កីឡាជាតិ
ជាតិ
ទ័ព បង្ហាញ​ក្តីកង្វល់​ចំពោះ​អវត្តមាន​កីឡាករ​បរទេស ឯ​វិសាខា​អះអាង​ត្រៀមខ្លួន​រួចរាល់​
19, May 2018 , 12:24 pm        
រូបភាព
ដោយ:
​អវត្តមាន​កីឡាករ​បរទេស​ជាមួយ​ក្រសួងការពារជាតិ បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​គ្រូបង្វឹក ភា សុ​ភ័​ក្ត្រា ក្នុងការ​តទល់​ជាមួយ​ក្រុម​ចំណូល​ថ្មី​វិសាខា សម្រាប់​ជំនួប​សប្តាហ៍​ទី​៦​នៃ​លី​គ​កំពូល​កម្ពុជា នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១៩ ឧសភា​នេះ​។ ចំណែក លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​ក្រុម​វិសាខា​បាន​អះអាងថា ក្រុម​លោក​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ទាំង​ទម្រង់​ប្រយុទ្ធ និង​កីឡាករ​

។ 
 
​លោក ភា សុ​ភ័​ក្ត្រា គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ ហាក់​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​អវត្តមាន​កីឡាករ​បរទេស​សម្រាប់​ជំនួប​តទល់​ជាមួយ​ក្រុម​វិសាខា​។ នា​ជំនួប​សប្តាហ៍​ទី​៦​នៃ​លី​គ​កំពូល​កម្ពុជា នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​រសៀល​នេះ ក្រសួងការពារជាតិ​នៅសល់​កីឡាករ​បរទេស​ជនជាតិ​កូរ៉េខាងត្បូង​តែ​ពីររូប​ប៉ុណ្ណោះ គឺ​ខ្សែប្រយុទ្ធ Na Hyo-sang និង​ខ្សែបម្រើ Song Chi-hun​។ 
 
​ការប្រើប្រាស់​កីឡាករ​បរទេស​តែ​ពីររូប​នៅលើ​ទីលាន​នេះ បន្ទាប់ពី​ខ្សែការពារ​កូរ៉េខាងត្បូង Yoo Jae-ho មាន​ជំងឺ និង​ខ្សែបម្រើ​ជប៉ុន Yudai Ogawa ជាប់​ពិន័យ​ក្រោយ​ទទួលបាន​កាត​លឿន​ចំនួន​៣ មិនអាច​ចូលរួមបាន​។ ហើយ​កាលពីពេល​ថ្មីៗ​ក្រុម​នេះ​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​ជប៉ុន  Daiki Matsumoto ថែម​ទៀតផង​។​


 
​គ្រូបង្វឹក​កម្រិត A រូបនេះ​បាន​អះអាងថា លោក​នឹង​ប្រើប្រាស់​ធនធាន​កីឡាករ​កម្ពុជា ដើម្បី​ជំនួស​តួនាទី​កីឡាករ​បរទេស​ទាំងនេះ ក្នុងការ​តទល់​ជាមួយ​វិសាខា ជា​ជំនួប​ដែល​ទ័ព​ទន្ទឹងរង់ចាំ​ជា​យូរ​មួយ​នេះ​។ ទន្ទឹងរង់ចាំ ដោយសារ​កាលពីមុន​បើក​រដូវ​កាល​ថ្មី​ក្លិប​វិសាខា​បាន​ទាក់ទាញ​កីឡាករ​បរទេស​ជនជាតិ​កូរ៉េខាងជើង​ចំនួន​៤​រូប​ពី​ក្រុម​ក្រសួងការពារជាតិ​។ ត្រង់ចំណុច​នេះហើយ ដែល​គ្រូ​ទ័ព ចាត់ទុក​វិសាខា​ជា​ក្រុម​មាន​បទពិសោធ​ខ្ពស់ មិន​ខ្ចី​ដូច​គេ​ថា ជា​ក្រុម​ចំណូល​ថ្មី​។ 
 
