អន្តរជាតិ
អ៊ីរ៉ង់ចង់ឲ្យអឺរ៉ុបធ្វើសកម្មភាពជាក់ស្ដែងដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif ចាប់ដៃជាមួយស្នងការទទួលបន្ទុកថាមពលអឺរ៉ុបលោក Miguel Arias Canete (រូបភាព AFP)
× ក្រោយការចាកចេញរបស់អាមេរិក អឺរ៉ុបបានចេញមុខប្រកាសភ្លាមថា ខ្លួននឹងទ្រទ្រង់មិនឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដួលរលំឡើយ និងបន្តរក្សាប្រយោជន៍សេដ្ឋកិច្ចឲ្យអ៊ីរ៉ង់ទៀត បើអ៊ីរ៉ង់មិនដើរចេញតាមអាមេរិកទេនោះ។ អ៊ីរ៉ង់ ដែលនៅចាំមើលសកម្មភាពរបស់អឺរ៉ុបសិននោះ បានសាទរការប្រឹងប្រែងរបស់ប្លុកប្រទេសទាំង២៨ នេះកន្លងមក។ ប៉ុន្តែក្រុងតេហេរ៉ង់ចង់ឲ្យក្រុងព្រុចសែលធ្វើសកម្មភាពជាក់ស្ដែងឲ្យបានច្រើន ជាជាការគាំទ្រផ្នែកនយោបាយ។
សម្រាប់អ៊ីរ៉ង់ ការគាំទ្រផ្នែកនយោបាយរបស់អឺរ៉ុបមិនទាន់គ្រប់គ្រាន់ តែអឺរ៉ុបត្រូវចាត់វិធានការជាក់ស្ដែងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់។ នេះជាសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif នៅក្រោយជំនួបជាមួយប្រមុខថាមពលអឺរ៉ុប Miguel Arias Canete នៅថ្ងៃទី២០ ខែឧសភា ក្នុងរដ្ឋធានីតេហេរ៉ង់។ លោក Canete ធ្វើទស្សនកិច្ចដើម្បីបង្ហាញផែនការរបស់អឺរ៉ុបដើម្បីការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីអាមេរិកបានដកខ្លួន។
យោងតាមការផ្សាយរបស់ទូរទស្សរដ្ឋអ៊ីរ៉ង់ IRIB លោក Zarif បានលើកឡើងពីកើនឡើងនៃក្ដីរំពឹងទុករបស់សាធារណមតិអ៊ឺរ៉ង់លើសហភាពអឺរ៉ុប ក្រោយអាមេរិកដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយការគាំទ្រនយោបាយរបស់អឺរ៉ុបដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងនេះ គឺមិនទាន់ល្អគាប់ចិត្តឡើយ។ នេះក៏ព្រោះតែស្ថានការណ៍ជាក់ស្ដែងមិនដូចការប្ដេជ្ញាចិត្តរបស់ប្រទេសអឺរ៉ុបទេ ទោះជាប្រទេសទាំងនោះមានជំហររឹងមាំក៏ដោយ។
ក្រុមហ៊ុនអឺរ៉ុបជាច្រើនកំពុងព្រួយបារម្ភពីការរកស៊ីរបស់ពួកគេនៅអ៊ីរ៉ង់ ដ្បិតអាមេរិកបានគំរាមដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដែលនឹងបង្កបញ្ហាដល់ការវិនិយោគរបស់ខ្លួនផង។ ក្រុមហ៊ុនដឹកជញ្ជូនរបស់ដាណឹម៉ាក Maersk Tankers ក្រុមហ៊ុនធានារ៉ាប់រងអាល្លឺម៉ង់ Allianz ក្រុមហ៊ុនផលិតដែកអ៊ីតាលី Danieli និងក្រុមហ៊ុនប្រេងបារាំង Total សុទ្ធតែប្រកាសលទ្ធភាពដកខ្លួនចេញពីអ៊ីរ៉ង់ បើមិនអាចទទួលបានការលើកលែងទណ្ឌកម្មរបស់អាមេរិកទេនោះ។
ប្រមុខការទូតអ៊ីរ៉ង់ចាត់ទុកថា ការប្រកាសរបស់ក្រុមហ៊ុនអឺរ៉ុប មិនស្របនឹងការប្ដេជ្ញាចិត្តរបស់សហភាពអឺរ៉ុបឡើយ។ ដើម្បីបង្ហាញការគាំទ្រពិតប្រាកដ លោក Zarif បានប្រាប់ឲ្យសហភាពអឺរ៉ុបត្រូវតែចាត់វិធានការជាក់ស្ដែងបន្ថែមទៀតដើម្បីបង្កើនការវិនិយោគនៅអ៊ីរ៉ង់។ ចំណែកឯលោក Canete ក៏និយាយដែរថា អឺរ៉ុបទទួលស្គាល់តម្រូវការរបស់អ៊ីរ៉ង់ និងថា ការប្រកាសបរបស់ក្រុមហ៊ុនអឺរ៉ុបខ្លះធ្វើឲ្យស្ថានការណ៍ស្មុគស្មាញ។
ភ្លាមៗក្រោយលោក ដូណាល់ ត្រាំ ប្រកាសដើរចេញ អ៊ីរ៉ង់ចង់ធ្វើតាមអាមេរិកភ្លាមដែរទៅហើយ តែប្រទេសអឺរ៉ុបព្យាយាមបញ្ចុះបញ្ចូលឲ្យបន្តអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរបន្តទៀត ជាថ្នូរនឹងការទទួលបានសម្បទានសេដ្ឋកិច្ចដូចដើមដែរ។ ទន្ទឹមនឹងការចាំមើលចំណាត់ការរបស់អឺរ៉ុប និងហត្ថលេខីផ្សេងទៀត ក្រុងតេហេរ៉ង់បានព្រមានទុកមុនថា ខ្លួននឹងត្រឡប់ទៅចម្រាញ់អ៊ុយរ៉ាញ៉ូមដោយគ្មានកំណត់មិនខាន បើប្រយោជន៍របស់ខ្លួនមិនត្រូវបានធានានោះ៕
Tag:
អ៊ីរ៉ង់
អឺរ៉ុប
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com