ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
«​ដេក​ផ្ទះ​ឈ្នះ​ឯង​» អាចធ្វើ​ឲ្យ​អតីត CNRP អស់សិទ្ធិ​នយោបាយ​៥​ឆ្នាំ​បន្ថែមទៀត​
21, May 2018 , 12:19 pm        
រូបភាព
​ក្រសួងមហាផ្ទៃ ព្រមាន​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​ស្នើ​ឲ្យ​បិទ​សិទ្ធិ​ថ្នាក់ដឹកនាំ​ជាង​១០០​នាក់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​បន្ថែមទៀត​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ពាក្យបណ្តឹង​បែបនេះ ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​ពន្យល់ថា មកពី​អតីត​ថ្នាក់ដឹកនាំគណបក្សប្រឆាំង បន្តធ្វើ​សកម្មភាព​នយោបាយ​នៅក្រៅ​ប្រទេស តាមរយៈ​ការជំរុញ​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាលកម្ពុជា និងអំពាវនាវ​ពលរដ្ឋ​ មិន​ឲ្យ​ទៅ​បោះឆ្នោត​ ជាដើម​។



​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​មេដឹកនាំ​១១៨​នាក់ អស់សិទ្ធិ​នយោបាយ​៥​ឆ្នាំ​ក្រោម​អំណាច​សាលដីការ​តុលាការ​កំពូល ទៅហើយនោះ ប្រឈម​នឹង​ពាក្យបណ្តឹង​ថ្មី​មួយទៀត​ពី​ក្រសួងមហាផ្ទៃ ដែល​អាចធ្វើ​ឲ្យ​អតីត​មេដឹកនាំ​ទាំងនោះ រួមទាំង​អ្នកពាក់ព័ន្ធ​សរុប​ជាង​១០០​នាក់ បាត់បង់​សិទ្ធិ​ធ្វើ​នយោបាយ​៥​ឆ្នាំ​បន្ថែមទៀត​។​

​លើសពីនេះ ក្រសួងមហាផ្ទៃ ក៏​អាច​នឹង​ស្នើ​ឲ្យ​តុលាការ បង្កក​ទ្រព្យសម្បតិ្ត​របស់​ក្រុម​អ្នកប្រឆាំង​ផងដែរ​។ ក្រសួងមហាផ្ទៃ មាន​គម្រោង​ចាត់វិធានការ​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​ក្រុមប្រឆាំង ដែល​ទៅ​ពឹងពាក់​ប្រទេស​មហាអំណាច​ឲ្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​កម្ពុជា  ដែល​ផ្ញើ​នៅក្រៅ​ប្រទេស​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨​នេះ​ថា សកម្មភាព​នៅក្រៅ​ប្រទេស​របស់​ក្រុម​គណបក្សប្រឆាំង ដែលមាន​លោក សម រង្ស៊ី ជា​បង្គោល គឺជា​សកម្មភាព ដែល​ផ្គើន​នឹង​សាលដីកា​របស់​តុលាការ​កំពូល​។ លោក អះអាងថា ពួកគេ ត្រូវបាន​តុលាការ​កំពូល បិទ​សិទ្ធិ​ហើយ ដូច្នេះ​មិនអាច​ធ្វើ​សកម្មភាព​នយោបាយ​បានឡើយ​។

​លោក ខៀវ សុភ័គ បន្តថា ការដែល​ក្រុម​អ្នកប្រឆាំង អំពាវនាវ​មិន​ឲ្យ​ប្រជា​ល​រដ្ឋ ទៅ​បោះឆ្នោត ក៏​ជា​មូលហេតុ​ចម្បង ដែល​ជំរុញ​ឲ្យ​ក្រសួងមហាផ្ទៃ ចាប់ផ្តើម​ចាត់វិធានការ​ដែរ​។ លោក និយាយថា ការអំពាវនាវ​របស់​របស់​ពួកគេ គឺអាច​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​។

