ជាតិ
សេដ្ឋកិច្ច
អាជីវករ​ផ្សារ​៦០​ម៉ែត្រ លក់ដូរ​មិន​កាក់កប​ប៉ុន្មាន​ទេ ក្នុង​ខែវស្សា​នេះ​
20, May 2018 , 10:00 am        
រូបភាព
​សៀមរាប​៖ ក្រុមអាជីវករ​លក់​នៅ​លើផ្លូវ​៦០​ម៉ែត្រ ឬ​តំបន់​អង្គរ​ឃ្យុ​ង​យូ បាន​រអ៊ូរទាំ ជុំវិញ​ការលក់ដូរ​របស់​ពួកគេ ខណៈ​រដូវវស្សា​នេះ ការលក់ដូរ​ហាក់​មិនសូវ​ជាប់លាប់​សោះ​។ ពេល​មាន​ខ្យល់ និង​ភ្លៀង​ម្ដងៗ ធ្វើឱ្យ​ក្រុមអាជីវករ ដែល​កំពុង​លក់​នៅលើ​ផ្លូវ​៦០​ម៉ែត្រ​មានការ​លំបាក ដោយ​ត្រូវ​រួសរាន់​រើ​អីវ៉ាន់ ដើម្បី​ក​ឲ្យ​ភ្លៀង​ទទឹក​។

  
 
​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប ឬ​អ្នក​មកពី​ចម្ងាយ​ខ្លះ អាច​នឹង​ស្គាល់​ច្បាស់​ផ្សារ​៦០​ម៉ែត្រ ឬ​ខ្លះ​និយម​ហៅ​ផ្សារ​ឃ្យុ​ង​យូ​។ ផ្សារ​នេះ ដើមឡើយ​គ្រាន់​តែមាន​ការលក់​នៅតាម​រទេះ​ចល័ត​តូចៗ ហើយ​មាន​អ្នកលក់​មិនសូវ​ច្រើន​ទេ​។  
 
​ដោយសារ​កំណើន​សំណង់​អគារ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ផ្លូវ​៦០​ម៉ែត្រ​ប្រែ​ពី​ផ្លូវ​ស្ងាត់ មកជា​មាន​ចរាចរណ៍​មមាញឹក ទាំងយប់​ទាំង​ថ្ងៃ​។ កំណើន​នៃ​ការលក់ដូរ​នៅទីនេះ ក៏មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​ផងដែរ​។ ក្រោយមក ទីនេះ​ក៏បាន​ក្លាយជា​ផ្សារ​រាត្រី​មួយ​ដ៏​ពេញនិយម សម្រាប់​ពលរដ្ឋ​ខេត្តសៀមរាប និង​ភ្ញៀវទេសចរ​។​
 
​បើក​លក់​ជា​រៀងរាល់​ពេល​រសៀល ដល់​យប់​ជ្រៅ ផ្សារ​៦០​ម៉ែត្រ បាន​ទាក់ទាញ​ភ្ញៀវ​ចម្រុះ ទាំង​ខ្មែរ និង​បរទេស​។ ទំនិញ​ដែលមាន​លក់​នៅ​ផ្សារ​នេះ រួមមាន​សម្លៀកបំពាក់ ខោអាវ កាបូប គ្រឿងសំអាង អាហារ​ផ្សេងៗ ពិសេស​គឺ​សង្វាក់ បាញ់ឆែវ នំគ្រក់ ដែលជា​អាហារ​ដ៏​ពេញនិយម​នៅទីនេះ​។​
 
​យ៉ាងណាក៏ដោយ នៅ​រដូវវស្សា​នេះ​មិនបាន​បង្ក​ភាពងាយស្រួល ដល់​ការលក់ដូរ​នៅ​ផ្សារ​៦០​ម៉ែត្រ ដែល​គ្មាន​ដំបូល​នោះឡើយ​។ ខែវស្សា​នេះ គឺ​ខ្សត់​ទាំង​អ្នកលក់ និង​អ្នកទិញ​។ អាជីវករ​ខ្លះ ប្រឹង​ដំឡើង​តូប​លក់ ទោះ​ដឹងថា​វា​អាច​រំខាន​ដោយ​ភ្លៀង និង​ខ្យល់​យ៉ាងណាក្ដី​។ ខ្លះទៀត ក៏​មិនបាន​ស៊ូទ្រាំ ចំពោះ​បាតុភូតធម្មជាតិ​នេះដែរ​។​
 
