អន្តរជាតិ
របប​សឹក​ថៃ​ដាក់​បញ្ជា​ឲ្យ​បូលិស​ទូទាំងប្រទេស​ទប់​ស្កាត់​ការប្រមូលផ្តុំ​នៅ​«​ខួប​បួន​ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា​»
21, May 2018 , 10:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​របប​សឹក​ថៃ បាន​ព្រមាន​ចាត់វិធានការ​លើ​ចលនា ឬ​ការប្រមូលផ្តុំ ដែល​ធ្វើឡើង​ដើម្បី​ប្រឆាំងនឹង​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ ការព្រមាន​នេះ ធ្វើឡើង​ខណៈ​ខួប​បួន​ឆ្នាំ នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​រដ្ឋប្រហារ​យោធា​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏​កាន់តែ​ជិត​មកដល់​ផងដែរ​នោះ ។



​អគ្គស្នងការ​រង​នៃ​នគរបាលជាតិ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Srivara Rangsibrahmanakul នៅ​ថ្ងៃ​១៩ ឧសភា បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​បានដាក់​បទបញ្ជា​ឲ្យ​ប៉ូលិស​ទាំងអស់​ដាក់​តម្រួត​ពិនិត្យ​សុវត្ថិភាព និង​តាមដាន​រាល់​សកម្មភាព​ដើម្បី​ធ្វើ​អន្តរាគមន៍​ទាន់ពេលវេលា​ក្នុងករណី​មាន​កើត​ហិង្សា ជាពិសេស​នៅក្នុង​ថ្ងៃ គម្រប់​ខួប​បួន​ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ The Nation​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​បាន​អះអាងថា​ចំណាត់​ការដែល​រាប់បញ្ចូល​ទាំង​ការឆែកឆេរ​អាវុធ​គ្រប់​ប្រភេទ​នេះ ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃ​១៨ ខែឧសភា​រហូតដល់​ដាច់​នៃ​ខែ​នេះ ។ លោក​ឧ​ត្ត​ម​សេនីយ៍ ក៏​ព្រមាន​ចាត់វិធានការ​ផ្នែក​ច្បាប់​ប្រឆាំងនឹង​ក្រុមបាតុករ​ដែល​បាន​បំពាន​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ស្តីពី​ការប្រមូលផ្តុំ ។

​ការចេញ​សារ​ព្រមាន​ពី​អង្គការ​សន្តិសុខ​ផ្ទៃក្នុង​ថៃ​នេះដែរ ធ្វើឡើង​ក្រោយពី​មាន​ក្រុម ដែល​អះអាង​ខ្លួន​ថា ជា​អ្នក​ចង់បាន​ការបោះឆ្នោត ព្រមាន​ប្រមូល​ផ្តុំគ្នា​នៅ​វិមាន​រដ្ឋាភិបាល​ថៃ​ដើម្បី​ដាក់​ញ្ញត្តិ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា រៀបចំ​ការបោះឆ្នោត នៅ​ខែវិច្ឆិកា​ខាងមុខ តាម​ការសន្យា​របស់លោក ពីមុន​។ ការប្រកាស​ចុងក្រោយ​របស់លោក ប្រា​យុទ្ធ ការបោះឆ្នោត​នឹងត្រូវ​ប្រព្រឹត្ត​នៅ​ខែកុម្ភៈ​ឆ្នាំក្រោយ ។

​គួរ​ជម្រាប​ផងដែរ នៅ​ថ្ងៃ​២២ ឧសភា ខាងមុខនេះ គឺជា​ខួប​បួន​ឆ្នាំ​ហើយ​នៃ​ការដឹកនាំ​ប្រទេស​ថៃ តាមរយៈ​ប្រព័ន្ធ​របប​សឹក របស់លោក​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា​។ ដើម្បី​គម្រប់​ខួប​នេះ​ផងដែរ រដ្ឋាភិបាល​របប​សឹក​ក៏បាន​រៀបចំ​បោះផ្សាយ​សៀវភៅ និង​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​នៃ​ការខិតខំ​កសាង​ប្រទេស ដែល​លោក ប្រា​យុទ្ធ ធ្លាប់​លើកឡើងថា ត្រូវបាន​បែកខ្ញែក​គ្នា​ដោយសារ​អ្នកនយោបាយ ។

​កាលពីពេល​ថ្មីៗ​នេះ គណបក្ស​ដ៏​មាន​ឥទ្ធិពល​របស់​ថៃ គឺ​ភឿ​ថៃ ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ រិះគន់​រដ្ឋាភិបាល​រប​ប​សឹក ដែល​បរាជ័យ​ក្នុងការ​អនុវត្តតាម​កា​រ​កិច្ចសន្យា​របស់ខ្លួន​ថា​ស្តារ​ប្រទេស​ឲ្យ​ល្អប្រសើរ​ឡើង​។ បក្ស​នេះ​បាន​អះអាងថា របប​សឹក​បានធ្វើ​ឲ្យ​ប្រជាធិបតេយ្យ ដើរ​ថយក្រោយ ខណៈ​សេដ្ឋកិច្ចជាតិ​ថៃ ក៏​កាន់តែ​អាក្រក់​ជាង​មុន​ផង​។ បក្ស​នេះ ក៏​ទទួលបាន​សារ​ព្រមាន​ពី​រដ្ឋាភិបាល​រួចហើយ​ដែរ ក្រោយ​នៃ​ការចេញ​សេចក្តី​ថែ្ល​ង​ការណ៍​រួច​៕


Tag:
 ថៃ​
  នយោបាយ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com