អន្តរជាតិ
ចៅក្រម ICJ ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ធ្វើការ​បម្រើ​ស្ថាប័ន​ជាជាង​ផលប្រយោជន៍​ប្រទេស​ខ្លួន​
20, May 2018 , 8:30 pm        
រូបភាព
ដោយ:
​ទំនងជា​មិនអាច​ទទួលយកបាន​ចំពោះ​ទង្វើ​របស់​បណ្តា​សមាជិក​នៃ​អង្គភាព​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ហៅ​កាត់​ថា ICJ បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ពិនិត្យឡើងវិញ​ចំពោះ​ទង្វើ​របស់ខ្លួន​។ ស្ថាប័ន​យុត្តាធិការ​អន្តរជាតិ​នេះ​បាន​ទទូច​ឲ្យ​ប្រទេស​សមាជិក​តម្កល់​ផលប្រយោជន៍​ស្ថាប័ន​ជាធំ ជាជាង​ផលប្រយោជន៍​ប្រទេស​ខ្លួន និង​សម្ព័ន្ធមិត្ត​ខ្លួន​។


 
​នៅ​ថ្ងៃ​១៧ ឧសភា កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានរៀបចំ​វេទិកា​ជជែក​ដេញដោល​មួយ​ស្តីពី​មធ្យោបាយ​ក្នុង​ការតបត​ទៅនឹង​ការគំរាមកំហែង​មកលើ​សន្តិភាព​ពិភពលោក​ប្រកបដោយ​ប្រសិទ្ធភាព​។ កម្មវិធី​នេះ​មានការ​ចូលរួម​ពី​អង្គភាព​ចម្បង របស់​អង្គការសហប្រជាជាតិ រួមមាន​ទាំង​អគ្គលេខា​ដ្ឋា​ន និង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ផង​។ នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​ព័ត៌មាន​របស់ UN ។ 
 
​តាមរយៈ​វេទិកា​នោះ តំណាង​របស់​អគ្គលេខា​ធិ​ការដ្ឋាន លោកស្រី Maria Luiza Viotti បាន​ថ្លែងថា ការរួបរួម​គ្នា​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​ការប្តេជ្ញាចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​សហគមន៍​អន្តរជាតិ​ទាំងមូល គឺជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​ទប់ស្កាត់​ការធ្វើ​ឲ្យ​មនុស្សជាតិ​រង​ការឈឺចាប់ ក៏ដូចជា​ការពារ​ភាព​រួម​នៃ​មនុស្សជាតិ​ផង​។ 
 
​ខណៈ​ទទួលស្គាល់ថា ពិភពលោក កំពុងតែ​ប្រឈម​នឹង​ការគំរាមកំហែង​សន្តិសុខ និង​សន្តិភាព​ជាច្រើន​តំបន់​នោះ លោកស្រី Maria Luiza Viotti ចង់ឃើញ​ក្រុមប្រឹក្សាសន្តិសុខ អនុវត្ត​មធ្យោបាយ​ដោះស្រាយ​ជម្លោះ​ដោយ​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ប្រឹក្សា​ដល់​រដ្ឋ​ពាក់ព័ន្ធ​ជម្លោះ​ក្នុងការ​ជ្រើសរើស​យន្តកា​រ​សន្តិវិធី ដែលមាន​កំណត់​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ 
 
​ជាមួយគ្នានេះ លោកស្រី​ក៏​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​គួរតែ​ធានា​ឲ្យ​បាន​ចំពោះ​ការអនុវត្ត និង​តាមដាន​លើ​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ប្រសិន​រដ្ឋ​ពាក់ព័ន្ធ​ជម្លោះ​បាន​ព្រមព្រៀងគ្នា​ក្នុងការ​ដោះស្រាយ​ជម្លោះ​តាមរយៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ​មែន​។ 
 
​អ្វីដែល​គួរកត់សម្គាល់ តាមរយៈ​វេទិកា​ដដែល​នោះ ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែលជា​ចៅក្រម​ជាន់ខ្ពស់​នៃ​តុលាការ​នេះ​ផងដែរ​នោះ បាន​ចោទ​ជា​សំណួរ​ថា​តើ ក្រុមប្រឹក្សាសន្តិសុខ និង​តុលាការ អាចធ្វើ​ជាមួយគ្នា​តាមរបៀប​ណា​ដើម្បី​ដោះស្រាយ​ជម្លោះ​។ លោក​ទំនងជា​សំដៅលើ​ភាព​អសកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ ក្នុង​ការជួយ​ជំរុញ​លើ​សាលក្រម ឬ​ការប្រឹក្សា​របស់​តុលាការ​លើ​ជម្លោះ ។ 
 
​បន្ថែម​លើ​នេះ ចៅក្រម​ជាន់ខ្ពស់​មួយរូប​នៃ​តុលាការអន្តរជាតិ​លោក Theodor Meron ក៏បាន​និយាយ និង​ទទូច​ចំៗ​ពី​ការខ្វែងគំនិត​គ្នា​ក៏ដូចជា​ចំណុច​អវិជ្ជមាន​របស់​ក្រុមប្រឹក្សាសន្តិសុខ​យ៉ាង​ដូច្នេះ​ថា​៖«​ក្រុមប្រឹក្សាសន្តិសុខ គួរតែ​អភិវឌ្ឍ និង​អនុវត្ត​ទិសដៅ​របស់ខ្លួន​ក្នុងការ​វាយតម្លៃ​លើ​បទឧក្រិដ្ឋ​អន្តរជាតិ ហើយ​គួរតែ​បម្រើ​ការងារ​ដើម្បី​ផលប្រយោជន៍​របស់​ស្ថាប័ន​ជាជាង​យក​ផលប្រយោជន៍​របស់ខ្លួន​ឬ​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​របស់ខ្លួន ជា​អាទិភាព​»​។​
 
​គួរ​ជម្រាប​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ ដែលជា​អង្គភាព​ចម្បង​មួយ​របស់​អង្គការសហប្រជាជាតិ​មាន​តួនាទី​ស្នូល​ក្នុងការ​ទប់ស្កាត់ និង​ធានា​ពី​សន្តិភាព​ពិភពលោក​មាន​សមាជិក​សរុប​អចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​ទាំងអស់​១៥​ប្រទេស​។ សមាជិក​អចិន្ត្រៃយ៍​ដែលមាន​សិទ្ធិ​ជំទាស់​រាល់​ការសម្រេច​លើ​ការអនុម័ត​លើ​ដំណោះស្រាយ​ពាក់ព័ន្ធ​សន្តិសុខ​ពិភពលោក​រួមមាន ចិន អង់គ្លេស បារាំង រុស្ស៊ី និង​អាមេរិក​៕  

Tag:
 UN
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com