កីឡាអន្តរជាតិ
អន្តរជាតិ
Abramovich ខក​លើក​ពាន FA Cup ដោយសារ​អង់គ្លេស​មិនទាន់​បន្ត​ទិដ្ឋាការ​ឲ្យ​
21, May 2018 , 4:51 pm        
រូបភាព
​ទិ​ដ្ឋាការ​របស់លោក Roman Abrahimovic បាន​ផុត​សុពលភាព​តាំងពី​ចុងខែ​មេសា​មកម្ល៉េះ​។ ករណីបែបនេះ ហើយ បានជា​ធ្វើ​ឲ្យ​ម្ចាស់​ក្លិប Chelsea អវត្តមាន ខណៈ​ក្រុម​របស់ខ្លួន​លើក​ពាន FA Cup កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែមេសា​។



​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​សម្រាប់ លោក Roman Abrahimovic ក្នុងការ​ចេញចូល​អង់​គ្លេ​ស​។ មហាសេដ្ឋី​រុស្ស៊ី​រូបនេះ ភ្លេច​មើល​ទិដ្ឋាការ​របស់ខ្លួន​ដែល​ផុតកំណត់​តាំងពី​ពាក់កណ្តាល​ខែមេសា ហើយក៏​មិនមាន​សេវាកម្ម​ឆាប់រហ័ស​សម្រាប់​លោក​ដើម្បី​ឲ្យ​ទាន់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នោះដែរ​។​

​យោងតាម BBC ប្រភព​ជិតស្និទ្ធ​របស់​អ្នកជំនួញ​វ័យ ៥១​ឆ្នាំ​រូបនេះ បាន​អះអាងថា គាត់​កំពុងដំណើរការ​បន្ត​ទិដ្ឋាការ​របស់ខ្លួន​ហើយ ប៉ុន្តែ​គ្រាន់តែ​ត្រូវបាន​ពន្យា​រយៈពេល​យូរ​ខុសពី​ធម្មតា​ប៉ុណ្ណោះ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​សន្តិសុខ​របស់​ចក្រភព​អង់គ្លេស​លោក Ben Wallace មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ខណៈ​មតិ​ជាច្រើន បាន​ភ្ជាប់​វា​ទៅនឹង​ទំនាស់​ការទូត​រវាង​អង់គ្លេស និង​រុស្ស៊ី​។​

​ភាពយឺតយ៉ាវ​ក្នុង​ការបន្ត​ទិដ្ឋាការ​របស់ Abramovich ខុសពី​សព្វមួយដង​នេះ កើតឡើង​ចំពេល​អង់គ្លេស និង​រុស្ស៊ី​កំពុង​ស​ង្គ្រឺ​ត​ធ្មេញ​ដាក់គ្នា​លើ​បញ្ហា​ការទូត បន្ទាប់ពី​ចារកម្ម​ជនជាតិ​រុស្ស៊ី​ដែល​ធ្វើការ​ឲ្យ​អង់គ្លេស​ម្នាក់​ឈ្មោះ Sergei Skripal ត្រូវបាន​បំពុល​កាលពី​ខែមីនា​កន្លងទៅ​។​



​ក្រុង​ឡុង​ដ៏​ចោទ​ក្រុង​មូ​ស្គូ​ថា នៅ​ពីក្រោយ​ករណី​បំពុល​នេះ ព្រោះ​សារធាតុ​គីមី​ពុល​នេះ​មាន​ប្រភពពី​រុស្ស៊ី តែ​រុស្ស៊ី​បាន​បដិសេធ​ដាច់ខាត និង​ទាមទារ​រក​ភស្តុតាង​ផងដែរ​។ ប៉ុន្តែ​អង់គ្លេស​មិនបាន​បង្ហាញ​ភស្តុតាង​ជាក់លាក់​ឡើយ​។ រដ្ឋាភិបាល​អង់គ្លេស​ក៏បាន​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​២៣​នាក់​ចេញពី​ប្រទេស ឯ​រុស្ស៊ី​ក៏​បញ្ជា​ឲ្យ​អ្នកការទូត​អង់គ្លេស​ចេញពី​ទឹកដី​ខ្លួន​ដែរ​។​

​លោក Abramovich ដែលជា​សេដ្ឋី​ប្រេង និង​ឧស្ម័ន និង​ត្រូវបាន​គេ​ស្គាល់​តាំងពី​ទសវត្សរ៍​ឆ្នាំ ៩០​មក​នោះ បាន​ក្លាយជា​ម្ចាស់​ហ៊ុន​ធំជាងគេ​របស់​ក្លិប Chelsea ចាប់ពី​ឆ្នាំ ២០០៣​មក​។​

​បើ​យោងតាម Sunday Times បុរស​ជនជាតិ​រុស្ស៊ី​រូបនេះ​មានទ្រព្យ​សម្បត្តិ​រហូតដល់ ៩.៣​ពាន់​លាន​ផោន (១២.៤៧​ពាន់​លាន​ដុល្លារ​) ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៣ នៅ​ចក្រភព​អង់គ្លេស និង​ចំណាត់ថ្នាក់​ទី​១១​នៅ​រុស្ស៊ី​៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  Roman Abramovich
  FA Cup
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com