ជាតិ
កម្ពុជា បំពាក់ QR Code តាមច្រកអន្តរជាតិដើម្បីឲ្យភ្ញៀវចូលរួមវាយតម្លៃពីសេវាកម្ម
× ក្រសួងទេសចរណ៍ ចាប់ផ្តើមបំពាក់ប្រព័ន្ធ QR Code នៅតាមច្រកអន្តរជាតិសំខាន់ៗចំនួន៧ ដើម្បីឲ្យភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់វាយតម្លៃពីសេវាកម្មរបស់ច្រកអន្តរជាតិនីមួយៗ ក្នុងគោលបំណងលើកកម្ពស់ការធ្វើបដិសណ្ឋាកិច្ចរបស់កម្ពុជា។
បើយោងតាមសេចក្តីជូនដំណឹងរបស់ លោក ណេប សាមុត អគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ ការបំពាក់ប្រព័ន្ធ QR Code នេះ ជាផ្នែកមួយនៃការអនុវត្តន៍ចលនាប្រឡងប្រណាំង « បដិសណ្ឋារកិច្ចល្អ របស់ច្រកអន្តរជាតិ» សម្រាប់ឆ្នាំ២០១៨ ឲ្យបានជោគជ័យ និងទទួលបានការគាំទ្រ ពីភ្ញៀវទេសចរ។
ការបំពាក់ប្រព័ន្ធ QR Code នៅតាមច្រកអន្តរជាតិរួមមាន ការបញ្ឈរ QR Code វាយតម្លៃបដិសណ្ឋារកិច្ចល្អ របស់ច្រកអន្តរជាតិធំ, បញ្ឈរ QR Code វាយតម្លៃសម្រាប់ដាក់លើតុ និងកម្រងសំណួរវាយតម្លៃជាភាសា (ខ្មែរ, អង់គ្លេស, ចិន, បារាំង និងជប៉ុន)។
ច្រកអន្តរជាតិដែលបានបំពាក់ប្រព័ន្ធ QR Code មាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប, អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, ច្រកអន្តរជាតិបាវិត, ច្រកអន្តរជាតិចាំយាម និង ច្រកអន្តរជាតិប៉ោយប៉ែត៕
© រក្សាសិទ្ធិដោយ thmeythmey.com