អន្តរជាតិ
អង់គ្លេស​៖ អតីត​ចារកិច្ច​រុស្ស៊ី​ដែល​រង​ការបំពុល Skripal ចាក​ចេញពី​មន្ទីរពេទ្យ​
18, May 2018 , 5:30 pm        
រូបភាព
អតីតចារកម្មរុស្ស៊ី Sergei Skripal (រូបភាព TASS)
អតីតចារកម្មរុស្ស៊ី Sergei Skripal (រូបភាព TASS)
​អតីត​ចារកិច្ច​រុស្ស៊ី​ដែល​ធ្វើការ​ឲ្យ​អង់គ្លេស Sergei Skripal បាន​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១៨ ខែឧសភា បន្ទាប់ពី​ទទួលបាន​ការព្យាបាល​តាំងពី​ខែមីនា​មក​។ នេះ​បើតាម​ការប្រកាស​របស់​អង្គភាព​សុខាភិបាល​សាធារណៈ (NHS) ។ លោក Skripal និង​កូនស្រី​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅ Salisbury ភាគខាងត្បូង​អង់គ្លេស ជាទី​ដែ​អ្នក​ទាំងពីរ​ត្រូវបាន​រកឃើញថា ដួលសន្លប់​ដោយសារ​រង​ការបំពុល​សារធាតុ​គីមី Novichok ។ ករណីនេះ​បង្ក​ជា​វិបត្តិ​ការទូត​រវាង​អង់គ្លេស និង​សម្ព័ន្ធមិត្ត​ជាមួយ​រុស្ស៊ី​។​



​ជាង​ពីរ​ខែក្រោយ​ចូល​សង្គ្រោះ​ក្នុង​មន្ទីរ​ភាគខាងត្បូង​អង់គ្លេស អតីត​ចារកិច្ច​រុស្ស៊ី Sergei Skripal បាន​ចាក​ចេញពី​មន្ទីរពេទ្យ Salisbury District ហើយ​នៅ​ថ្ងៃទី​១៨ ខែឧសភា​។ ឯ​កូនស្រី​របស់លោក គឺ Yulia Skripal បាន​ចាក​ចេញពី​មន្ទីរពេទ្យ​តាំងពី​ថ្ងៃទី​១១ ខែមេសា មកម្ល៉េះ ព្រោះ​អាចនិយាយបាន ខណៈ​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Nick Bailey ក៏បាន​ចាក​ចេញពី​មន្ទីរពេទ្យ​នេះ​ដូចគ្នា​។ អ្នក​ទាំងបី​សុទ្ធតែ​រង​ការបំពុល​ដោយសារ​ធាតុគីមី Novichok ។​

​លោក Skripal និង​កូនស្រី ត្រូវបាន​រកឃើញ​សន្លប់​មិនដឹង​ខ្លួន​នៅលើ​បង់​អង្គុយ​មួយកន្លែង​នៅឯ Salisbury កាលពី​ថ្ងៃទី​៤ ខែមីនា​។ ក្រោយ​ការស៊ើបអង្កេត អាជ្ញាធរ​អង់គ្លេស​អះអាងថា អ្នក​ទាំងពីរ​រង​ការបំពុល​ដោយសារ​គីមី A-234 ឬ Novichok ដែលជា​សារធាតុ​គីមី​សម្រាប់​វិស័យ​យោធា​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយក​ប្រតិបត្តិ​មន្ទីរពេទ្យ Cara Charles-Barks និយាយថា វា​ជា​រឿង​អស្ចារ្យ​ដែល​លោក Skripal មាន​សុខ​ភាពល្អ​គ្រប់គ្រាន់​អាច​ចាក​ចេញពី​មន្ទីរពេទ្យ​បាន​។​

​បន្ទាប់ពី​ចាកចេញ​ពី​មន្ទីរពេទ្យ លោក Skripal និង​កូនស្រី​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​មួយកន្លែង​។

​ករណី​បំពុល​អតីត​ចារកិច្ច​រុស្ស៊ី​ធ្វើការ​ឲ្យ​អង់គ្លេស​រូបនេះ បាន​នាំ​ទៅជា​វិបត្តិ​ការទូត​ធ្ងន់ធ្ងរ​រវាង​អង់គ្លេស និង​រុស្ស៊ី​។ ក្រុង​ឡុង​ដ៏​ចោទ​ក្រុង​មូ​ស្គូ​ថា នៅ​ពីក្រោយ​ករណី​បំពុល​នេះ ព្រោះ​សារធាតុ​គីមី​ពុល​នេះ​មាន​ប្រភពពី​រុស្ស៊ី តែ​រុស្ស៊ី​បាន​បដិសេធ​ដាច់ខាត និង​ទាមទារ​រក​ភស្តុតាង​ផងដែរ ប៉ុន្តែ​អង់គ្លេស​មិនបាន​បង្ហាញ​ភស្តុតាង​ជាក់លាក់​ឡើយ​។ រដ្ឋាភិបាល​អង់គ្លេស​ក៏បាន​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​២៣​នាក់​ចេញពី​ប្រទេស ឯ​រុស្ស៊ី​ក៏​បញ្ជា​ឲ្យ​អ្នកការទូត​អង់គ្លេស​ចេញពី​ទឹកដី​ខ្លួន​ដែរ​។​

​សម្ព័ន្ធមិត្ត​អង់គ្លេស​ផ្សេងទៀត​ក៏​ចេញមុខ​ថ្កោលទោស​រុស្ស៊ី​ដូចគ្នា ហើយ​ថែមទាំង​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ពួកគេ​ផង​។ អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​រឹងមាំ​របស់​អង់គ្លេស ចាត់វិធានការ​ប្រឆាំង​រុស្ស៊ី​តាមរយៈ​ការបណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ក្នុង​ចំនួន​ដ៏​ច្រើន​។ ក្រុង​វ៉ាស៊ីនតោន​បាន​អះអាងថា ខ្លួន​មិន​ត្រូវការ​ភស្តុតាង​ដើម្បី​បញ្ជាក់​កំហុស​របស់​រុស្ស៊ី​ឡើយ​។ ពោល គឺ​អាមេរិក​ជឿជាក់​លើ​សម្ដី​របស់​អង់គ្លេស​ទាំងស្រុង​តែម្ដង​៕


Tag:
 អង់គ្លេស​
  រុស្ស៊ី​
  Sergei Skripal
© រក្សាសិទ្ធិដោយ thmeythmey.com