ម្ចាស់​ថ្មី​ភ្នំពេញ​ប៉ុស្តិ៍ ច្រានចោល​ព័ត៌មានពី​រឿង​ជា​ប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​
ជាតិ
សង្គមជាតិ
ម្ចាស់​ថ្មី​ភ្នំពេញ​ប៉ុស្តិ៍ ច្រានចោល​ព័ត៌មានពី​រឿង​ជា​ប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា​
18, May 2018 , 11:31 pm        
រូបភាព
ភ្នំពេញ​៖ ចាងហ្វាង​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ច្រានចោល​ព័ត៌មាន​ពី​រឿង​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ។ ការបដិសេធ​នេះ​ធ្វើឡើង បន្ទាប់ពី​មានការ​ចុះផ្សាយ​តាមរយៈ​អ្នកសារព័ត៌មាន​បរទេស​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​រំលេច​ពាក្យ​មួយ​ឃ្លា​ថា ម្ចាស់​ថ្មី​របស់​ភ្នំពេញ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​នាយករដ្ឋមន្ត្រី​កម្ពុជា​។​


 
​ក្នុង​សន្និសីទកាសែត កាលពី​រសៀល​ថ្ងៃទី​១៨ ឧសភា​នេះ មាន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើន បាននាំគ្នា​ចោទ​ជា​សំនួរ​ទៅ​លោក Sivakumar S. Ganapathy ដែលជា​ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អំពី​ភាព​ឯករាជ្យ​នៃ​ដំណើរការ​ដឹកនាំ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ទាំង​ខេមរភាសា និង​អង់គ្លេស​។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ជា​ស្ថាប័ន​ព័ត៌មាន​មួយ ដែល​ត្រូវបានគេទទួលស្គាល់​អំពី​អត្ថបទ​ចុះផ្សាយ ដែល​ភាគច្រើន​និយាយ​ពី​ចំណុចរសើប​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​។​
 
​ប៉ុន្តែ​កាសែត​មួយ​នេះ ត្រូវបាន​លេច​ឭ​ដំ​ណឺង​ថា ចាងហ្វាង​ថ្មី គឺ​លោក  Sivakumar S. Ganapathy មាន​ទំនាក់ទំនង​នឹង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ សំនួរ​នេះ​ត្រូវបាន​ចោទសួរ​ទៅកាន់​លោក Siva អំពី​គោលជំហរ​របស់គាត់ ក្នុង​ដឹកនាំ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​។​
 
​ឆ្លើយ​នឹង​សំនួរ​អ្នកកាសែត លោក Siva បាន​បដិសេធថា រដ្ឋាភិបាល​កម្ពុជា​មិនជា​ប់​ពាក់ព័ន្ធ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទេ ប៉ុន្តែ​ការទិញភ្នំពេញប៉ុស្តិ៍នេះ គឺជាការសម្រេចចិត្តរបស់លោក​ក្នុងនាម​ជា​សហគ្រិន ​ដាក់ទុន​វិនិយោគ​ទៅលើស្ថាប័នកាសែតមួយ ដែល​កំពុង​ប្រឈមមុខ​បិទទ្វា ។ ចាងហ្វាង​ថ្មី​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បានបញ្ជាក់​ដូច្នេះ​ថា​៖«  រដ្ឋាភិបាល​គ្មាន​ជាប់​ពាក់ព័ន្ធ​នោះទេ​។ ខ្ញុំ​មិនដឹងថា អ្នក​ចង់​មានន័យ​យ៉ាងដូចម្ដេច អំពី​រដ្ឋាភិបាល​នោះឡើយ​…​។ 

