ជាតិ
រដ្ឋាភិបាល​សន្យា​បញ្ចប់​វិវាទ​ដីធ្លី​នៅ​ខេត្តកោះកុង ក្រោយ​ការប៉ះទង្គិច​រវាង​ពលរដ្ឋ​និង​អាជ្ញាធរ​
21, May 2018 , 7:59 pm        
រូបភាព
ដោយ: VOA
ភ្នំពេញ ៖ ក្រោយ​ការប៉ះទង្គិច​គ្នា​រវាង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​ជាង​២០០​នាក់​មកពី​ខេត្តកោះកុង រដ្ឋាភិបាល​បានប្រកាស​ពី​ការតាំង​ចិត្ត​របស់​ក្នុងការ​បញ្ចប់​វិវាទ​ដីធ្លី​ដែលមាន​អាយុ​ជាង​មួយ​ទសវត្សរ៍​នៅក្នុង​ខេត្តកោះកុង​។ មន្ត្រី​សិទ្ធិមនុស្ស​រំពឹងថា​រដ្ឋាភិបាល​នឹងធ្វើ​សកម្មភាព​ពិតប្រាកដ​ក្នុងការ​បញ្ចប់​ជម្លោះ​ជាជាង​គ្រាន់តែ​ការសន្យា​នោះ​។



​រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​រក​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣១៦​គ្រួសារ​នៅក្នុង​ស្រុក​ចំនួន​ពីរ​របស់​ខេត្តកោះកុង បន្ទាប់ពី​មានការ​ប៉ះទង្គិច​រវាង​ពលរដ្ឋ​ជាង​២០០​នាក់​ជាមួយ​ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កងសន្តិសុខ​ក្នុង​រាជធានី​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់​និង​តាម​ការបញ្ជាក់​របស់​អង្គការសិទ្ធិមនុស្ស​។​

​ក្រុម​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​នោះ គឺ​ស្ថិតក្នុង​ប្រជាពលរដ្ឋ​ចំនួន​៣១៦​គ្រួសារ ដែលមាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចំនួន​ពីរ​ក្នុង​ខេត្តកោះកុង​។​

​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ចុះ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ តាម​អត្ថន័យ​ដើម​ថា​៖ «​ដោយយោង​លិខិត​...​របស់​រដ្ឋបាល​ខេត្តកោះកុង​ចុះ​ថ្ងៃ​៣០ ខែមីនា ឆ្នាំ​២០១៨ សំណូមពរ​របស់​ក្រុម​ប្រជាពលរដ្ឋ​៣១៦​គ្រួសារ ស្ថិតនៅ​ស្រុកស្រែ​អំបិល ស្រុក​បទុម​សាគរ ខេត្តកោះកុង និង​សំណូមពរ​របស់​ក្រុម​ប្រជាពលរដ្ឋ ១៧០​គ្រួសារ ស្ថិតនៅ​ស្រុកស្រែ​អំបិល ខេត្តកោះកុង ដែលមាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co., Ltd និង Koh Kong Sugar Industry Co., Ltd ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចាត់​ក្រុមការងារ​ចុះ​សហការ​ជាមួយ​ក្រុមការងារ​រប​ស់​អាជ្ញាធរ​ខេត្តកោះកុង ដើម្បី​ពិនិត្យ​អត្តសញ្ញាណ​អ្នកកាន់កាប់​និង​ដី ពាក់ព័ន្ធ​នឹង ករណី​វិវាទ​ខាងលើ ចាប់ពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ រហូត​រួចរាល់​ជា​ស្ថាពរ​ឈានទៅ​ដោះស្រាយ​បញ្ចប់​»​។​

