ជាតិ
អត្ថបទពាណិជ្ជកម្ម
អាជ្ញាធរខេត្ត​ព្រះសីហនុ រួម​ដៃ​ជាមួយ​ក្រសួងបរិស្ថាន ចាត់វិធានការ​ក្តៅ​លើ​បញ្ហា​សំរាម​
19, May 2018 , 2:39 pm        
រូបភាព
​ក្រុងព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ប្រតិភូ​ក្រសួងបរិស្ថាន បាន​បើក​កិច្ចប្រជុំ​ពិភាក្សា ស្ដីពី​ការគ្រប់គ្រង​កាកសំណល់​រឹង រាវ​នៅ​ទីប្រជុំជន កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា នៅ​សាលាខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​បញ្ហា​ប្រឈម​នានា និង​ពិភាក្សា​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំរាម​ក្នុង​ក្រុង ស្រប​ពេលដែល​ខេត្ត​មួយ​នេះ កំពុងមាន​សន្ទុះ​នៃ​ការរីកចម្រើន​ខ្លាំង​។
 
​កិច្ចប្រជុំ​ពិភាក្សា​នេះ ធ្វើឡើង​ដើម្បី​ប្រមូល​បញ្ហា​ប្រឈម ដែល​កំពុងតែ​កើតមាន ទាក់ទិន​នឹង​បញ្ហា​សំរាម សំណល់​រឹង រាវ ក៏ដូចជា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យ​កាន់តែ​ប្រសើរឡើង ក្នុងការ​គ្រប់គ្រង​កាកសំណល់​រឹង រាវ នៅតាម​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ​។ ជាពិសេស​កាកសំណល់ ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ ដែល​នៅជាប​ញ្ហា​ប្រឈម​ខ្លាំង​ដែល​ត្រូវ​ដោះស្រាយ​នោះ​។ 


 
​ស្រប​ពេលដែល​ខេត្ត​ព្រះសីហនុ​កំពុងមាន​សន្ទុះ​អភិវឌ្ឍ​លឿន​នោះ កាកសំណល់​រឹង រាវ​ក៏មាន​កំណើន​កើនឡើង​ផងដែរ​។ នេះ​ជា​បញ្ហា​មួយ​ដែល​រដ្ឋបាលខេត្ត​ព្រះ​ស​ហី​នុ កំពុង​យកចិត្តទុកដាក់ និង​គិតគូរ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​នេះ ក្លាយជា​តំបន់​ទេសចរណ៍​ប្រកបដោយ​សោភ័ណភាព បរិស្ថាន​ល្អ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ​ផងដែរ​។ ជាក់ស្ដែង រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អនុវត្ត និង​បន្ត​អនុវត្តន៍​វិធានការ និង​ដំណោះស្រាយ​នានា ទាក់ទិន​ទៅនឹង​បញ្ហា​កាកសំណល់​រឹង រាវ​ក្នុង​ខេត្ត​។ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​កាយ​សំរាម នៅតាម​អូរ និង​ប្រឡាយ​នានា ក៏ដូចជា​ការសម្អាត​សំរាម​តាម​តំបន់​នានា ក្នុង​ក្រុងព្រះសីហនុ​ផងដែរ​។ 


 
​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​AKP បាន​ស្រង់​សម្តី​លោក ហេង ប៉េង​ហាក់ តំណាង​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM ដោយ​លោក​លើកឡើងថា សំរាម​នៅ​ក្រុងព្រះសីហនុ មានការ​កើនឡើង​ពី​១៧០​តោន ក្នុង​មួយថ្ងៃ នៅ​ឆ្នាំ​២០១៧ រហូតដល់​៣០០​តោន ក្នុង​មួយថ្ងៃ​ក្នុង​ឆ្នាំ​២០១៨​នេះ ហើយពី​មួយខែ​ទៅមួយ​ខែ សំរាម​បាន​កើន​ឡើងជា​លំដាប់​។ លោក ហេង ប៉េង​ហាក់ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​ផងដែរ គឺ​ផ្លូវ​ចូលទៅ​ទីលាន​ចាក់សំរាម រអិល ដែល​នាំ​ឲ្យ​ពិបាក ដឹកជញ្ជូន​សំរាម​នៅ​រដូវវស្សា ហើយ​លោក​បាន​ស្នើសុំ​ឲ្យ​អ្នកពាក់ព័ន្ធ​ជួយ​សម្រួល​បញ្ហា​ផ្លូវ​រអិល​នេះ​ផងដែរ ៕





© រក្សាសិទ្ធិដោយ thmeythmey.com