​អាជីវ​ករលក់​ខោអាវ​កីឡា លោក ទើ បាន​ចាប់​លក់ដូរ​នៅ​ផ្សារ​៦០​ម៉ែត្រ រយៈពេល​ឆ្នាំ​មកហើយ​។ តូប​របស់លោក ទើ មាន​ទំហំ​៦​ម៉ែត្រ ដូច្នេះ​លោក​ត្រូវ​ប្រើពេល​កន្លះ​ម៉ោង សម្រាប់​ដំឡើង​តូប និង​កន្លះ​ម៉ោង នៅពេល​រើ​តូប​វិញ​។ លោក​លើកឡើងថា លោក​ចាប់ផ្តើម​លក់​ពី​ម៉ោង ២​រសៀល ទៅ​ម៉ោង​១០​យប់ ហើយ​សម្រាប់​ខែវស្សា​នេះ ការលក់ដូរ​របស់លោក មិនសូវ​កាក់កប​ទេ គឺ​ថ្ងៃ​ខ្លះ​ត្រូវ​ទឹកភ្លៀង​សើម ក៏មាន​ប្រសិន​ណា​រើ​មិនទាន់​នោះ​។ 
 
​ស្រដៀង​គ្នា​នេះ លោក ភិ​រុណ អាជីវ​ករលក់​កាបូប​នោះ​វិញ ក៏​បង្ហាញ​អារម្មណ៍​លំបាក​ផងដែរ ជាមួយនឹង​ការលក់ដូរ​ក្នុង​រដូវវស្សា នៅលើ​ផ្សារ​ដែល​គ្មាន​ដំបូល​នេះ​។ លោក ភិ​រុណ​ថា ការលក់ដូរ​របស់លោក ត្រូវ​មើល​មេឃ ថ្ងៃ​ណា​ដែល​មេឃ​មិនសូវ​ល្អ នោះ​លោក​មិន​បើក​លក់​ទេ​។​
 
​យ៉ាងណាក៏ដោយ ភ្លៀង​មិនមែនជា​ឧបសគ្គ​នៃ​ការលក់ដូរ របស់​ក្រុមអាជីវករ​ទាំងនេះ​ឡើយ​។ ហេតុផល​ព្រោះថា សកម្មភាព​លក់ដូរ​នៅ​ផ្លូវ​៦០​ម៉ែត្រ នៅតែ​មមាញឹក​គួរសម ទើប​បង្ខំ​ឱ្យ​អ្នកលក់ មិន​ដាច់ចិត្ត​ចោល​អតិថិជន​របស់ខ្លួន​បែបនេះ​។ លោក ទើ បានឱ្យដឹងថា​៖« ពិបាក​មែន តែ​ទីនេះ​លក់ដាច់​ជាង​ទីផ្សារ​ផ្សេងៗ ព្រោះ​សម្បូរ​មនុស្ស​ដើរ​ច្រើន​។ ក្នុង​ថ្ងៃ​ខ្លះ ខ្ញុំ​អាច​លក់បាន ១៥០ ទៅ​២០០​ដុល្លារ នេះ​សម្រាប់​ថ្ងៃ​បុណ្យទាន​។ ឯ​ថ្ងៃ​ធម្មតា​បាន ១០​ម៉ឺន ១៥​ម៉ឺន មិន​ទៀង​»​។ 
 
​ចំណែក​លោក ភិ​រុណ វិញ ក៏បាន​លើកឡើង​ស្រដៀង​គ្នា​នេះ​ថា​៖« ពេល​ភ្លៀង​មក យើង​ប្រញាប់​គ្រប​ភ្លាម ខ្លះ​សើម​ដែរ បើ​គ្រប​អត់​ទាន់​។ នៅទីនេះ​លក់ដាច់​តាម​ពេល ដូច​បុណ្យទាន លក់ដាច់​កាបូប​ដាក់​ខោអាវ​។ ពេល​ជិត​ចូលរៀន លក់ដាច់​កាបូប​សាលា​កូនក្មេង​ទៅ​»​។​
 
​ជាមួយនឹង​វត្តមាន​សារមន្ទីរ​សព្វ​ទស្ស​អង្គរ និង​គ្រឹះស្ថាន​អង្គរ បានធ្វើឱ្យ​ផ្សារ​ផ្លូវ​៦០​ម៉ែត្រ កាន់​តែមាន​សភាព​អ៊ូអរ​។ រៀងរាល់​ពេល​រសៀល ចាប់ពី​ម៉ោង ៤​តទៅ គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ដែល​ភាគច្រើន​ជា​ជនជាតិ​ចិន បាន​ចំណាយ​ពេលវេលា​ដើរ​ទស្សនា និង​ទិញ​របស់របរ​នៅ​ផ្សារ​នេះ ពិសេស​នោះ គឺ​ពួកគេ​ចូលចិត្ត​ទិញ​ផ្លែឈើ និង​នំចំណី​អាហារ​៕

Tag:
 ផ្សារ​៦០​ម៉ែត្រ​
 ​លក់ដូរ​
 ​អាជីវករ​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com