​សេចក្តីប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ធ្វើឡើង ក្រោយពី​មាន​សេចក្តីរាយការណ៍​អំពី​ការប្រឈមមុខ និង​ការប៉ះទង្គិច​គ្នា​របស់​ក្រុម​ប្រជាពលរដ្ឋ​ជាង​២០០​នាក់​មកពី​ខេត្តកោះកុង ដែល​បាន​ឡើងមក​ស្នាក់​នៅក្នុង​វត្ត​សាមគ្គី​រង្សី​ស្ថិតក្នុង​រាជធានី​ភ្នំពេញ​។ អ្នក​តវ៉ា​មួយចំនួន ត្រូវបាន​គេ​ពណ៌នា​ថា កំពុង​ពរ​កូនតូច​នៅជាប់​នឹង​ខ្លួន​អំឡុងពេល​ប៉ះទង្គិច​គ្នា​ផងដែរ​។ ការប៉ះទង្គិច​គ្នា​នេះ បានកើត​ឡើង ខណៈពេលដែល​ក្រុម​ប្រជាពលរដ្ឋ​ព្យាយាម​ដើរ​ហែ​ក្បួន​ឆ្ពោះទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ក្នុង​គោលបំណង​ស្វែងរក​ការឆ្លើយតប​ពី​ក្រសួង​ទៅនឹង​ដំណោះស្រាយ​សម្រាប់​វិវាទ​ដីធ្លី​របស់​ពួកគេ​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ក្នុងស្រុក​លីកាដូ បានផ្តល់​សេចក្តីរាយការណ៍​សង្ខេប​អំពី​ការប៉ះទង្គិច​នេះ នៅលើ​គេហទំព័រ​របស់ខ្លួន​ថា សមាជិក​សហគមន៍​ជាង​២០០​នាក់ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ រាប់រយ​គ្រួសារ​នៅក្នុង​ឃុំ​ជីខ​លើ ឃុំ​ជីខ​ក្រោម​និង​ឃុំ​ដង​ពែង​នេះ បានដាក់​ញត្តិ​ជូនទៅ​មន្ត្រី​ពាក់ព័ន្ធ​របស់​ក្រសួង កាលពី​ថ្ងៃ​ព្រហស្បតិ៍​រួចមកហើយ និង​បន្ត​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី នៅពេល​យប់​។​

​សេចក្តីរាយការណ៍​រប​ស់​អង្គការ​លីកាដូ បាន​បន្ត​ក្នុងន័យ​ដើម​ថា​«​លុះដល់​ព្រឹក​ថ្ងៃ​សុក្រ​នោះ នៅពេល​អ្នក​ទាំងនោះ ព្យាយាម​ដើរ​ត្រឡប់​ឆ្ពោះទៅ​ក្រសួង​រៀបចំ​ដែនដី​វិញ ក្នុង​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ស្រាប់តែ​កងសន្តិសុខ និង​នគរ បាល ប្រហែល​៤០​នាក់ បាន​បិទផ្លូវ​និង​រុញច្រាន​ពួកគាត់​ដែល​ជាការ​ការរំលោភបំពាន​ដល់​សិទ្ធិសេរីភាព​ក្នុងការ​ជួបជុំ​និង​តវ៉ា​ដោយ​សន្តិវិធី​»​។​

​មិនមាន​ករណី​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ​រវាង​ភាគី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​នៅក្នុង​ការប៉ះទង្គិច​កាល​ពីថ្ងៃ​សុក្រ​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ​លីកាដូ​។​

VOA ព្យាយាម​ទាក់ទង​សុំ​ការអធិប្បាយ​ពី​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​លោក​មិន​លើក​ទូរស័ព្ទ​ទេ​។​

​លោក ហ៊ួ​រ អ៊ី​ន មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំខេត្ត​កោះកុង ថ្លែង ថ្លែងប្រាប់ VOA នៅ​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋាភិបាល​មិនអាច​ទុក​ឲ្យ​វិវាទ​រ៉ាំរ៉ៃ​នេះ បន្ត​អូសបន្លាយ​ទៅមុខ​បន្ថែមទៀត​ទេ​។​

