សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
គីម ជុង​អ៊ុន មើលឃើញ​គំរូ​សេដ្ឋកិច្ច​វៀតណាម​ជា​ពិសោធន៍​សម្រាប់​កសាង​សេដ្ឋកិច្ច​ខ្លួន​
19, May 2018 , 9:30 am        
រូបភាព
រូបភាព៖ Wall Street Journal
រូបភាព៖ Wall Street Journal
ទោះបីជា​ការចរចា​ជាមួយ​អាមេរិក​ជុំវិញ​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ស្រពេចស្រពិល​ក្តី របប​ដឹកនាំ​កូរ៉េខាងជើង​មានបំណង​ពង្រឹង​សេដ្ឋកិច្ច​របស់ខ្លួន​ជំនួស​ឲ្យ​ការកសាង​អំណាច​យោធា​វិញ​។ កូរ៉េខាងជើង​ពេញចិត្ត​គម្រូ​សេដ្ឋកិច្ច​របស់​ចិន និង​វៀតណាម ហើយ​រដ្ឋ​នុយក្លេអ៊ែរ​នេះ​ក៏​នឹង​រៀនសូត្រ​តាម​កំណែទម្រង់​ប្រទេស​ទាំងពីរ​នេះដែរ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លួន​ឲ្យ​រីកចម្រើន​ទៅមុខ​។


 
​កូរ៉េខាងជើង​កំពុង​បន្ត​ដាក់​គោលនយោបាយ​ស្តារ​សេដ្ឋកិច្ច​ខ្លួន​ឲ្យ​រីកចម្រើន​លូតលាស់​ទៅមុខ ក្រោយពេល​ប្រកាស​ពី​ឆន្ទៈ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន Asian Nikkei Review របប​ដឹកនាំ​លោក គីម ជុង​អ៊ុន មានបំណង​ដកស្រង់​បទពិសោធន៍​កែទម្រង់សេដ្ឋកិច្ច​ចិន​និង​វៀតណាម​ដើម្បី​មក​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុងស្រុក​ផង​។​
 
​តាមពិតទៅ ដោយ​ធ្លាប់​រៀនសូត្រ​នៅ​ប្រទេស​ស្វី​ស​ផង លោក គីម ជុង​អ៊ុន មិន​ដែលមាន​អារម្មណ៍​ស្អប់ ប្រព័ន្ធ​សេដ្ឋកិច្ច​មូលធននិយម​ឡើយ​។ លោក​ប្រហែលជា​ចង់ឃើញ​អាគារ​ខ្ពស់ៗ រួមទាំង​ផលិតផល​លោកខាងលិច​ដូចជា បឺ​ហ្គឺ McDonald’s នៅក្នុង​ប្រទេស​ខ្លួន​ផងដែរ​។ ភាពជោគជ័យ​នៃ​ការបើកចំហរ​សេដ្ឋកិច្ច​របស់​មហា​យក្ស​សេដ្ឋកិច្ច​ចិន និង ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​វៀតណាម ជា​រឿង​ដែល​ធ្វើ​ឲ្យ​លោក ចាប់អារម្មណ៍​ខ្លាំង​។ កាលពី​ថ្មីៗ​នេះ លោក​បាន​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​មួយក្រុម​ទៅ​ទស្សនកិច្ច​នៅ​ចិន​ផងដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដើម​សប្តាហ៍​នេះ ប្រតិភូ​កូរ៉េខាងជើង​បំពេញ​ទស្សនកិច្ច​នៅ​ចិន ដើម្បី​ដកស្រង់​បទពិសោធន៍ និង​រៀនសូត្រ​ពី​ភាពជោគជ័យ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​មហា​យក្ស​ចិន​ដែរ​។ ប្រតិភូ​នោះ​ដឹកនាំ​ដោយ​លោក Pak Thae Son អនុប្រធាន​គណៈកម្មកា​រ​មជ្ឈិម​នៃ​បក្ស​ពលករ​កូរ៉េខាងជើង​បាន​ជួប​ជាមួយ​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង និង​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​បច្ចេកវិទ្យា និង​តំបន់​សេដ្ឋកិច្ច​សំខាន់ៗ​មួយចំនួន​ផង​។​

​អ្វីដែល​សំខាន់​នោះ ប្រតិភូ​នេះ​បាន​ជួប​សំណេះសំណាល​ជាមួយ​លោក ស៊ី ហើយ​លោក​ស៊ី បានប្រកាស​គាំទ្រ​ពេញទំហឹង​ចំពោះ​ការសម្រេចចិត្ត​របស់​ក្រុង​ព្យុងយ៉ាង​ដែល​ជ្រើស​រើសយក​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​នោះ​។​

​មហា​យក្ស​ចិន​ចាប់ផ្តើម​កំណែទម្រង់សេដ្ឋកិច្ច​តែ​រក្សា​ប្រព័ន្ធ​នយោបាយ​សង្គមនិយម​នៅ​ឆ្នាំ ១៩៧៨ ពេលដែល​ប្រទេស​នេះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក តេង ស៊ា​វ​ភីង​។ ពេលនោះ​ចិន​បាន​បើកចំហរ​សេដ្ឋកិច្ច​ទទួលយក​វិនិយោគ​បរទេស និង​ចាប់ដៃ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា​ពាសពេញ​ពិភពលោក ហើយ​ការបើកចំហរ​នេះហើយ​បានធ្វើ​ឲ្យ​ចិន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទីមួយ​លើ​ពិភពលោក​នោះ​។ 

