អន្តរជាតិ
មីយ៉ាន់ម៉ា សន្យាជួយរកយុត្តិធម៌ឲ្យជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បើពួកគេពិតជារងការបំពានមែន
× ស្ថិតក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរពីបណ្តាសហគមន៍អន្តរជាតិ រដ្ឋាភិបាលក្រុងណៃពិដោរ បានចេញប្រកាសបើកទទួលបណ្តឹងពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដើម្បីវែកញែករកយុត្តិធម៌សម្រាប់ពួកគេ ប្រសិនបើពិតជាមានករណីរំលោភបំពានសិទ្ធិមនុស្សទៅលើពួកគេមែន ។ ក្រុងណៃពិដោរ ក៏សុំចិត្តមជ្ឈដ្ឋានជុំវិញកុំទាញករណីបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តដោយបុគ្គល ដោយវាយតម្លៃជារួមទៅលើស្ថាប័ន ។
រដ្ឋមន្ត្រីសុខុមាលភាពសង្គមមីយ៉ាន់ម៉ាលោក Win Myat Aye នៅថ្ងៃ១៧ ឧសភា បានចេញប្រកាសគោលនយោបាយថ្មីចុងក្រោយមួយរបស់រដ្ឋាភិបាលក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនភៀសខ្លួន ដែលរត់គេចពីមីយ៉ាន់ម៉ាទៅបង់ក្លាដែស ដោយសារតែការបំពានសិទ្ធិមនុស្សក្រោមរូបភាពណាមួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy ។
តាមប្រភពព័ត៌មានដដែលនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ជនណាក៏ដោយដែលមានបំណងដាក់បណ្តឹងអាចធ្វើបានពីកន្លែងដែលពួកគេរស់នៅ ប៉ុន្តែពួកគេក៏ត្រូវតែចូលរួមក្នុងសវនការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលនឹងទទួលរ៉ាប់រងលើការចំណាយសម្រាប់ការបង្ហាញខ្លួននៅតុលាការ។ លោក អះអាងថា ការណ៍ដែលរដ្ឋាភិបាលធ្វើបែបនេះដើម្បីឆ្លើយតបនឹងការចោទប្រកាន់ប្រកបដោយតម្លាភាព។
លោករដ្ឋមន្ត្រី ក៏បានរំលេចពីករណីជនភៀសខ្លួន ដែលកំពុងតែរស់នៅប្រទេសជិតខាង ដែលអះអាងថា ពួកគេរងការបំពានសិទ្ធិមនុស្សយ៉ាងដូច្នេះថា៖«យើង បានប្រកាសផងដែរថា ជនទាំងឡាយដែលបានភៀសខ្លួនទៅបង់ក្លាដែស ឥលូវក៏មានសិទ្ធិក្នុងកដាក់បណ្តឹងដូចគ្នា ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ានឹងជួយសម្រួលដូចគ្នាដែរ»។
បើក្រឡេកមើលពីការវិវត្តនៃបញ្ហាសិទ្ធិមនុស្សចុងក្រោយនេះរបស់មីយ៉ាន់ម៉ា នេះមិនមែនជារឿងចៃដន្យឡើយពោលគឺ ចំណាត់ការរដ្ឋាភិបាលមីយ៉ាន់ម៉ា ធ្វើឡើងក្រោយពីសហគមន៍អន្តរជាតិដែលមានអង្គការសិទ្ធិមនុស្ស និងជាពិសេសអង្គការសហប្រជាជាតិបានដាក់សម្ពាធតាមរយៈសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់លើរដ្ឋាភិបាលមីយ៉ាន់ម៉ាដែលពួកគេចោទថាបានបណ្តែតបណ្តោយឲ្យបញ្ហាសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរទៅៗ និងថែមទាំងទទូចឲ្យមានការបើកស៊ើបអង្កេតតម្លាភាពផងដែរ។
គួរជម្រាបផងដែរថា ក្រោយនៃការវាយប្រហារគ្នានៅចុងឆ្នាំមុននៅក្នុងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា មានជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមិនតិចជាជាងកន្លះលាននាក់ឡើយ បានភៀសខ្លួនទៅបង់ក្លាដែស។ បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សដែលស្រង់ពីសម្ភាសន៍ជាមួយនឹងជនភៀសខ្លួន ពួកគេបានរងការគំរាមសម្លាប់ រំលោភនិងថែមទាំងរងការដុតបំផ្លាញផ្ទះសម្បែងពីអាជ្ញាធរមីយ៉ាន់ម៉ា។
កន្លងមករដ្ឋាភិបាលមីយ៉ាន់ម៉ាក៏បានច្រានចោលការចោទប្រកាន់ដោយអះអាងថា វាមិនឆ្លុះបញ្ចាំងពីការពិតឡើយ។ សូម្បីតែលោករដ្ឋមន្ត្រីសុខាមាលភាពសង្គមមីយ៉ាន់ម៉ាក៏បានទទូចឲ្យមជ្ឈដ្ឋានជុំវិញ កុំយកបញ្ហានៃការបំពានសិទ្ធិមនុស្សដែលប្រព្រឹត្តដោយបុគ្គលដោយរាប់បញ្ចូលទាំងយោធាមួយចំនួនផង ទៅវាយប្រហារទៅលើស្ថាប័នទាំងមូល៕
Tag:
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com