ជាតិ
សង្គមជាតិ
សាលា​រាជធានី​ប្រារព្ធ «​ទិវា​ជាតិ​នៃ​ការចងចាំ​» នៅ​ជើងឯក​
20, May 2018 , 10:26 am        
រូបភាព
​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែឧសភា នេះ ប្រារព្ធ «​ទិវា​ជាតិ​នៃ​ការចងចាំ​» នៅ​មន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក ដោយមាន​ការចូលរួម​ពី​មនុស្ស​ប្រមាណ​៧ពាន់​នាក់​។ ក្រៅពី​ពិធីសូត្រមន្ត​បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ជាង​២០០​អង្គ ក៏មាន​ការរៀបចំ​សម្តែង​ឈុត​ឆាក​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ផងដែរ​។​

 
​កាលពី​ខែកុម្ភៈ​កន្លងមក រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ដោយ​កំណត់​យក​ថ្ងៃទី​២០ ឧសភា ជា​«​ទិវា​ជាតិ​នៃ​ការចងចាំ​» ដាក់បញ្ចូល​ក្នុង​ថ្ងៃបុណ្យ​ជាតិ​ជា​ផ្លូវការ ហើយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឈប់សម្រាក​ជា​សាធារណៈ​។ កន្លងមកនេះ គេ​ហៅ​ទិវា​នេះ​ថា ជា «​ទិវា​ចងកំហឹង​»​។​


 
​រដ្ឋាភិបាល បាន​បញ្ជាក់ថា ការកំណត់​យក​ថ្ងៃ​«​ទិវា​ជាតិ​នៃ​ការចងចាំ​» ជា​ថ្ងៃ​បុណ្យជាតិ​នេះ សម្រាប់​ជាការ​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃទី​១៧ មេសា ១៩៧៥ ដល់​ថ្ងៃទី​៦ មករា ១៩៧៩ ដើម្បី​លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ និង​ការធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​នៅក្នុង​របប​នេះ​។​


 
​រដ្ឋាភិបាល បានបញ្ជាក់​ពី​គោលបំណង​យ៉ាង​ដូច្នេះ​ថា​៖«​លើកតម្កើង​ការ​រំលឹក​ដល់​ជនរងគ្រោះ ការស្ដារ​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ របស់​ជន​គ្រោះ ទោះជា​នៅរស់ ឬក៏​បាន​បាត់​បង់ជីវិត​ក៏ដោយ​។ ប៉ះប៉ូវ​ដល់​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ ។​ចូលរួម​ក្នុងការ​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​រម​នីយកម្ម ក្នុងសង្គម​កម្ពុជា និង​លើកកម្ពស់​ការផ្សព្វផ្សាយ​និង​ការយល់ដឹង​អំពី​អំពើ​ឃោ​ឃៅ ដែល​កើតមាន​នៅក្នុងរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ កុំ​ឲ្យ​កើតមានឡើង​សារជាថ្មី​»​។​


 

Tag:
 ​ខ្មែរក្រហម​
  ជើងឯក​
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com