កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​រំពឹង​ឈ្នះ ដើម្បី​បន្ត​ឈរ​កំពូល​តារាង ចំណែក​បឹងកេត​ត្រូវ​ធ្វើការ​ធ្ងន់​ល្ងាច​នេះ​
20, May 2018 , 1:14 pm        
រូបភាព
ដោយ:
​ណាហ្គា​វើ​ល ត្រូវ​ប្រជែង​តទល់​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​សម្រាប់​ជំនួប​ក្របខណ្ឌ​កំពូល​កម្ពុជា នា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​២០ ឧសភា​នេះ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ មុន​បឹងកេត តតាំង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​។ ចំណែក​ភ្នំពេញ​ក្រោ​ន​បើកទ្វារ​កីឡដ្ឋាន RSN ស្វាគមន៍​ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ម៉ោង​៦​ល្ងាច រីឯ​វេ​ស្ទើ​ន​ភ្នំពេញ តទល់​ជាមួយ​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ម៉ោង​៣​រសៀល​។

 
​ក្រុម​ណាហ្គា​វើ​ល​រំពឹង​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ដើម្បី​បន្ត​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​៦​នៃ​ក្របខណ្ឌ​កំពូល​កម្ពុជា​សម្រាប់​ជំនួប នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​២០ ឧសភា​នេះ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​។ តែ​វា​មិន​ងាយស្រួល​សម្រាប់​ណាហ្គា​វើ​ល​ក្នុងការ​យកឈ្នះ​ឡើយ ព្រោះ​សូល​ទី​ឡូ​អង្គរ​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង និង​មាន​ទម្រង់​លេង​ល្អ ពោលគឺ​កីឡាករ​មានការ​សហកា​រ​គ្នា​ល្អ ដែល​ធ្វើ​ឲ្យ​ក្រុម​ដទៃ​ពិបាក​ក្នុងការ​យកឈ្នះ​។ 
 
​ជាក់ស្តែង​៥​ប្រកួត​កន្លងមក មិន​ដែលមាន​ក្រុម​ណា​អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ លើសពី​ពីរ​គ្រាប់​នោះទេ​។ លើសពីនេះ​ក្រុម​នេះ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​ការពារ​ជើងឯក​បឹងកេត កាលពី​សប្តាហ៍​ទី​៤​ទៀតផង​។  
 
​យ៉ាងណាមិញ បើ​មើ​លពី​ស្ថិតិ​នៃ​ការប្រកួត​ណាហ្គា​វើ​ល​មិនដែល​ស្គា​ប់​បរាជ័យ​ឡើយ គឺ​ឈ្នះ​៤ និង​ស្មើ​១ រីឯ​សូល​ទី​ឡូ​អង្គរ​ស្គាល់​ជ័យជម្នះ​តែ​១​លើក​ប៉ុណ្ណោះ ក្នុងចំណោម​៥​ប្រកួត​កន្លងមក ដោយ​ស្មើ​១ និង​ចាញ់​៣​។ បច្ចុប្បន្ន​ណាហ្គា​វើ​ល​ឈរ​កំពូល​តារាង​ដោយមាន​១៣​ពិន្ទុ ខណៈ​សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​រៀង​ទី​១០​មាន​៤​ពិន្ទុ​។​
 
​បឹងកេត​ត្រូវ​ធ្វើការ​ធ្ងន់​បន្តិច​នៅ​ល្ងាច​នេះ ដោយ​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​។ ធ្វើការ​ធ្ងន់​ដោយសារ​បឹងកេត​ត្រូវការ​ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ដើម្បី​ផ្គាប់ចិត្ត​ប្រធាន​ដឹកនាំ​ថ្មី​ដែល​ទើប​ចូលកាន់​តំណែង និង​ដើម្បីប្រ​ជែង​កំពូល​តារាង​ជាមួយ​ណាហ្គា​វើ​ល​។ ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​នា​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ជា​ជំនួប​ដ៏​តានតឹង និង​ជក់ចិត្ត​បំផុត ព្រោះ​ស្វាយរៀង​ក៏ត្រូវ​ការ​ឈ្នះ​ដើម្បី​ស្តារ​មុខមាត់ ក្រោយ​ទទួលលទ្ធផល​មិន​សមប្រកប​មួយរយៈ​ចុងក្រោយ​នេះ​ផងដែរ​។ 
 
​បច្ចុប្បន្ន​បឹងកេត​ឈរ​លេខ​រៀង​ទី​២​ដោយមាន​១៣​ពិន្ទុ ក្រោយ​ឈ្នះ​៤​ស្មើ​១ ខណៈ​ស្វាយរៀង​ឈរ​លេខ​រៀង​ទី​៦​មាន​៨​ពិន្ទុ​ក្រោយ​ឈ្នះ​២ ស្មើ​២ និង​ចាញ់​១​។ សម្រាប់​ជំនួប​កាលពី​សប្តាហ៍​ទី​៥ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ភ្នំពេញ​ក្រោ​ន ៦-៣ ខណៈ​បឹងកេត​យកឈ្នះ​ក្រសួងការពារជាតិ​ក្នុង​លទ្ធផល ២-០​។ 
 
​ដោយឡែក នៅ​កីឡដ្ឋាន RSN ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ​នា​ម៉ោង​៦​ល្ងាច​។ ភ្នំពេញ​ក្រោ​ន​ត្រូវការ​ឈ្នះ​ក្នុងជំនួប​នេះ ដើម្បី​ផ្គាប់ចិត្ត​អ្នកគាំទ្រ​ដែល​ខ្លួន​បានធ្វើ​ឲ្យ​ខកចិត្ត​កាលពី​សប្តាហ៍​ទី​៥​ដោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៦-៣​។​
 
​ចំណែក​ក្រុម​ឈរ​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន ទទួល​ស្វាគមន៍​ក្រុម​មិន​ឈ្នះ​ដូចគ្នា​អគ្គិសនី​កម្ពុជា នៅ​ម៉ោង​៣​រសៀល​នេះ​។ តើ​នៅ​រសៀល​នេះ​ក្រុម​មួយណា​អាច​ស្វែងរក​ជ័យជម្នះ​លើកដំបូង​សម្រាប់​ខ្លួន​បាន​?      
 
  

Tag:
 Cambodian League 2018
  បឹងកេត​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com