ជាតិ
នៅឆ្នាំ២០២០ កម្ពុជាត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ ជិតមួយម៉ឺននាក់
× សៀមរាប៖ ជាមួយនឹងកំណើនភ្ញៀវទេសចរ ពីមួយឆ្នាំទៅមួយឆ្នាំ បាននិងកំពុងឱ្យកម្ពុជា មានបញ្ហាខ្វះខាតមគ្គុទ្ទេសក៍ទេសចរណ៍ នាពេលខាងមុខ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជាកំពុងខ្វះមគ្គុទេសក៍ទេសចរណ៍ជាច្រើន ពិសេសនោះ គឺមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ខណៈដែលទេសចរជនជាតិនេះ កំពុងឈរនៅលេខមួយ ដែលធ្វើដំណើរទេសចរណ៍មកកាន់កម្ពុជា។
អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ លោក ទ្រី ឈីវ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន ជាង៥ពាន់នាក់ ហើយនៅឆ្នាំ២០២០ កម្ពុជាត្រូវការមគ្គុទ្ទេសក៍បន្ថែម ជិតមួយម៉ឺននាក់ទៀត។
លោក ទ្រី ឈីវ ពន្យល់ថា ភ្ញៀវទេសចរមកកាន់កម្ពុជាមានកំណើនជារៀងរាល់ឆ្នាំ ដែលចំនួននេះធ្វើឱ្យកម្ពុជាត្រូវការបន្ថែមនៃចំនួនមគ្គុទ្ទេសក៍ទេសចរណ៍។ ក្នុងពិធីបើកវិញ្ញាសាប្រឡងមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាបជំនាន់ទី២៦ នៅថ្ងៃទី១៧ ឧសភា លោក ទ្រី ឈីវ បន្ថែមថា មគ្គុទ្ទេសក៍ដែលមានតម្រូវការខ្ពស់នោះ គឺមគ្គុទ្ទេសក៍ភាសាចិន។ តាមតួលេខរបស់ក្រសួងទេសចរណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០១៨នេះ ទេសចរចិនចូលមកកម្សាន្តនៅកម្ពុជាមានជាង ៥០ម៉ឺននាក់។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា បណ្ដាក្រុមហ៊ុនទេសចរណ៍នៅខេត្តជាច្រើន កំពុងមានបញ្ហាខ្វះមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន។ លោកបន្ថែមថា បច្ចុប្បន្នមានក្រុមហ៊ុនទេសចរណ៍ប្រមាណ៣០ កំពុងបម្រើសេវាឱ្យភ្ញៀវទេសចិន ដែលមកកម្សាន្តនៅតាមរមណីយដ្ឋាននានា ហើយក្នុងមួយក្រុមហ៊ុន មានតម្រូវមគ្គុទ្ទេសក៍ចន្លោះពី៣០ ទៅ១០០នាក់៕
Tag:
មគ្គុទ្ទេសក៍ទេសចរណ៍
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com