ជាតិ
សុខភាព
ពេទ្យ​កុមារ​ជាតិ​កំពុង​យកចិត្តទុកដាក់​ព្យាបាល​ទារក​ដែល​ម្តាយ​បោះបង់ចោល​ក្នុង​បន្ទប់ទឹក​
20, May 2018 , 2:04 pm        
រូបភាព
​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក ញឹ​ប អង្គា​បុស្ស បានឱ្យ​សារព័ត៌មាន ThmeyThmey ដឹងថា បច្ចុប្បន្ន​ទារក​ដែល​ត្រូវ​ម្ដាយ​បោះបង់ចោល​នៅក្នុង​បន្ទប់ទឹក​នោះ កំពុងស្ថិត​ក្នុងស្ថានភាព​៥០-៥០ ដែល​តម្រូវ​ឲ្យ​គ្រូពេទ្យ​យកចិត្តទុកដាក់​ជាប្រចាំ​។

 
 
​លោក ញឹ​ប អង្គា​បុស្ស បាន​អះអាងថា បុគ្គលិក​មន្ទីរពេទ្យ​កុមារ​ជាតិ​នឹង​ព្យាយាម​ព្យាបាល​ទារក​នោះ​ឱ្យអស់​លទ្ធភាព រហូតដល់​គេ​មាន​ស្ថានភាព​ប្រក្រតី​។ មន្ទីរពេទ្យ​នឹង​រក​អ្នកថែរក្សា​ក្មេង​ដើម្បី​មើលថែ​ទារក​នោះ ក្នុងអំឡុងពេល​ព្យាបាល និង​ស្នាក់​នៅក្នុង​ពេទ្យ ។​
 
​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​បានដឹង​តែ​តាម​ទូរស័ព្ទ​ទេ ពី​ស្ថានភាព​ជំងឺ​របស់​ក្មេង ព្រោះ​ថ្ងៃនេះ​ខ្ញុំ​មិន​ទៅធ្វើ​ការ​។ យើង​នឹង​ព្យាយាម​ព្យាបាល​ជំងឺ​ក្មេង​នេះ​រហូតដល់​ជា ហើយ​ក្រោយពី​ជា យើង​ទុក​គាត់​នៅទីនេះ​មួយរយៈ យើង​អាច​រក​អ្នក​មក​មើលថែ​ក្មេង​នេះ ក្នុងកំឡុងពេល​គេ​ស្នាក់នៅ​ក្នុង​ពេទ្យ មុន​យើង​បញ្ជូន​គេ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ឬ មាន​អ្នក​ចង់​យកទៅ​ចិញ្ចឹម​»​។​
 
​បើតាម​ការបញ្ជាក់​ពី លោក ញឹម អង្គា​បុស្ស ទារក​ត្រូវ​ម្ដាយ​បោះបង់ចោល​នោះ ត្រូវបាន​គ្រួសារ​មួយ​ដែល​មិនមាន​កូន នាំទៅ​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​សម្ភព​មួយនា​ខេត្តកំពង់ស្ពឺ រួច​ក៏​បញ្ជូនបន្ត​មក​មន្ទីរពេទ្យ​កុមារ​ជាតិ​កាលពី​ល្ងាច​ថ្ងៃទី​១៩​ឧសភា ដោយ​អាការ​ធ្ងន់ធ្ងរ​ពេក​។ គ្រួសារ​ដែល​បាន​ជួយសង្គ្រោះ​នេះ បច្ចុប្បន្នកំពុង​នៅ​មើលថែ​ទារក​នោះ​ក្នុង​មន្ទីរពេទ្យ ហើយ​ពួកគេ​ក៏មាន​បំណង​យក​កូន​នេះ​ទៅ​ចិញ្ចឹម​ធ្វើជា​កូន​របស់ខ្លួន​ដែរ​។​
 
​សូមបញ្ជាក់ រូបភាព​ដ៏​គួរ​ឲ្យ​អាណិត​របស់​ទារក​រូប​នេះ ត្រូវបាន​គេ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​មានការ​អះអាងថា គេ​ត្រូវបាន​ប្រសូត្រ​ក្នុង​បន្ទប់ទឹក នា​អំឡុង​នៃ​ពិធីជប់លៀង​ក្នុង​រោងចក្រ​មួយ​នៅ​កំពង់ស្ពឺ​។ ម្តាយ​ទារក​ដែល​ត្រូវបាន​អះអាងថា ជាក​ម្មា​រិ​នី​រោងចក្រ បាន​ទុក​កូន​ចោល​នៅក្បែរ​លូ​បង្គន់ ហើយ​ក៏បាន​ចាកចេញ​បាត់ទៅ​៕

Tag:
 ទារក​
  កំពង់ស្ពឺ​
© រក្សាសិទ្ធិដោយ thmeythmey.com