមទាំងដីកសិកម្មផងនោះពីប្រជាពលរដ្ឋ ដោយអនុលោមតាមច្បាប់គ្រប់គ្រងដីកសិកម្មឆ្នាំ ២០១២ ដែលវាចែងពីគម្រោងធ្វើឧស្សាហូបនីយកម្ម និងនគរូបនីយកម្មរបស់រដ្ឋ។ យ៉ាងណាមិញ វាបានបង្កឲ្យមានជម្លោះដីធ្លីខ្លាំងផងដែររវាងក្រុមហ៊ុនឯកជន ប្រជាជន និង អាជ្ញាធររដ្ឋជុំវិញការកំណត់ម្ចាស់កម្មសិទ្ធិនេះ។
ឃើញពីផលអវិជ្ជមាននៃបញ្ហារឹបអូសដីធ្លីនេះ រដ្ឋាភិបាលស៊ីវិលដែលដឹកនាំដោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យបានប្តេជ្ញាចិត្តធ្វើយ៉ាងណាពន្លឿនការស្វែងរកដំណោះស្រាយលើដីកសិកម្មដែលត្រូវបានរឹបអូស និង ឈានទៅប្រគល់ដីទាំងនោះទៅឲ្យម្ចាស់ដីដើមដែលមានសិទ្ធិស្របច្បាប់ផងដែរ៕
Tag:
មីយ៉ាន់ម៉ា
ដីធ្លី
យោធា
អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com