អន្តរជាតិ
គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្រោម «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» របស់ចិន
× គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗដើម្បីតភ្ជាប់អាស៊ី អាហ្វ្រិក និងអឺរ៉ុបបានលេចរូបរាងបន្តបន្ទាប់ក្រោមក្របខណ្ឌ «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ» របស់ប្រធានាធិបតីចិន ស៊ី ជិនភីង ។ ទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារត្រូវបានប្រើប្រាស់ដើម្បីស្ថាបនាស្ពាន ផ្លូវរថភ្លើងល្បឿនលឿន រោងចក្រថាមពល និងកំពង់ផែជាដើម។ ជាមួយនឹងសក្តានុពលប្រយោជន៍សេដ្ឋកិច្ចដ៏ធំនោះ គម្រោងទឹកប្រាក់មហាសាលនេះក៏រងការរិះគន់ដែរ។
កាលពីឆ្នាំ៥ឆ្នាំមុន គឺក្នុងឆ្នាំ២០១៣ ប្រធានាធិបតីចិន ស៊ី ជិនភីង បានដាក់ចេញគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទ្វីបធំទាំងបី គឺអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ ៥ឆ្នាំក្រោយ គឺក្នុងឆ្នាំ២០១៨ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើនបានលេចជារូបរាង ដោយខ្លះកំពុងធ្វើប្រតិបត្តិការ និងខ្លះទៀតស្ថិតក្នុងដំណាក់កាលសាងសង់។ ខាងក្រោមនេះ ជាគម្រោងធំៗដែលត្រូវបានវិនិយោគក្រោមក្របខណ្ឌគំនិតផ្ដួចផ្ដើមរបស់លោក ស៊ី ។
ផ្លូវរថភ្លើងកេនយ៉ា
ផ្លូវរថភ្លើងល្បឿនលឿននៅកេនយ៉ា ជាផ្នែកមួយសំខាន់នៃបណ្ដាញផ្លូវរថភ្លើងនៅអាហ្វ្រិក។ ខ្សែរថភ្លើងណៃរ៉ូប៊ី-មុំបាសា ដែលមានតម្លៃ៣,៨ពាន់ដុល្លារ ត្រូវបានដាក់ឲ្យដំណើរការកាលពីឆ្នាំមុន ដោយបានកាត់បន្ថយរយៈពេលធ្វើដំណើរ និងថ្លៃដឹកជញ្ជូនយ៉ាងច្រើន។ ពីមុំបាសា ដែលជាកំពង់សំខាន់របស់កេនយ៉ា ខ្សែរថភ្លើងនេះនឹងភ្ជាប់ទៅកាន់រដ្ឋអាហ្វ្រិកដែលគ្មានកំពង់ផែសមុទ្រដូចជារវ៉ាន់ដា និងអ៊ូហ្កង់ដាផង។
កំពង់ផែទឹកជ្រៅ Gwadar របស់ប៉ាគីស្ថាន
ជាអ្នកជិតខាងរបស់ចិន ប៉ាគីស្ថានទទួលបានប្រយោជន៍ច្រើនពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ បើតាមសារព័ត៌មាន Bloomberg កំពង់ផែទឹកជ្រៅ Gwadar ដែលមានតម្លៃប្រមាណ១ពាន់លានដុល្លារ និងច្រករបៀងប្រវែង៣ពាន់គីឡូម៉ែត្រដែលមានផ្លូវ និងខ្សែរថភ្លើង បានភ្ជាប់តំបន់ភាគលិចរបស់ចិនទៅកាន់សមុទ្រអារ៉ាប់។ ច្រករបៀងនេះ មានសារប្រយោជន៍ខ្លាំង ព្រោះចិនអាចនាំចូលប្រេងពីមជ្ឈិមបូព៌ា និងផលិតផលផ្សេងទៀតតាមផ្លូវនេះ ដោយមិនចាំបាច់ឆ្លងកាត់សិង្ហបុរីដូចមុនឡើយ។
