ជាតិ
កម្ពុជា-វៀតណាម រួមគ្នាពង្រឹងកិច្ចប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឲ្យកើនឡើងទ្វេ
× ភ្នំពេញ៖ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេដង ទៅលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោយកិច្ចប្រជុំលើកទី១៦ របស់គណៈកម្មការចម្រុះ នៅទីក្រុងហាណូយ កាលពីថ្ងៃទី១៧ ខែឧសភា។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសមភាគីវៀតណាម លោក ផាម ប៊ិញមិញ បានអះអាងដូចគ្នាពីកិច្ចសហប្រតិបត្តិការកើនទ្វេលើវិស័យស្នូលៗ ដែលត្រូវបានលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំ។ ភាគីទាំងពីរបានមើលឃើញពីផលវិជ្ជមានលើកិច្ចសហប្រតិបត្តិការកន្លងមកក្នុងវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍ធនធានមនុស្ស កសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បរិស្ថាន ធនធានទឹកនិងវារី-ឧតុនិយមវិទ្យា រ៉ែនិងថាមពល សេដ្ឋកិច្ច ផែនការ ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន វប្បធម៌ កីឡានិងទេសចរណ៍ សុខាភិបាល បញ្ហាព្រំដែន សន្តិសុខ ក៏ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកិច្ច។ល។
តាមសេចក្ដីប្រកាសព័ត៌មាន នាយកដ្ឋានព័ត៌មានក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងបង្ក្រាបពាណិជ្ជកម្មខុសច្បាប់ឆ្លងព្រំដែន ដូចជា ព្រៃឈើ សត្វព្រៃ កៅស៊ូធម្មជាតិ និងផលិតផលផ្សេងទៀត តាមរយៈការផ្លាស់ប្តូរព័ត៌មាន ជួបប្រជុំជាទៀងទាត់រវាងមន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរខេត្តតាមព្រំដែន។
ក្នុងកិច្ចប្រជុំសហប្រធានគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៦ នោះផងដែរ ប្រមុខការបរទេសរបស់ប្រទេសជិតខាងទាំងពីរ យល់ព្រមពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មថាមពលអគ្គិសនី ដោយធ្វើការរួមគ្នាក្នុងការស្រាវជ្រាវ ការវិនិយោគ និងការអភិវឌ្ឍន៍ខ្សែបណ្តាញបែងចែកថាមពលអគ្គិសនី ជាពិសេសសម្របសម្រួលការចែកចាយថាមពលអគ្គិសនីរបស់កម្ពុជា ទៅកាន់វៀតណាម។
សម្រាប់វិស័យសេដ្ឋកិច្ច និងវិនិយោគ ភាគីទាំងពីរបានស្វាគមន៍ការលូតលាស់ជាវិជ្ជមាន នៃទំហំពាណិជ្ជកម្មរួមគ្នា លើការប្រឹងប្រែងរួមគ្នាក្នុងការធ្វើឲ្យសម្រេចទំហំពាណិជ្ជកម្ម ដែលមានទឹកប្រាក់៥ពាន់លានដុល្លារ ដូចការរំពឹងទុកនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានស្វាគមន៍កំណត់ហេតុរបស់ប្រធានគណៈកម្មការចម្រុះខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ដែលបានចុះហត្ថលេខាកាលពីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។ ភាគីទាំងពីរបានយល់ព្រមធ្វើសេចក្តីព្រាងឯកសារផ្លូវច្បាប់ចំនួន២ ដើម្បីទទួលស្គាល់ការបញ្ចប់ការកំណត់ខ័ណ្ឌសីមាព្រំដែនគោក និងការបោះបង្គោលព្រំដែនបានប្រមាណ ៨៤ភាគរយ ហើយនិងឯកភាពទៅលើទំហំការងារផែនការសម្របសម្រួល និងផែនទីចង្អុលផ្លូវអនុវត្តរហូតដល់ឯកសារផ្លូវច្បាប់ទាំងនោះត្រូវបានចុះហត្ថលេខារួចរាល់៕
Tag:
កម្ពុជា-វៀតណាម
លទ្ធផលកិច្ចប្រជុំ
© រក្សាសិទ្ធិដោយ thmeythmey.com