កីឡាជាតិ
ជាតិ
ទោះមានបញ្ហារបួស តែប៉ាល់ ជីវ័ន ព្យាយាមរហូតដណ្តើមបានមេដាយមាសនៅម៉ុងហ្គោលី កីឡាករ ប៉ាល់ ជីវ័ន ម្ចាស់មេដាយមាសអាស៊ីផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាក្នុងពហុកីឡដ្ឋានជាតិ
× «ទុកការឈឺមួយឡែក»ជាពាក្យដែលកីឡាករ ប៉ាល់ ជីវ័ន បានរក្សាទុកក្នុងចិត្ត ដើម្បីធ្វើជាចលករជំរុញកម្លាំងចិត្តរាល់ការប្រកួតម្តងៗនៅក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីលើកទី៩នៅម៉ុងហ្គោលី។ ពាក្យនេះ បានរួមចំណែកយ៉ាងច្រើន ជួយឲ្យរូបគេ ដែលញាំញីដោយរបួសឈ្នះមេដាយមាសលើវិញ្ញាសាសម្តែងមេគុនកម្រិតខ្សែក្រវាត់ខ្មៅ៣ដាន់។ លោក ឈួន ចាន់ថន ប្រធានប្រតិភូបានអះអាងថា ជីវ័ន ត្រូវបានគ្រូបង្វឹក និងកីឡាករម៉ាស្សា និងប្រើទឹកកកស្អំ ដើម្បីបំបាត់ការឈឺចាប់ ក្រោយការប្រកួតម្តងៗ។
កីឡាករជម្រើសជាតិតេក្វាន់ដូ ITF ប៉ាល់ ជីវ័ន បានអះអាងថា ភាពជោគជ័យក្នុងការប្រកួតជើងឯកអាស៊ីនៅម៉ុងហ្គោលី មានការរួមចំណែកយ៉ាងច្រើនពី លោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។ «ទុកការឈឺមួយឡែក» ដែលជាសម្តីផ្តាំផ្ញើរបស់ប្រធានសហព័ន្ធ ត្រូវបាន ប៉ាល់ ជីវ័ន ចងចាំក្នុងចិត្តទុកធ្វើជាចលករលើកកម្លាំង សម្រាប់ការប្រកួតម្តងៗរបស់គេ។ ជីវ័ន បានចាត់ទុកពាក្យសម្តីនេះថា ជាថ្នាំប៉ូវ ដែលនាំឲ្យរូបគេឈ្នះមេដាយមាស ទាំងខ្លួនកំពុងញាំញីដោយរបួសចង្កេះ និងឆ្អឹងខ្នង។
«ត្រូវតែតស៊ូ ទោះបីយើងឈឺយ៉ាងណា ត្រូវទុកមួយឡែក ហើយតាំងចិត្តថា យើងអាចធ្វើបាន យើងអត់មានជំងឺ នេះហើយជាកត្តាជំរុញទឹកចិត្តមុនពេលខ្ញុំឡើងយន្តហោះចេញពីកម្ពុជា»។ នេះជាការរៀបរាប់របស់កីឡាករ ប៉ាល់ ជីវ័ន ពីសម្តីរបស់លោក កែវ រ៉េមី ដែលបានផ្តាំផ្ញើពេល លោក ជូនដំណើររូបគេឡើងយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ជាមួយគ្នានេះលោក ឈួន ចាន់ថន ប្រធានប្រតិភូដឹកនាំក្រុមអត្តពលិកកម្ពុជាបានរៀបរាប់ពីទុក្ខលំបាកយ៉ាងដូច្នេះថា៖«កីឡាករ ប៉ាល់ ជីវ័ន បានសម្តែងគួរជាទីមោទកភាពបំផុត ព្រោះពេលរូបគេឡើងប្រកួត គឺឡើងទាំងមានរបួសចង្កេះ ដែលឈឺតាំងពីស្រុកខ្មែរ។ នៅពេលគាត់ឡើងប្រកួតឈ្នះហ្គេមរួចហើយ មកកន្លែងវិញ គឺយើងចាប់ផ្តើមឲ្យគាត់ដេកសម្រាកស្អំទឹកកក ម៉ាស្សាឲ្យគាត់ យើងធ្វើបែបនេះគ្រប់ការប្រកួត»។
កីឡាករ ប៉ាល់ ជីវ័ន បានយកឈ្នះកីឡាកររុស្ស៊ីនាជំនួបវគ្គជម្រុះ បន្ទាប់មករូបគេបានយកឈ្នះកីឡាករកូរ៉េខាងជើងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅវគ្គផ្តាច់ព្រ័ត្រ ជីវ័ន ត្រូវប្រជែងជាមួយកីឡាករកូរ៉េខាងជើងដែលជាម្ចាស់ក្បាច់គុន។ នៅក្នុងវគ្គនេះ កីឡាករទាំងពីរបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នាក្នុងការប្រកួតដំបូង ហើយអាជ្ញាកណ្តាលបានសម្រេចបន្ថែមមួយក្បាច់ទៀត។ កីឡាករ ប៉ាល់ ជីវ័ន បានយកឈ្នះម្ចាស់ក្បាច់គុនកូរ៉េខាងជើង ដើម្បីឈ្នះមេដាយមាសសម្តែងមេគុនកម្រិតខ្សែក្រវាត់៣ដាន់តែម្តង។
សម្រាប់ការប្រកួតជើងឯកអាស៊ីនៅម៉ុងហ្គោលី កម្ពុជាបានបញ្ជូនអត្តពលិកចំនួន២៤រូបចូលរួម។ ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយមាស៨ ប្រាក់៥ និងសំរឹទ្ធ៨ រួមទាំងពានចំណាត់ថ្នាក់លេខ២កម្រិតយុវជន, ពានលេខ៣កម្រិតពេញវ័យ និងពានយុវជនឆ្នើមរបស់កីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម។ ប្រតិភូកីឡាកម្ពុជាបានមកដល់កម្ពុជាកាលពីថ្ងៃទី១៥ ឧសភា។ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករកីឡាការិនីតេក្វាន់ដូ ITF កម្ពុជា នឹងជួបសំណេះសំណាលជាមួយសម្តេច ហ៊ុន សែន នៅរសៀលថ្ងៃទី២២ ឧសភា៕
Tag:
តេក្វាន់ដូ ITF
កែវ រ៉េមី
ប៉ាល់ ជីវ័ន្ត
© រក្សាសិទ្ធិដោយ thmeythmey.com