អន្តរជាតិ
លោក មូន ទៅជួបលោក ត្រាំ ដើម្បីធានាពីជោគជ័យជំនួបត្រាំ-គីមនៅសិង្ហបុរីខែក្រោយ
× នៅថ្ងៃទី២១ ខែឧសភា ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ធ្វើដំណើរទៅជួបជាមួយសមភាគី ដូណាល់ ត្រាំ ដើម្បីជជែកពីជំនួបកំពូលមេដឹកនាំអាមេរិក និងកូរ៉េខាងជើង។ មុនធ្វើដំណើរទៅកាន់អាមេរិក លោក មូន និងលោក ត្រាំ ក៏បានពិភាក្សាគ្នាតាមទូរសព្ទ និងបានសន្យាបន្តការប្រឹងប្រែងដើម្បីធានាថា ជំនួបនៅសិង្ហបុរីនឹងទទួលជោគជ័យ។ ជំនួបលោក មូន និងលោក ត្រាំ ធ្វើឡើងចំពេលដែលកូរ៉េខាងជើងហាក់ប្ដូរឥរិយាបថរបស់ខ្លួន និងគំរាមលុបចោលជំនួបនៅខែក្រោយផង។
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជុំវិញស្ថានការណ៍ថ្មីៗនៅកូរ៉េខាងជើង និងជំនួបលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅខែមិថុនា។ ក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃទី២០ ខែឧសភា លោក មូន និងលោក ត្រាំ បានសន្យាបន្តធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធដើម្បីឲ្យជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើងលើកទីមួយទទួលបានជោគជ័យ។
លោក មូន នៅថ្ងៃទី២១ ខែឧសភានេះ ទៅជួបលោក ត្រាំ ដោយផ្ទាល់នៅសេតវិមានក្នុងដំណើរទស្សនកិច្ចដែលត្រូវបញ្ចប់នៅថ្ងៃទី២៤ ខែឧសភាដដែល។ ជំនួបលោក មូន និងលោក ត្រាំ ធ្វើឡើងបីសប្ដាហ៍មុនជំនួបប្រវត្តិសាស្ត្ររវាងលោក ត្រាំ និងលោក គីម ដែលមានការលុបបំបាត់សាយនុយក្លេអ៊ែរជារបៀបវារៈសំខាន់។
ជំនួបលើកដំបូងរវាងលោក ត្រាំ និងលោក គីម ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ បន្ទាប់ពីកូរ៉េខាងជើងគំរាមលុបចោលជំនួបនេះ។ កូរ៉េខាងជើងដែលបង្ហាញជំហរទន់ភ្លន់នៅរយៈពេលចុងក្រោយ បានផ្លាស់ប្ដូរឥរិយាបថរបស់ខ្លួនភ្លាមៗកាលពីសប្ដាហ៍មុន ព្រោះមិនពេញចិត្តសមយុទ្ធដែនអាកាសរវាងអាមេរិក និងកូរ៉េខាងត្បូង ដែលខ្លួនចាត់ទុកជាសកម្មភាពបង្ករឿង។
មុនជំនួបដែលគេទន្ទឹងរង់ចាំមកដល់ អាមេរិកបានសន្យាផ្ដល់សម្បទានជាច្រើនឲ្យកូរ៉េខាងជើង បើរដ្ឋកុម្មុយនីស្តឯកោមួយនេះសុខចិត្តលះបង់នុយក្លេអ៊ែររបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo ធ្លាប់និយាយជាសាធារណៈថា ក្នុងករណីក្រុងព្យុងយ៉ាងរំសាយអាវុធនោះ ក្រុងវ៉ាស៊ីនតោនអាចលើកលែងទណ្ឌកម្ម និងលើកទឹកចិត្តឲ្យវិស័យឯកជនអាមេរិកទៅវិនិយោគនៅកូរ៉េខាងជើង ព្រមទាំងជួយឲ្យមានសេដ្ឋកិច្ចរីកចម្រើនដូចកូរ៉េខាងត្បូងផង។
ដោយឡែលោក ត្រាំ ក៏បានផ្ដល់ការធានាសុវត្ថិភាពដ៏ធំមួយឲ្យលោក គីម ដែរ។ នោះ គឺលោក គីម នឹងនៅបន្តដឹកនាំកូរ៉េខាងជើងដដែល បន្ទាប់ពីព្រមព្រៀងបោះបង់នុយក្លេអ៊ែររបស់ខ្លួនចោលហើយនោះ។ យ៉ាងណាមិញ ទន្ទឹមគ្នានេះប្រធានាធិបតីអាមេរិកក៏ព្រមានទុកមុនថា ក្នុងករណីដែលកូរ៉េខាងជើងមិនព្រមបោះបង់អាវុធ កូរ៉េខាងជើងនឹងអាចរងការវាយប្រហារ ហើយលោក គីម នឹងត្រូវទម្លាក់ពីតំណែងផងដែរ៕
Tag:
កូរ៉េខាងត្បូង
អាមេរិក
មូន ចេអ៊ីន
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com