អន្តរជាតិ
ប៉ូលិស​ថៃ ព្យាយាម​បំបែក​បទល្មើស​ជួញដូរ​«​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​»​ពី​ថៃ​ទៅ​ម៉ាឡេស៊ី​
22, May 2018 , 8:59 am        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​អាជ្ញា​រធរ​ក្រុង​បាងកក កំពុងតែ​បំបែកសំណុំរឿង​បទល្មើស​ជួញដូរ​មនុស្ស​ពាក់ព័ន្ធ​នឹង​ជនភៀសខ្លួន​ភាគតិច​ដ៏​អភ័ព្វ​របស់​មី​យ៉ាន់​ម៉ា​តាម​ព្រំដែន​ថៃ និង​ម៉ាឡេស៊ី​ដោយ​សម្ងាត់​។ អាជ្ញាធរ​បាន​រកឃើញ​ថា ក្រុមហ៊ុន​ខុសច្បាប់​នោះ បាន​បង្កើតជា​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​រ៉ូ​ហ៊ីង​យ៉ា​ហើយ​ចុងក្រោយ​ជួញដូរ​ពួកគេ​ទៅ​ម៉ាឡេស៊ី ។



​អនុប្រធាន​ប៉ូលិស​ទេសចរណ៍​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ Surachet Hakpan បាន​ឲ្យ​ដឹងថា តាមរយៈ​ប្រតិបត្តិការ​របស់​ប៉ូលិស​បាន​រកឃើញថា ឡានក្រុង​ជាច្រើន​គ្រឿង​បាន​លាក់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដើម្បី​ជួញដូរ​ខុស​នៅ​ខេត្ត​ភាគខាងត្បូង ហើយ​នៅពេល​ពួកគេ​ទៅដល់​ទីនោះ​វា​នឹងមាន​ភ្នាក់ងារ​ចាំ​ទទួល​ដើម្បី​យក​ពួកគេ​ទៅ​ម៉ាឡេស៊ី​។ នេះ​បើ​យោងតាម​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​២០ ឧសភា​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ខាងលើ​ក៏បាន​អះអាង​ផងដែរ​ថា ប៉ូលិស​បានកំណត់​មុខសញ្ញា​បុរស​បរទេស​ម្នាក់​រួចហើយ ដែល​ប៉ូលិស​សង្ស័យថា មេខ្យល់​នៅក្នុង​បទល្មើស​រត់ពន្ធ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ខុសច្បាប់​ទៅកាន់​ភាគខាងត្បូង​ប្រទេស​តាមរយៈ​ឡានក្រុង​។ ប៉ូលិស​ថៃ​ក៏​កំពុងតែ​តាមដាន​សកម្មភាព​រប​ស់​គេ និង​ត្រៀម​ចេញ​ដីកាចាប់ខ្លួន​ជនសង្ស័យ​នោះ​ផងដែរ​។

​បើតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីនគរបាល​ទេសចរណ៍​ជាន់ខ្ពស់​រូបនេះ យ៉ាងហោចណាស់​មាន​ឡានក្រុង ដែល​ស្ថិតក្រោម​យីហោ​« Rohinya Express » ចំនួន ៣០ គ្រឿង​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ​។

​គួរ​ជម្រាប​ផងដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​ផ្ទុះ​ចេញពី​អស្ថិរភាព​ក្នុងស្រុក​មី​យ៉ាន់​ម៉ា បាន​បង្កើតជា​ចលនា​ជួញដូរ​មនុស្ស​គ្រប់​រូបភាព​ទាំង​តាមរយៈ​មធ្យោបាយ​ទឹក​និង​មធ្យោបាយ​ដីគោក​។ ជនភៀសខ្លួន​រាប់សែន​នាក់​បាន​បន្ត​ចាក​ចេញពី​ប្រទេស​របស់​ពួកគេ​ទៅកាន់​ប្រទេសជិតខាង​ដោយ​ខុសច្បាប់​។

​នៅ​ឆ្នាំ​២០១៥​កន្លងទៅ ដោយសារតែ​មានការ​រិះគន់​ខ្លាំង​ពី​បណ្តា​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ដឹកជញ្ជូន​ភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ជាច្រើន​នាក់​ពី​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី​ទៅ​ប្រទេស​ខ្លួន​វិញ​។ ក៏ប៉ុន្តែ​សម្រាប់​វិបត្តិ​ជនភៀសខ្លួន ដែល​ផ្ទុះឡើង​ជាថ្មី​នៅ​ចុងឆ្នាំ​២០១៧​មក មី​យ៉ាន់​ម៉ា​មិនទាន់មាន​ដំណោះស្រាយ​ត្រឹមត្រូវ​ឡើយ ដែល​ហេតុផល​នេះហើយ​បានជា​វា​មាន​ចលនា​រត់ពន្ធ​មនុស្ស​ខុសច្បាប់​ជាថ្មី​បែ​នេះ​៕



Tag:
 ថៃ​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com