សំឡេង

 
​នៅពេល​អ្នកកាសែត​សួរ​អំពី​ជំហរ​ដឹកនាំ​កាសែត​ភ្នំពេញ​វិញ​លោក Siva ប្រកាសថា រាល់​ការចេញផ្សាយ​នោះ គឺ​ផ្អែកទៅលើ​អ្វី​ដែលជា​ការពិត​ប៉ុណ្ណោះ​។ «​ខ្ញុំ​ក៏​ជា​អ្នកកាសែត​ដែរ ។ ប៉ុន្តែ​ហេតុអ្វី​បានជា​យើង​ត្រូវ​ជ្រើស​រើសយក​ការសរសេរ​បែប​រិះគន់​នោះ​? សម្រាប់​ខ្ញុំ​ត្រូវ​ផ្អែកលើ​ការ​ពិត​។​ការងារ​របស់​យើង​គឺ​ផ្អែកលើ​ការ​ពិត និង​មានការ​ស្ថាបនា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក  Sivakumar S. Ganapathy​។​
ក្នុង​អត្ថបទ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ចេញផ្សាយ​ពី​ការលក់​ក្រុមហ៊ុន ទៅ​ឲ្យ​លោក Siva អ្នក​វិនិយោ​សញ្ជាតិ​ម៉ាឡេស៊ី​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន Asia Malaysia PR កន្លងមក បាន​រំលេច​ព័ត៌មាន​ថា ម្ចាស់​ថ្មី​នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នេះ មាន​ទំនាក់ទំនង​ជាមួយមន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។ អត្ថបទ​សរសេរ​ដោយ​អ្នកកាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពីររូប គឺ​លោក Brendan O'Byrne និង​លោក Ananth Baliga ។ តាមរយៈ​ការចុះផ្សាយ​អត្ថបទ​នេះ បាន​បង្ក​ផលប៉ះពាល់​ដល់​លោក កៃ គឹម​សុង និពន្ធ​នាយក​នៃ​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ដែលត្រូវបាន​ម្ចាស់​ក្រុមហ៊ុន​ថ្មី​នៃ Post Media​នេះ បណ្តេញ​ពី​ការងារ​កាលពី​ថ្ងៃទី​៧​ខែឧសភា ព្រមទាំង​បុគ្គលិក​ជាន់ខ្ពស់ ​ដែល​ភាគច្រើន​ជា​ជនបរទេស​ជាច្រើនរូប​ទៀតផង​ដែរ​។​
 
​សូមបញ្ជាក់ថា សារព័ត៌មាន Phnom Penh Post បាន​បង្កើតឡើង​ដោយ​ជនជាតិ​អាមេរិកាំង​លោក Michel Hayes កាលពី​ឆ្នាំ​១៩៩២​។ នៅ​ឆ្នាំ​២០០៨ កាសែត​ខាងលើនេះ​បាន​លក់​ឲ្យ​ទៅ​អ្នកជំនួញ​ជនជាតិ​អូស្ត្រាលី ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ជនជាតិ​អូ​ស្រា្ត​លី​ក៏​សម្រេចចិត្ត​លក់​កាសែត​ជូន​ឲ្យ​ទៅ​អ្នកវិនិយោគ​ជនជាតិ​ម៉ាឡេស៊ី​។ ការលក់​ភ្នំពេញ​ប៉ុស្តិ៍​ទៅ​ឲ្យ​អ្នកវិនិយោគ​ម៉ាឡេស៊ី​នេះ ត្រូវបាន​គេ​ដឹងថា ដោយសារ​ស្ថាប័នកាសែត​មួយ​នេះ ត្រូវ​ប្រឈមមុខ​នឹង​ការពិន័យ​ពន្ធ​មានតម្លៃ ៣.៩​លាន​ដុល្លារ និង​បញ្ហា​ក្តីក្ដាំ​ជា​មួយអតីត​បុគ្គលិក​ភ្នំពេញ​ប៉ុស្តិ៍ ដែល​ទារ​សំណង​២៦​ម៉ឺន​ដុល្លារ​៕
 
 

Tag:
 ភ្នំពេញ​ប៉ុស្តិ៍​
  Sivakuma
© រក្សាសិទ្ធិដោយ thmeythmey.com