ស្ថិតនៅក្នុងភូមិត្រពាំងទូង សង្កាត់បន្សាយរាក់ ក្រុងសំរោង រមណីយដ្ឋានធម្មជាតិ «រលុះធំ» លើផ្ទៃដី៤គីឡូម៉ែត្រការ៉េ បានក្លាយជាគោលដៅទេសចរណ៍ថ្មីមួយទៀត នៅខេត្តឧត្តរមានជ័យ ដែលជាប់ព្រំដែនថៃ។ សម្រស់ «រលុះធំ» បានទាក់ទាញទេសចរជាច្រើន ជាពិសេសពលរដ្ឋនៅក្នុងខេត្ត និងបណ្តាខេត្តជិតខាង។
«ព្រឹទ្ធាចារ្យពីររូប បានស្នើសុំអាជ្ញាធរ ដាក់បញ្ចូលរមណីយដ្ឋាននេះ ជាប្រភេទរមណីយដ្ឋានថ្នាក់ខេត្ត តាំងពីឆ្នាំ២០១៤មក»។ នេះជាការអះអាងរបស់អ្នកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ។
អ្នកស្រី មុន្នីរស្មី បានថ្លែងសារព័ត៌មាន ThmeyThmey ថា កន្លងមក ពលរដ្ឋធ្វើដំណើរទៅមកហួស ដោយសារផ្លូវមានស្ថានភាពពិបាក។ ក្រោយមក ក្រុមហ៊ុនមួយរបស់ចិន បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ធ្វើផ្លូវកៅស៊ូ ដោយពុះកាត់ ចំកណ្តាលតំបន់ រលុះធំ ដែលបានធ្វើឲ្យអ្នកដំណើរមានការចាប់អារម្មណ៍ ចូលទៅទស្សនាច្រើន។
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានបន្ថែមថា បច្ចុប្បន្ន រមណីយដ្ឋានធម្មជាតិរលុះធំ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយផងដែរនៅក្នុងខេត្ត ក្រៅពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សារមន្ទីរផ្ទះតាម៉ុក និង ប្រាសាទតាមាន់-តាក្របី ជាដើម។
លោក អ៊ូ សុខសាន្ត គ្រូបង្រៀនម្នាក់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលធ្លាប់បម្រើការនៅខេត្តឧត្តរមានជ័យ សំដែងការរីករាយចំពោះអាជ្ញាធរខេត្ត ដែលបានរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដូចជាការលើកស្លាកសម្គាល់តំបន់ទេសចរណ៍ដីរលុះធំ ការរៀបចំសណ្តាប់ធ្នាប់ ការថែរក្សាបរិស្ថាន និងអនាម័យ។
លោក សុខសាន្ត បានកត់សម្គាល់ថា ទេសចរដែលទៅកម្សាន្តនៅទីនោះ សុទ្ធតែនាំគ្នាសរសើរពីភាពស្រស់ស្អាត និងទាក់ទាញ។ «ពិតជាប្លែកភ្នែក ហើយនេះគឺជារមណីដ្ឋានធម្មជាតិ ដែលមិនធ្លាប់មានពីមុនមក»។ គាត់បានបន្ថែមយ៉ាងដូច្នេះ ហើយបានស្នើទៅអាជ្ញាធរឲ្យយកចិត្តទុកដាក់ផងដែរចំពោះប្រាសាទខ្នារ រមណីយដ្ឋានប្រវត្តិសាស្ត្រមួយដែលនៅមិនឆ្ងាយពីនោះ។
នារយៈពេល៣ថ្ងៃ នៃឱកាសបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទេសចរជាង៥០០០នាក់ បានទៅទស្សនារមណីយដ្ឋានរលុះធំ ដែលក្នុងនោះមានបរទេសប្រមាណ៣០នាក់ផងដែរ។
បើតាមការបញ្ជាក់របស់អ្នកស្រី ធិននី មុន្នីរស្មី អាជ្ញាធរ និងស្ថាប័នជំនាញ កំពុងស្វែងរកអ្នកជំនាញ សិក្សាស្រាវជ្រាវ ពីតំបន់ធម្មជាតិដីរលុះនេះ ដើម្បីអភិវឌ្ឍន៍ និងអភិរក្សវាឲ្យក្លាយជាតំបន់មានសក្កានុពលមួយ ប្រកបដោយភាពយូរអង្វែង ៕