កីឡាអន្តរជាតិ
អន្តរជាតិ
Buffon ចាកចេញពី Juventus ដែលបានប្រកបអាជីព១៧ឆ្នាំ ទាំងខ្សឹកខ្សួល
19, May 2018 , 11:53 pm        
រូបភាព
Buffon ថើបពាន Serie A ដែលខ្លួនទទួលបានជាលើកទី៩ជាមួយ Juventus។ រូបថត AFP
Buffon ថើបពាន Serie A ដែលខ្លួនទទួលបានជាលើកទី៩ជាមួយ Juventus។ រូបថត AFP
ដោយ: ថ្មីៗ
Gianluigi Buffon បានបញ្ចប់​អាជីព​រយៈពេល​១៧​ឆ្នាំ​ជាមួយ​ក្លិប Juventus បន្ទាប់ពី​ក្លិប​សេះបង្កង់​លើក​ពាន Serie A ៧​ឆ្នាំ​ជាប់ៗ​គ្នា​។ អ្នកចាំទី​វ័យ​៤០​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​ចុងក្រោយ​នា​ជ័យជម្នះ ២-១ លើ​ក្រុម Verona​។​



Buffon ប្តូរ​ចេញ​បន្ទាប់ពី​បាន​លេង​អស់​រយៈពេល​១​ម៉ោង​។ គេ​បាន​ដើរ​លា​មិត្ត​រួម​ក្រុម​ទាំងអស់​របស់ខ្លួន​ជាមួយនឹង​ទឹកភ្នែក​រលីងរលោង​។ ក្រុម​អ្នកគាំទ្រ ក៏បាន​នាំគ្នា​សម្តែង​ការអបអរសាទរ លាយឡំ​ជាមួយនឹង​ភាព​ខ្សឹកខ្សួល​ផងដែរ​។​

Buffon បាន​ចូលរួម​ជាមួយ Juventus ក្រោយ​ផ្ទេរ​ពី Parma ក្នុង​ឆ្នាំ​២០០១ ក្នុងតម្លៃ ២២.៣​លាន​ផោន​។ ជាមួយ​សេះបង្កង់ គាត់​បានឈ្នះ​ជើងឯក​អ៊ីតាលី​៩​លើក និង​ឈ្នះ​ជើងឯក​ក្របខណ្ឌ​លំដាប់​ទី​ពីរ Serie B មួយ​លើក​។
​កាលពី​រដូវ​កាល​ឆ្នាំ​២០០៤-០៥ និង​២០០៥-០៦ Juventus ត្រូវបាន​ពិន័យ ហើយ​ទម្លាក់​ឲ្យ​ទៅ​លេខ​ក្របខណ្ឌ​ទី​ពីរ ដោយសារ​ជាប់ចោទ​ពីបទ​កំណត់​លទ្ធផល​ទុក​មុន​។ ប៉ុន្តែ​មួយឆ្នាំ​ក្រោយ ក្លិប​មួយ​បានឈ្នះ​ជើងឯក ហើយ​ឡើងទៅ​លេខ​នៅ​ក្របខណ្ឌ​កំពូល​វិញ​។​



១៧​ឆ្នាំ​ជាមួយ Juventus អ្នកចាំទី Buffon រកបាន​កំណត់ត្រា និង​ទទួល​ពានរង្វាន់​ជាច្រើន​។ ក្នុង​អាជីព​របស់ខ្លួន Buffon ឈ្នះ​ពាន​សរុប​២៣ ក្នុងនោះ Serie A ៩, Serie B ១, Coppa Italia ៥, Supercoppa Italiana ៦, UEFA Cup ១ និង FIFA World Cup ១ ។​
Buffon ក៏​ទទួលបាន​កំណត់ត្រា​ជា​អ្នកចាំទី​ដែល​សម្រេចបាន​បាន Clean Sheets (​រារាំង​មិន​ឲ្យ​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​) ច្រើនជាងគេ​នៅ Serie A និង​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​។ កីឡាករ​រូបនេះ ស្ថិតក្នុង​ចំណោម​កីឡាករ​តែ​៥​នាក់​ប៉ុណ្ណោះ ដែល​អាច​បង្ហាញខ្លួនរ​ហូត​ដល់​ទៅ​ប្រមាណ​១០០០​ប្រកួត​ក្នុង​ក្របខណ្ឌ​អាជីព​៕



Tag:
 Juventus
  Buffon
© រក្សាសិទ្ធិដោយ thmeythmey.com