អន្តរជាតិ
អាមេរិក៖ ខ្មាន់កាំភ្លើងវ័យ១៧ឆ្នាំបាញ់រះក្នុងថ្នាក់រៀន ស្លាប់អស់១០នាក់នៅរដ្ឋតិចសាស់ វិទ្យាល័យ Santa Fe ដែលមានហេតុការណ៍បាញ់រះ (រូបភាព AFP)
× នៅថ្ងៃទី១៨ ខែឧសភា ការបាញ់រះក្នុងសាលារៀនបានកើតជាថ្មីទៀតនៅសហរដ្ឋអាមេរិក។ ខ្មាន់កាំភ្លើងជាសិស្សសាលាវ័យ១៧ឆ្នាំ បានធ្វើសកម្មភាពបាញ់រះក្នុងបន្ទប់រៀនក្នុងវិទ្យាល័យមួយកន្លែងក្នុងរដ្ឋតិចសាស់ និងបានសម្លាប់មនុស្សអស់១០នាក់ និងជាច្រើននាក់ទៀតរងរបួស។ នេះជាការបាញ់រះក្នុងសាលារៀនដែលធ្វើឲ្យបាត់បង់ជីវិតច្រើនទីពីរ បន្ទាប់ពីការបាញ់ប្រហារស្រដៀងគ្នានេះនៅឯរដ្ឋផ្លរីដាកាលពីខែកុម្ភៈកន្លងទៅ។
សិស្សចំនួន៩នាក់ និងគ្រូបង្រៀនម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់រះនៅវិទ្យាល័យ Santa Fe ក្នុងរដ្ឋតិចសាស់។ មន្ត្រីប៉ូលិសអាមេរិកបានចាប់ខ្លួនជនដៃដល់មានឈ្មោះ Dimitrios Pagourtzis វ័យ១៧ឆ្នាំ និងជាសិស្សសាលានេះផង។ ជនដៃដល់បានកាន់កាំភ្លើងខ្លីពីរដើម និងបាញ់រះក្នុងថ្នាក់រៀនសិល្បៈរបស់វិទ្យាល័យនេះនៅព្រឹកថ្ងៃទី១៨ ខែឧសភា (ម៉ោងនៅរដ្ឋតិចសាស់)។ ការជម្លៀសត្រូវបានធ្វើឡើងភ្លាមៗក្រោយហេតុការណ៍នេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP មនុស្ស១០នាក់ទៀតបានរងរបួស ដែលភាគច្រើនជាសិស្សសាលា និងមានមន្ត្រីប៉ូលិសម្នាក់ផង។ ក្នុងគ្រាកើតហេតុ សិស្សសាលាបានរត់សំដៅទីធ្លាសាលា ក៏ដូចជាផ្ទះ និងហាងនៅក្បែរសាលាដើម្បីការពារសុវត្ថិភាព។ ប៉ូលិសបញ្ជាក់ថា កាំភ្លើងទាំងពីរដើមដែលជនឈ្មោះ Pagourtzis ប្រើប្រាស់នោះ ជារបស់ឪពុករបស់គេ និងបានលាក់ក្នុងអាវក្រៅមុននឹងរូបគេធ្វើសកម្មភាពបាញ់ប្រហារ។
អភិបាលរដ្ឋតិចសាស់ Greg Abbott និយាយថា ប៉ូលិសបានចូលឆែកឆេរអាគារពីរកន្លែង និងបានរកឃើញគ្រឿងផ្ទុះជាច្រើនប្រភេទផ្សេងគ្នារាប់ទាំងគ្រឿងផ្ទុះផ្សំពីដបផង។ អភិបាលរដ្ឋរូបនេះបន្ថែមថា យោងតាមសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ជនដៃដល់មានបំណងធ្វើអត្តឃាត ប៉ុន្តែសម្រេចចិត្តបោះបង់បំណងនេះវិញ។ ជាមួយគ្នានេះ គេក៏រកមិនឃើញសញ្ញាព្រមានអ្វីដែរ ក្រៅពីសារលើ Facebook ដែលមានរូបអាវមានអត្ថន័យថា កើតមកដើម្បីសម្លាប់ (Born to Kill)។
បន្ទាប់ពីហេតុការណ៍បាញ់រះនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានចេញមកបង្ហាញការសោកស្ដាយចំពោះការបាត់បង់ជីវិតសិស្សសាលាវ័យក្មេងជាច្រើននាក់។ លោក ត្រាំ ក៏បានបញ្ជាឲ្យមានការទម្លាក់ទង់ជាតិត្រឹមពាក់កណ្ដាលដងនៅតាមអាគារសាធារណៈទាំងអស់។ ប្រធានាធិបតីអាមេរិករូបនេះក៏ប្រការការតាំងចិត្តការពារសិស្សសាលា និងធ្វើគ្របយ៉ាងដើម្បីថា កាំភ្លើងនឹងមិនស្ថិតក្នុងដៃជនដែលបង្កការគំរាមដល់សិស្ស និងផ្សេងឡើយ។
នេះជាការបាញ់រះលើកទីពីរហើយ បន្ទាប់ពីហេតុការណ៍បាញ់រះនៅក្នុងសាលារៀនៅរដ្ឋផ្លរីដា។ ក្រោយហេតុការណ៍នោះ សិស្សសាលាវ័យក្មេងនៅទូទាំងអាមេរិកបានតវ៉ា និងទាមទារឲ្យមានការរឹតបន្តឹងច្បាប់គ្រប់គ្រងអាវុធ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដដែលបែបនេះ។ យ៉ាងណាមិញ រដ្ឋបាលលោក ត្រាំ ហាក់មិនអើពើនឹងទាមទារនេះឡើយ ហើយក៏មិនបានចាត់វិធានការរឹតបន្តឹងកម្មសិទ្ធិអាវុធដែរ៕
Tag:
អាមេរិក
Texas
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com