ផ្លូវរថភ្លើងនៅឡាវ និងឥណ្ឌូណេស៊ី
គម្រោងផ្លូវដែកសំខាន់ៗមានផ្លូវរថភ្លើងល្បឿនលឿននៅឡាវដែលចំណាយទឹកប្រាក់ប្រហែល៦ពាន់លានដុល្លារ និងរំពឹងរួចរាល់នៅឆ្នាំ២០២១ ដែលជាខ្នែងសំខាន់មួយនៃផ្លូវរថភ្លើងភ្ជាប់ពីខេត្តយូណាន ទៅកាន់សិង្ហបុរី។ ឯផ្លូវរថភ្លើងល្បឿនលឿននៅឥណ្ឌូណេស៊ីមានតម្លៃ៦ពាន់លានដុល្លារ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២០ ដោយភ្ជាប់រដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងបានឌុង ។ ផ្លូវរថភ្លើងថ្មីនេះនឹងជួយដោះស្រាយបញ្ហាចរាចរណ៍ដ៏អាក្រក់ និងកាត់បន្ថយរយៈពេលធ្វើដំណើរផង។
បណ្ដាញបំពង់បង្ហូរប្រេង Kyaukpyu
បំពង់បង្ហូរប្រេងតម្លៃ១.៥ពាន់លានដុល្លារដែលភ្ជាប់ពី Kyaukpyu របស់មីយ៉ាន់ម៉ាទៅកាន់ក្រុងគុនមីងរបស់ចិន បានដំណើរការតាំងពីឆ្នាំមុនមក។ ចាប់ពីពេលនោះ ប្រេងដែលចិននាំចូលពីអាហ្វ្រិក មជ្ឈិមបូព៌ា អាចទៅដល់គោលដៅបានឆាប់រហ័សព្រោះលែងចាំចាច់ដឹកជញ្ជូនកាត់តាមច្រកសមុទ្រម៉ាឡាកា និងសមុទ្រចិនខាងត្បូងទៀតហើយ។ បំពង់បង្ហូរមានត្រូវបានសាងសង់ដើម្បីជញ្ជូនប្រេងចំនួន២២លានតោនក្នុងមួយឆ្នាំ ដែលតំណាងឲ្យ៥ភាគរយនៃទំហំនាំចូលទាំងមូល។
ជាមួយនឹងគម្រោងដែលចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារបែបនេះ ចិនបានរងការរិះគន់ថា ជំរុញឲ្យមានវប្បធម៌ខ្ចីលុយក្នុងចំណោមប្រទេសក្រីក្រី ហើយដែលអាចឈានដល់វិបត្តិបំណុលផង ដ្បិតប្រទេសដែលខ្ចីលុយចិនមិនមានលទ្ធភាពសងប្រាក់ជំពាក់វិញ។ ករណីនៅស្រីលង្កាដែលរដ្ឋាភិបាលសម្រេចចិត្តជួលកំពង់ឲ្យចិនព្រោះគ្មានលទ្ធផលសងប្រាក់ បានក្លាយជាប្រធានបទនៃការរិះគន់ចំពោះមធ្យោបាយវិនិយោគរបស់ចិន។
យ៉ាងណាមិញ បើគេងាកទៅមើលសក្ដានុពលនៃគម្រោងទាំងនោះវិញ ពិតណាស់ថា វាបានផ្ដល់ប្រយោជន៍ច្រើនសម្រាប់ប្រទេស មិនមែនតែចិនដែលជាម្ចាស់ហិរញ្ញវត្ថុឡើយ។ ជាការពិត ប្រទេសទាំងនោះ មិនមានលទ្ធផលសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗបែបនេះឡើយ និងត្រូវការទឹកប្រាក់វិនិយោគបរទេសដើម្បីអភិវឌ្ឍរបស់ខ្លួន។ ជារឿងមិនអាចប្រកែកបាន គម្រោងរបស់ចិនបានគាស់រំលេចសក្តានុពលរបស់រដ្ឋទាំងនោះ ហើយបើរដ្ឋទាំងនោះអាចទាញយកប្រយោជន៍ពីគម្រោងបានច្រើន ពួកគេអាចជំរុញការអភិវឌ្ឍបានច្រើនតាមនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com