​ទោះបី​មិនមាន​វត្តមាន​កីឡាករ​បរទេស​គ្រប់គ្រាន់​ក៏ដោយ តែ​លោក ភា សុ​ភ័​ក្ត្រា បាន​អះអាងថា ក្រុម​លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​តទល់​ជាមួយ​ក្រុម​ចំណូល​ថ្មី​មួយ​នេះ​។ នៅពេល​សួរថា តើ​កីឡាករ​កូរ៉េខាងជើង​ដែល​ចេញពី​ទ័ព​ទៅ​ចូលរួម​ជាមួយ​វិសាខា​អាចជា​ឧបសគ្គ​សម្រាប់​ទ័ព​ដែរ​ទេ​? លោក សុ​ភ័​ក្ត្រា អះអាងថា មិនជា​បញ្ហា​នោះទេ លោក​មាន​វិធីសាស្ត្រ​ការពារ​រួចហើយ ព្រោះ​លោក​ធ្លាប់​រស់នៅ​ជាមួយ​ពួកគេ​។​
 
​ជាមួយគ្នានេះ លោក ហុក សុ​ជី​វ័​ន្ត គ្រូបង្វឹក​ក្រុម​វិសាខា ក៏​អះអាង​ពី​ត្រៀមខ្លួន​បានល្អ​មិន​ខុសពី​គ្រូ​ទ័ព​ឡើយ​។ ហើយ​លោក​បាន​អះអាងថា ក្រុម​លោក​មិន​បញ្ហា​រឿង​កីឡាករ​ដូច​ទ័ព​នោះទេ ពោលគឺ​កូនក្រុម​លោក​នៅ​ពេញ​ជើង​ទាំងអស់​។ «​យើង​បាន​ត្រៀម​រួចរាល់​សម្រាប់​ការប្រកួត​តតាំង​ជាមួយ​ក្រសួង​ការពារ​ជាត​នៅ​រសៀល​នេះ ព្រោះ​លី​គ​យើង​បាន​សម្រាក​ពីរ​សប្តាហ៍ ធ្វើ​ឲ្យ​យើង​មាន​ពេល​គ្រប់គ្រាន់​ក្នុងការ​ពង្រឹងសមត្ថភាព​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហុក សុ​ជី​វ័​ន្ត​។​
 
​តែ​តាមរយៈ​បទពិសោធន៍​លេង​ក្នុង​ក្របខណ្ឌ​កំពូល​កម្ពុជារ​បស់ទ័ព បាន​ក្លាយជា​ក្តីកង្វល់​ផងដែរ​សម្រាប់​វិសាខា​។ លោក សុ​ជី​វ័​ន្ត បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​បើ​និយាយ​ពី​ការប្រៀបធៀប គឺ​កីឡាករ​របស់​ក្រសួងការពារជាតិ​គេ​លេង​ជាមួយគ្នា​យូរ​មកហើយ ដូច្នេះ​គ្រូបង្វឹក​ស្រួល​ក្នុង​ការរៀបចំ និង​ដាក់​កីឡាករ​ឲ្យ​លេង​។ ប៉ុន្តែ​សម្រាប់​យើង វា​ជា​ឆ្នាំ​ដំបូង ដូច្នេះ​យើង​មិនអាច​ប្រើ​រយៈពេល​ខ្លី ដើម្បី​រៀបចំ​កីឡាករ​ឲ្យ​ល្អ​នោះទេ ហើយ​យើង​ក៏​មិនអាច​ឲ្យ​កីឡាករ​យល់ចិត្ត​គ្នា​ភ្លាមៗ​នោះដែរ​»​។ 
 
​ក្រុម​វិសាខា​នឹង​បើកទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​ស្វាគមន៍​ក្រុម​ក្រសួងការពារជាតិ សម្រាប់​ជំនួប​សប្តាហ៍​ទី​៦​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១៩ ឧសភា​នេះ ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប​ស្វាគមន៍​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​៕    

Tag:
 Cambodian League 2018
  ភា សុភ​ក្ត្រា​
  ហុក សុ​ជី​វ័​ន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com