សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប្រា​យុទ្ធ ព្រមាន​ចាត់វិធានការ​ប្រឆាំង​បក្ស​ភឿ​ថៃ ដែល​ប្រមាថ​សមិទ្ធផល​បួន​ឆ្នាំ​របស់​របប​សឹក​
20, May 2018 , 7:30 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​របប​សឹក​ថៃ បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​បក្ស​ភឿ​ថៃ​ដែល​ធ្លាប់ជារ​របស់​ត្រកូល​ស៊ីណា​វ៉ា​ត់ ដែល​បាន​បន្ទោស​ថា របប​សឹក​មិនបាន​បំពេញការងារ​តាម​សន្យា​របស់ខ្លួន​។ រដ្ឋាភិបាលយោធា​ថៃ​ក៏បាន​ព្រមាន​ចាត់​វិធាន​ផ្នែក​ច្បាប់​ប្រឆាំង​បក្សនយោបាយ​នេះ​ដោយ​អះអាងថា បក្សនយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​បាន​បំពាន​បម្រាម​ខ្លួន​។


 
​មន្ត្រី​ផ្នែក​ច្បាប់​របស់​ក្រុម​ប្រឹក្សាជាតិ​សម្រាប់​សន្តិភាព និង​សណ្តាប់ធ្នាប់​ថៃ (NCPO) នៅ​ថ្ងៃ​១៧ ឧសភា បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ថៃ​បានរៀបចំ​បណ្តឹង​ប្រឆាំងនឹង​បក្ស​ភឿ​ថៃ​ពាក់ព័ន្ធ​នឹង​ការប្រមូលផ្តុំ​នយោបាយ ហើយ​បាន​ថ្លែងការណ៍​បន្ទោស​របប​សឹក​ថា អសមត្ថភាព​ក្នុងការ​គ្រប់គ្រង​ប្រទេស​រយៈពេល បួន​ឆ្នាំ​មកនេះ ។ 
 
​តាម​ការចុះផ្សាយ​សារព័ត៌មាន​ថៃ The Nation មន្ត្រី​ផ្នែក​ច្បាប់​របស់ NCPO បាន​លើកឡើងថា សេចក្តីថ្លែងការណ៍​រប​ស់​បក្ស​ភឿ​ថៃ អាច​បំពាន​បម្រាម​ស្តីពី​សកម្មភាព​នយោបាយ និង​ការប្រមូលផ្តុំ​នយោបាយ​ដែលមាន​មនុស្ស​ចូលរួម​ចាប់ពី​៥​នាក់​ឡើងទៅ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាច​បំពាន​នឹង​បទល្មើស​បច្ចេកវិទ្យា ដ្បិត​វា​មាន​ការចេញ​ថ្លែងការណ៍​ផ្ទាល់​តាម​បណ្តាញ​សង្គម Facebook ទៀតផង ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ការព្រមាន​វិធានការ​ផ្នែក​ច្បាប់​របស់​របប​សឹក​ថៃ​ធ្វើឡើង ក្រោយពី​បក្ស​ភឿ​ថៃ ដែល​ពីមុន​មាន​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ជា​ប្រធាន​បានចេញ​ថ្លែងការណ៍​បង្ហាញ​ជំហរ​បក្ស​កម្រាស់​ប្រាំ​ទំព័រ ជុំវិញ​ការដឹកនាំ​របស់​របប​សឹក​រយៈពេល​ជិត​បួន​ឆ្នាំ​មកនេះ ។​
 
«​ពួកគេ​បានប្រកាសថា ពួកគេ​នឹង​កែទម្រង់​រចនាសម្ព័ន្ធ​នយោបាយ ប៉ុន្តែ​ចុងក្រោយ​បញ្ចប់​ជាមួយនឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អង្គ​ការដែល​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​ត្រូវ​ដើរ​ថយក្រោយ និង​ថែមទាំង​បាន​បំផ្លាញ​ប្រព័ន្ធ​បក្សនយោបាយ​ទៀតផង​។ ពួកគេ​បានប្រកាស​កែទម្រង់សេដ្ឋកិច្ច និង​សង្គម ប៉ុន្តែ​ប្រជាជន​បែរជា​កាន់តែ​ក្រីក្រ​ជាង​មុន​។ ពួកគេ​បាន​ប្រើប្រាស់​ថវិការដ្ឋ​ជាច្រើន​វិនិយោគ ក៏ប៉ុន្តែ​មិនមាន​សមិទ្ធផល ជោគជ័យ​ជា​ដុំកំភួន​អ្វី​សោះ​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​បក្ស​ភឿ​ថៃ ។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល បក្ស​ភឿ​ថៃ​ក៏បាន​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា ដែលជា​ប្រមុខ​ក្រុមប្រឹក្សា​ជាតិ​សម្រាប់​សន្តិភាព​និង​សណ្តាប់ធ្នាប់​ដែល​បរាជ័យ​ក្នុងការ​បង្ហាញ​ពី​ភាពជា​អ្នកដឹកនាំ និង​ពន្យារពេល​ការបោះឆ្នោត​ជាច្រើនលើក និង​ថែមទាំង​មាន​ចេតនា​ក្នុង​ការបន្ត​កាន់អំណាច​កាន់តែ​យូរ​ទៀតផង ។ បក្ស​ភឿ​ថៃ ថែមទាំង​ហ៊ាន​អះអាងថា បួន​ឆ្នាំ​ក្រោម​ការដឹកនាំ​ដោយ​របប​សឹក នឹងធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ក្នុង​អនាគត​ដ៏​គ្រោះថ្នាក់​ទៀតផង ។ 
 
​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី ២២ ខែឧសភា ជា​ខួប​បួន​ឆ្នាំ​ហើយ​នៃ​រដ្ឋប្រហារ​យោធា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ដើម្បី​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ពី​អំណាច​។ នៅពេលដែល​ដឹកនាំ​រដ្ឋប្រហារ​នោះ លោក ប្រា​យុទ្ធ​បាន​ចោទ​រដ្ឋាភិបាល​មុន ធ្វើ​ឲ្យ​ប្រទេស​មានការ​បែងចែក​និន្នាការ​នយោបាយ ហើយ​លោក​បាន​សន្យា​ស្តារ និង​កែ​ម្រ​ង់​នយោបាយ​ថៃ​ឲ្យ​មាន​ភាពល្អប្រសើរ ទើប​លោក​ចុះ​ចេញពី​តំណែង​៕ 

Tag:
 ថៃ​
  នយោបាយ​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com