​ដូច្នេះហើយ ការដកស្រង់​ពិសោធន៍​របស់​ចិន ហើយ​យកមកអនុវត្ត​ក្នុង​គោលនយោបាយ​កំណែទម្រង់សេដ្ឋកិច្ច​ក្នុងស្រុក​ប្រហែលជា​នឹងមាន​ផល​វិជ្ជមាន​ច្រើន​ចំពោះ​កូរ៉េខាងជើង​។ ម្យ៉ាង​ចិន​ដែលជា​ខ្នងបង្អែក​នយោបាយ និង​ការទូត​រួមទាំង​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កូរ៉េខាងជើង​នេះ​ក៏​ប្រហែលជា​ពេញចិត្ត​ខ្លាំង​នឹង​ជួយ​គាំទ្រ​និង​ប្រឹក្សា​កូរ៉េខាងជើង​ឲ្យ​ដើរ​លើផ្លូវ​ដែល​ខ្លួន​ធ្លាប់​ដើរ​ដែរ​។ 

​ដោយឡែក​កន្លងមក​ស​ហ​រដ្ឋ​អាមេរិក​ក៏​ធ្លាប់​ប្រកាស​ផងដែរ​ថា បើសិនជា​កូរ៉េខាងជើង​នេះ​ព្រម​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង អាមេរិក​នឹង​ជួយ​ប្រមែរ​ប្រមូល​ជំនួយ​ឬ​វិនិយោគ​បរទេស​ដើម្បី​គាំទ្រ​កូរ៉េខាងជើង​អភិវឌ្ឍ​សេដ្ឋកិច្ច​ថែម​ទៀតផង​។  

-​កំណែទម្រង់សេដ្ឋកិច្ច​វៀ​ត​ណា​ម​ក៏​ជា​គម្រូ​សេដ្ឋកិច្ច​ដែល​កូរ៉េខាងជើង​កំពុង​ពិចារណា​ដែរ​
​ក្រៅពី​គម្រូ​សេដ្ឋកិច្ច​ចិន មេដឹកនាំ​កូរ៉េខាងជើង​ក៏​ជាប់​ចិត្តនឹង​ការកែទម្រង់​សេដ្ឋកិច្ចរ​បស់​វៀតណាម​កន្លងមក​។ កូរ៉េខាងជើង​រំពឹងថា ខ្លួន​អាច​នឹង​ប្រើប្រាស់​គម្រូ​នោះ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លួន​ទៅ​ថ្ងៃមុខ​ផងដែរ​។​

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​កូរ៉េខាងត្បូង Maeil Business ក្នុងជំនួប​ប្រវត្តិសាស្ត្រ​ថ្ងៃ ២៧ ខែមេសា​កន្លង​ជាមួយ​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន លោក គីម ជុង​អ៊ុន បាន​បង្ហើប​ថា លោក​ចង់​ជ្រើសរើស​ការកែទម្រង់​តាម​វៀតណាម​។ 

​វៀតណាម​ចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​កែទម្រង់សេដ្ឋកិច្ច ដូ​យ​មឺ​យ (Doi Moi) នៅ​ឆ្នាំ ១៩៨៦ ហើយ​តាមរយៈ​ការកែទម្រង់​នេះ វា​បាន​ត្រួសត្រាយ​ផ្លូវ​ឲ្យ​វៀតណាម​អភិវឌ្ឍ​សេដ្ឋកិច្ច​បាន​រហ័ស និង​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឆ្នាំ ២០០៧ ផងដែរ​។ ប៉ុន្តែ​កំណែទម្រង់​នេះ​ក៏​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គោលនយោបាយ​កែទម្រង់សេដ្ឋកិច្ច​របស់​ចិន​ដែរ​។​
-​គីម ជុង​អ៊ុន ស្នើ​ឲ្យ​កងទ័ព​គាំទ្រ​កំណែទម្រង់​សេដ្ឋកិច្ចជាតិ​

​ដោយឡែក លោក គីម ជុង​អ៊ុន  ក៏បាន​ទាមទារ​ឲ្យ​កងទ័ព​កូរ៉េខាងជើង​ទាំងអស់​នាំគ្នា​គាំទ្រ​ដល់​ដំណើរ​ការកសាង​សេដ្ឋកិច្ចជាតិ​នឹង​ចាប់ផ្តើម​បោះជំហាន​ទៅមុខ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA លោក គីម បាន​ថ្លែង​បែបនេះ​ក្នុងពេល​ផ្តល់​សុន្ទរ​ថា​ទៅកាន់​គណៈកម្មការ​យោធា​មជ្ឈិម​នៃ​បក្ស​ពលករ​កូរ៉េខាងជើង​។ លោក គីម បានស្នើ​ឲ្យ​យោធា​ការពារ និង​ធានា​ពី​ការអនុវត្ត​គោលនយោបាយ​ដែល​អនុម័ត​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈកម្មការ​មជ្ឈិមបក្ស​កាលពី​ខែមេសា​កន្លងមក ដោយមាន​គោលដៅ​ធានា​ការកសាង​សេដ្ឋកិច្ច​សង្គមនិយម​។ 

​ក្រៅពី​ស្នើ​ឲ្យ​យោធា​គាំទ្រ​ការកែទម្រង់​សេដ្ឋកិច្ច មេដឹកនាំ​កំពូល​រូបនេះ​បាន​ឆ្លៀត​កោតសរសើរ​ដល់​យោធា​កូរ៉េខាងជើង​ទាំងអស់​ដែល​បាន​ប្រឹងប្រែង​គោរព​កាតព្វកិច្ច​ការពារជាតិ និង​បន្ត​ធ្វើជា​កម្លាំង​ស្នូល​នៃ​ចលនា​បដិវត្តន៍ និង ការកសាង​សេដ្ឋកិច្ច​បែប​សង្គមនិយម​៕
 

Tag:
 គីម ជុង​អ៊ុន​
  សេដ្ឋកិច្ច​
  វៀតណាម​
 ​ចិន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com