FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Pepe និង Alves នៅតែ​ជាប់​ជម្រើស​២៣​នាក់​របស់​ព័រ​ទុយ​ហ្គា​ល់ ខណៈ Eder បាត់ឈ្មោះ
19, May 2018 , 11:44 am        
រូបភាព
Eder ដែលស៊ុតបញ្ចូលទីឲ្យព័រទុយហ្គាល់ឈ្នះបារាំងលើកពាន Euro 2016
Eder ដែលស៊ុតបញ្ចូលទីឲ្យព័រទុយហ្គាល់ឈ្នះបារាំងលើកពាន Euro 2016
​សមាជិក​កីឡាករ​១០​រូប​ដែល​បាន​ជួយ​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​លើក​ពាន Euro ឆ្នាំ​២០១៦ មិន​ស្ថិតក្នុង​ជម្រើស​ទាំង​២៣​នាក់​របស់​គ្រូបង្វឹក​លោក Fernando Santos ដើម្បី​ធ្វើដំណើរ​ទៅ​រុស្ស៊ី​ប្រជែង​ពានរង្វាន់ FIFA World Cup ឡើយ​។ ក្នុងនោះ Eder ដែលជា​ម្ចាស់​គ្រាប់​បាល់​យកឈ្នះ​ម្ចាស់ផ្ទះ​បារាំង​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក៏​គ្មាន​ឈ្មោះ​ដែរ​។​

 
​ព័រ​ទុយ​ហ្គា​ល់​បានប្រកាស​សមាសភាព​២៣​នាក់​ទៅកាន់​ការប្រកួត​ពានរ​ង្វាន់​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​២២​រួចរាល់​ហើយ ដែល​ក្នុងនោះ​ខ្សែការពារ​ចាស់វស្សា​ពីររូប​រួមមាន Pepe ដែលមាន​វ័យ​៣៥​ឆ្នាំ និង Bruno Alves វ័យ​៣៦​ឆ្នាំ​ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​ទៅ​រុស្ស៊ី​ខែក្រោយ​នេះ​។​



​ដោយឡែក កីឡាករ​សំខាន់ៗ​មួយចំនួន​ដូចជា Luis Nani, Andre Gomes, Renato Sanches, Eder និង Eliseu មិន​ស្ថិតក្នុង​ជម្រើស​របស់លោក Fernando Santos ឡើយ​។​
​លោក Santos បាន​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖«​ពិតជា​លំបាក​ណាស់​ក្នុងការ​ជ្រើស​រើសយក​កីឡា ២៣ រូប​។ ក្នុងនាម​ជា​អ្នកជំនាញ​ខ្ញុំ​ត្រូវតែមាន​ការសម្រេចចិត្ត​មួយ ហើយ​ខ្ញុំ​ដឹងថា​ការសម្រេច​នេះ នឹងមិន​ពេញចិត្ត​ពី​អ្នក​រាល់គ្នា​ឡើយ​»​។​
 
​ព័រ​ទុយ​ហ្គា​ល់​ដែលមាន​កីឡាករ​ឆ្នើម Cristiano Ronaldo ស្ថិតក្នុង​ពូ​ល B ត្រូវ​ជួប​ម្ចាស់​ជើងឯក​ឆ្នាំ ២០១០ អេ​ស្ប៉ា​ញ រួមជាមួយ​អ៊ីរ៉ង់ និង​ម៉ា​រុក​។ ការប្រកួត​ដំបូង​របស់​ពួកគេ នឹងត្រូវ​ជួប​អេ​ស្ប៉ា​ញ​នៅ​ថ្ងៃទី​១៦ ខែមិថុនា វេលា​ម៉ោង ១​រំលង​អា​ធ្រា​ត​(​ម៉ោង​នៅ​កម្ពុជា​)​។​
 
​សមាសភាព​ទាំង​២៣​នាក់​របស់​ព័រ​ទុយ​ហ្គា​ល់​ទៅ World Cup នៅ​រុស្ស៊ី​រួមមាន​៖
-​អ្នកចាំទី​៖ Anthony Lopes (Olympique Lyonnais), Beto (Goztepe), Rui Patricio (Sporting) 
-​ខ្សែការពារ​៖ Bruno Alves (Rangers), Cedric Soares (Southampton), Jose Fonte (Dalian Yifang), Mario Rui (Napoli), Pepe (Besiktas), Raphael Guerreiro (Borussia Dortmund), Ricardo Pereira (Porto), Ruben Dias (Benfica) 
-​ខ្សែបម្រើ​៖ Adrien Silva (Leicester), Bruno Fernandes (Sporting), Joao Mario (West Ham United), Joao Moutinho (AS Monaco), Manuel Fernandes (Lokomotiv Moscow), William Carvalho (Sporting) 
-​ខ្សែប្រយុទ្ធ​៖ Andre Silva (Milan), Bernardo Silva (Manchester City), Cristiano Ronaldo (Real Madrid), Gelson Martins (Sporting), Goncalo Guedes (Valencia), Ricardo Quaresma (Besiktas)៕
 

Tag:
 បាល់ទាត់​
  ព័រ​ទុយ​ហ្គា​ល់​
  FIFA World Cup
 GroupB
© រក្សាសិទ្ធិដោយ thmeythmey.com