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ ដែល​ពាក់​ផ្កាយ​បួនរូប​នេះ បាន​ព្រមាន​ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រសិនបើ​សកម្មភាព​របស់​ពួកគាត់ កាន់តែ​ធ្ងន់ធ្ងរ យើង​នឹង​ស្នើ​ឲ្យ​តុលាការ ពន្យារពេល​បិទ​សិទ្ធិ​ពួកគាត់ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ទៀត​។ ហើយ​ពួកគាត់ ក៏​អាច​នឹង​ត្រូវបាន​បង្កក​ទ្រព្យសម្បត្តិ​ដែរ​។ ពួកគាត់​ត្រូវ​ចាំ​ថា ពួកគាត់​ក៏មាន​ទ្រព្យសម្បតិ្ត ដូចជា ផ្ទះសម្បែង ដីធ្លី នៅក្នុង​ប្រទេស​ដែរ​។  និយាយ​ជា​ភាសា​សាមញ្ញ គឺថា មាន​មួយ យើង​អប់រំ​មួយ មាន​ពីរ យើង​អប់រំ​ពីរ​»​។

​បច្ចុប្បន្ននេះ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ ដែល​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្សកាន់អំណាច បានបង្ហាញ​បំណង​របស់​ពួកគេ​ថា នឹង​ទៅ​ចូល​រួ​បោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ប៉ុន្តែ ប្រជាពលរដ្ឋ ដែល​នៅមាន​សមានចិត្ត​ជាមួយ​អតីត​គណបក្សប្រឆាំង បាន​បង្ហាញថា​ពួកគេ​នឹងមិន​ចូលរួម​ឡើយ​។

​លោក សម  រង្ស៊ី និង​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស ជា​អ្នក​អំពាវនាវ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​។ លោក សម  រង្ស៊ី បានចាត់ទុក​ការបោះឆ្នោត ដែល​គ្មាន​គណបក្សប្រឆាំង ថា​ជាការ​បោះឆ្នោត​លេងសើច និង​មិនអាច​យក​ការ​បាន​។ ជា​សារ​ទាក់ទាញ មេដឹកនាំ​រូបនេះ បានសរសេរថា​៖ «​ដេក​ផ្ទះ​ឈ្នះ​ឯង​»​។​

​ថ្មីៗ​នេះ ក្រុមតំណាងរាស្ត្រ​សហរដ្ឋអាមេរិក បានធ្វើ​សេចក្តីស្នើច្បាប់​មួយ​ស្តីពី «​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា ដែល​បាន​បំផ្លាញ​ប្រជា​ប្រ​ធិបតេយ្យ​។ សេចក្តីស្នើច្បាប់​នោះ មានបំណង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​កម្ពុជា ដែល​ផ្ញើ​នៅ​សហរដ្ឋអាមេរិក និង​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​សហរដ្ឋអាមេរិក​។

​ក្រុមតំណាងរាស្ត្រ​សហរដ្ឋអាមេរិក ធ្វើ​សេចក្តីស្នើច្បាប់​បែបនេះ គឺ​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែប្រែ​ឥរិយាបថ ដោយ​យល់ព្រម​ដោះលែង​លោក កឹម សុខា និង​បើកផ្លូវ​ឲ្យ​គណបក្សប្រឆាំង ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ ហើយ​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជាមួយ​គេឯង​។ ក្រៅពី​សហរដ្ឋអាមេរិក សហគមន៍​អន្តរជាតិ​ផ្សេងទៀត ដូចជា​សហភាព​អឺរ៉ុប​ជាដើម ក៏បាន​ដាក់​សម្ពាធ​និង​ព្រមាន​រដ្ឋាភិបាល​កម្ពុជា​ដែរ​។

​យ៉ាងណាក៏ដោយ សម្ពាធ​និង​ទណ្ឌកម្ម​របស់​សហគម​ន៍​អន្តរជាតិ​ខាងលើ ហាក់​គ្មាន​ឥទ្ធិពល​មល​លើ​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា ថែមទាំង​ប្រាប់​ត្រឡប់​ទៅវិញ កុំ​ឲ្យ​ប្រទេស​មហាអំណាច​ខាងលើ លូកដៃ​ចូល​ផ្ទៃក្នុង​របស់​កម្ពុជា​៕


Tag:
 បោះឆ្នោត​
  មហាផ្ទៃ​
  ខៀវ សុភ័គ​
  CNRP
  បិទ​សិទ្ធិ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com