ជាតិ
តម្លៃ​លិខិតឆ្លងដែន​ថ្មី​៖ ១៥​ថ្ងៃ​១០០​ដុល្លារ ៧​ថ្ងៃ​១៥០​ដុល្លារ រីឯ​១​ថ្ងៃ​២០០​ដុល្លារ​!
19, May 2018 , 6:00 pm        
រូបភាព
ដោយ: រួបរួម
​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បាន​ផ្សព្វផ្សាយ​ពី​ការកែប្រែ​រយៈពេល​នៃ​ការផ្តល់សេវា​លិខិតឆ្លងដែន​ធម្មតា​គំរូ​ថ្មី ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​៦ ខែមិថុនា ខាងមុខ​។​

 
​យោងតាម​សេចក្តីសម្រេច​រួម​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រយៈពេល​នៃ​ការផ្តល់​សេវាកម្ម​សម្រាប់​លិខិតឆ្លងដែន​ដែលមាន​សុពលភាព​១០​ឆ្នាំ ត្រូវបាន​កាត់បន្ថយ ឲ្យ​កាន់តែ​លឿន​ជាង​មុន​។​
 
​សម្រាប់​មនុស្ស​ចាស់ ការផ្តល់សេវា​ធម្មតា​ដែល​ពីមុន​ត្រូវ​រង់ចាំ​២០​ថ្ងៃ ក្នុងតម្លៃ​១០០​ដុល្លារ​អាមេរិក ត្រូវ​ថយ​មក​ត្រឹម​១៥​ថ្ងៃ​។ សេវា​ឆាប់រហ័ស​កម្រិត​មធ្យម បន្ថយ​ពី​១០ មក​៧​ថ្ងៃ ក្នុងតម្លៃ​១៥០​ដុល្លារ​អាមេរិក រីឯ​សេវា​ឆាប់រហ័ស មានតម្លៃ​២០០​ដុល្លារ​អាមេរិក​ដោយ​ប្រើ​រយៈពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ​។​
 
​សម្រាប់​លិខិតឆ្លងដែន​កូនក្មេង ដែលមាន​សុពលភាព​៥​ឆ្នាំ សេវាកម្ម​ធម្មតា​តម្លៃ​៨០​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​១៥​ថ្ងៃ តម្លៃ​១២០​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​៧​ថ្ងៃ និង​តម្លៃ​១៦០​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​១​ថ្ងៃ​។​
 
​ក្រៅពី​រាជធានី​ភ្នំពេញ សាខា​នាយកដ្ឋាន​លិខិតឆ្លងដែន​ប្រចាំខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​កោះកុង ក៏​ផ្តល់​សេវាកម្ម​ដូចគ្នា​ផងដែរ ប៉ុន្តែ​លើកលែង​ចំពោះ​ការផ្តល់​សេវាកម្ម​ឆាប់រហ័ស ដែល​ត្រូវ​ផ្តល់ជូន​ក្នុង​រយៈពេល​បី​ថ្ងៃ​យ៉ាងយូរ​៕
 
 
 

Tag:
 លិខិតឆ្លងដែន​
 ​សេវា​រដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com