អន្តរជាតិ
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៖ ឌូ​ទើ​តេ ថា បើ​ចែក​ប្រយោជន៍​គ្នា​បាន ចាំបាច់​ធ្វើសង្គ្រាម​ជាមួយ​ចិន​ធ្វើ​អ្វី​
21, May 2018 , 11:00 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព AFP)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព AFP)
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅតែ​ប្រកាន់​ជំហរ​មិន​ធ្វើសង្គ្រាម​ជាមួយ​ចិន​ជុំវិញ​ជម្លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង ឬ​ហៅ​តាម​ហ្វីលីពីន​ថា សមុទ្រ​ហ្វីលីពីន​ខាងលិច​ឡើយ​។ លោក ឌូ​ទើ​តេ នៅតែ​និយាយ​ដដែល​ជាដ​ដែលថា ហ្វីលីពីន​គ្មាន​សង្ឃឹម​ឈ្នះ​ចិន​ឡើយ ព្រោះ​ប្រទេស​លោក​គ្មាន​លទ្ធភាព​សូម្បី​ទិញ​កាំភ្លើង​វែង​ផង​នោះ​។ ចំពោះ​លោក ឌូ​ទើ​តេ ដំណោះស្រាយ​ល្អ​សម្រាប់​ហ្វីលីពីន គឺ​ចែក​ធនធាន​នៅ​តំបន់​ជម្លោះ​ជាមួយ​ចិន​។​



​មួយ​រយៈបេល​ចុងក្រោយ ចិន​បាន​បង្កើន​សកម្មភាព​យោធា​ខ្លាំង​នៅ​តំបន់​ប្រទាញប្រទង់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​ចុង​ក្រោយនេះ ចិន​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​ទៅ​ចុះចត​នៅ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ទៅទៀត​។ ហ្វីលីពីន ដែលជា​ភាគី​ជម្លោះ​មួយ​ដែរនោះ មិន​និយាយ​អ្វី​ទាំងអស់​លើ​សកម្មភាព​របស់​ចិន ហើយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក៏មាន​ជំហរ​មិន​ងាករេ​ឡើយ គឺ​មិន​ធ្វើ​ប្រយុទ្ធ​ជាមួយ​ចិន​ឡើយ​។​

​ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​សេ​ប៊ូ​កាលពី​ចុង​សប្ដាហ៍​មុន លោក ឌូ​ទើ​តេ បានជ្រើសរើស​យក​សំណើ​របស់​ចិន​ដែល​ចង់​បែងចែក​ផលប្រយោជន៍​នៅ​តំបន់​មាន​ជម្លោះ​។ លោក​និយាយថា ហ្វីលីពីន និង​ចិន​មិន​ច្បាំង​គ្នា​ឡើយ ហើយ​ចិន​ក៏បាន​ស្នើ​ឲ្យ​មានការ​អភិវឌ្ឍ​រួម និង​ការរុករក​ធនធាន​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​។ លោក​ក៏បាន​បញ្ជាក់ថា ចិន​បាន​សន្យា​ចែក​ចំណែក​ធំ​ជាង​ឲ្យ​ហ្វីលីពីន​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Manila Bulletin ។ 

​ប្រធានាធិបតី​ហ្វីលីពីន ដែល​រក្សា​ជំហរ​ទន់ភ្លន់​ដាក់​ចិន​តាំងពីដើម​មក​នោះ ក៏​ឆ្លៀត​ពន្យល់​មូលហេតុ​ដែល​លោក​មិន​ធ្វើ​សកម្មភាព​ប្រទូស្ត​រាយ​ជាមួយ​ចិន​ដើម្បី​ទាមទារ​ទឹកដី​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ដោយ​ទទួលស្គាល់ថា ចិន​មាន​សម្ភារៈ​ទំនើបៗ និង​មូលដ្ឋាន​ច្រើន​នៅ​តំបន់​សមុទ្រ​នេះ លោក ឌូ​ទើ​តេ លើក​ជា​សំណួរ​ថា បើ​សង្គ្រាម​ជាមួយ​ចិន​ផ្ទុះ​ឡើយ ហ្វីលីពីន​នឹង​ទៅជា​យ៉ាងណា​? ហេតុអ្វី​លោក​ត្រូវ​លះបង់​ជីវិត​ទាហាន និង​ប៉ូលិស​ក្នុង​សង្គ្រាម​ដែល​មិនអាច​ឈ្នះ​នោះ​?

​ចំពោះ​លោក ឌូ​ទើ​តេ ដឹងខ្លួន​មិន​ឈ្នះ​ចិន ក៏​ព្រោះតែ​ហ្វីលីពីន​មិន​សមត្ថភាព​អ្វី​ទៅតល់​ជាមួយ​មហា​យក្ស​មួយ​នេះឡើយ​។ ពោល គឺ​ហ្វីលីពីន​គ្មាន​អាវុធ​ទំនើបៗ​អ្វី​ទាំងអស់ ហើយ​គ្មាន​លទ្ធភាព​ទិញ​កាំភ្លើង​ខ្លួនឯង​ផង ខណៈ​កាំភ្លើង​វែង​នៅ​ហ្វីលីពីន​ជា​អំណោយ​បរទេស​ប៉ុណ្ណោះ​។ ដូច្នេះ​ឲ្យ​ហ្វីលីពីន​ទៅ​ច្បាំង​ជាមួយ​ចិន​យ៉ាងម៉េច​។ មេដឹកនាំ​ហ្វីលីពីន​រូបនេះ​បន្ថែមថា សូម្បី​អាមេរិក​ក៏​មិនបាន​ធានា​ឈរ​នៅ​ជាមួយ​ហ្វីលីពីន​ដែរ​។​

​ដោយសារ​បញ្ហា​នេះ លោក ឌូ​ទើ​តេ បាន​រិះគន់​អាមេរិក​ចាស់ដៃ​កន្លងមក ព្រោះ​មិន​ចាត់វិធានការ​អ្វី​ដើម្បី​ទប់ស្កាត់​ចិន​តាំងពី​ដំបូង​។ លោក​រិះគន់ថា អាមេរិក​បារម្ភ​ពី​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏​ព្រោះតែ​ខ្លួន​បាត់បង់​ទឹកដី​ប៉ុណ្ណោះ​។ លោក ឌូ​ទើ​តេ បាន​សរសើរ​ចិន​ដែល​ខុសពី​អាមេរិក ព្រោះ​មហាអំណាច​នេះ​បានផ្ដល់​ជំនួយ​យ៉ាងច្រើន​ឲ្យ​ហ្វីលីពីន​កន្លងមក​៕

Tag:
 ចិន​
  ហ្វីលីពីន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com