«​ចំពោះ​ករណី​ហ្នឹង មិនគួរណា​មានការ​អូសបន្លាយ​ពេល​វេលា​តទៅទៀត​ទេ ដោយសារ​ក្រុម​គាត់ ហ្នឹង​គឺ​ស្ថិតនៅក្នុង​ក្រុម ៥០២​គ្រួសារ ដែល​មួយក្រុម​មុន​នោះ មាន​១៩៧​គ្រួសារ​ហ្នឹង បាន​ដោះស្រាយ​បញ្ចប់​ហើយ​។ ដូច្នេះ​គឺ​ក្រុម​គាត់​តែមួយ​ទេ គ្រាន់តែ​ថា​គាត់​បែកក្រុម​ជា​ពីរ ហើយ​ចំពោះ​ការធ្វើ​អត្តសញ្ញាណ​ដី​ហ្នឹង គឺ​ធ្វើបាន​ដូចគ្នា​ទេ កាល​ដើមឆ្នាំ ២០១៦ នៅ​សាលាស្រុក​។ ដូច្នេះ​ដូចជា​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ក្រសួង​ហ្នឹង​ចុះមក​សិក្សា​ស្រាវជ្រាវ ម្តងទៀត ឬក៏​ធ្វើ​អត្តសញ្ញាណ​ដី​ហ្នឹង ម្តងទៀត​ទេ​ណា ព្រោះ​ពួកគាត់​បានធ្វើ​ហើយ ហើយ​ខាង​ក្រសួង​ហ្នឹង​ចុះមក​ធ្វើ​ខ្លួនឯង​ទៀត​»​។​

​អង្គការ​លីកាដូ​បាន​ថ្លែង​បន្ថែម​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​ថា អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ប្រជាពលរដ្ឋ​ទាំងនេះ បានដាក់​ញត្តិ​ជូនទៅ​អាជ្ញាធរខេត្ត​និង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​សំណង​សមរម្យ​ដោយសារ​ការបាត់បង់​ដីធ្លី តាំងពី​ឆ្នាំ​២០០៦ ជុំវិញ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ពីរ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ស្ករអំពៅ​ថៃ KSL ក៏ដូចជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្សកាន់អំណាច​គឺ​លោក​ឧកញ៉ា លី យ៉ុង​ផាត់​។​

VOA​ព្យាយាម​សុំ​ការអធិប្បាយ​ពី​លោក លី យ៉ុង​ផាត់ តែ​មិនអាច​ទាក់​ទង់​បានទេ នៅ​ថ្ងៃ​សៅរ៍​នេះ​។ VOA ក៏​មិនទាន់​អាចទាក់ទង​ក្រុមមន្ត្រី​នាំពាក្យ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​បាន​ដែរ​។​

​ក្នុង​សំណុំរឿង​វិវាទ​ដីធ្លី​ដដែល​នេះ រដ្ឋាភិបាល​បានផ្តល់​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧៥​គ្រួសារ​កាលពី​ថ្ងៃទី​២២ ខែមីនា​។ ដំណោះស្រាយ​ដែល​បានផ្តល់​ជូន​នោះ រូ​ម​មាន​ដី​ទំហំ​ពី​១,៥​ហិកតា ដល់​៣​ហិកតា និង​ថវិកា​ចំនួន​២៥០០​ដុល្លារ ក្នុង​មួយ​គ្រួសារ​។​

​ដំណោះស្រាយ​នោះ ត្រូវបាន​ធ្វើឡើង​ទៅតាម​ស្ថានភាព​នៃ​ជម្លោះ​របស់​ប្រជា ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន Kong Plantation Co.,Ltd និង​ក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ដែល​មន្ត្រី​សិទ្ធិមនុស្ស​និង​ក្រុម​តំណាង​ប្រជាពលរដ្ឋ​អះអាងថា ក្រុមហ៊ុន​ទាំងពីរ​នេះ ដើមឡើយ​ជា​កម្មសិទ្ធិ​របស់លោក​លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com