ជាតិ
សេដ្ឋកិច្ច
ក្រសួងរ៉ែ ច្រានចោលព័ត៌មានរកឃើញ រ៉ែមាសនៅតំបន់សេដ្ឋកិច្ចពិសេសចេជាង ខេត្តព្រះសីហនុ
× ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានច្រានចោលព័ត៌មានរកឃើញរ៉ែមាស នៅទីតាំងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសចេជាង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រសួង បកស្រាយថា រ៉ែដែលរកឃើញនោះជា រ៉ែពីរីត ដែលស្រដៀងនឹងមាសដែរ។
ក្រោយពីលេចឮព័ត៌មានរឿងរ៉ែមាសនេះ ក្រសួងរ៉ែ និងថាមពល បានបញ្ជូនក្រុមបច្ចេកទេសរបស់ក្រសួង បានចុះទៅសិក្សាផ្ទាល់នៅទីតាំងការដ្ឋាន ដែលរកឃើញរ៉ែ ។ ទីតាំងនោះ គឺជាការដ្ឋានកាយដីជើងភ្នំដើម្បីពង្រាបទីតាំង និងយកអាចម៍ដីចាក់បំពេញនៅក្នុងការដ្ឋានសាងសង់តំបន់សេដ្ឋកិច្ចពិសេសចេជាង ដែលទទួលបានអាជ្ញាបណ្ណពីរដ្ឋាភិបាលកម្ពុជា។
បន្ទាប់ពីពិនិត្យរួច ក្រសួងរកឃើញថា រ៉ែទាំងនោះ មិនមែនជារ៉ែមាសទេ ។ ក្រសួងចាត់ទុកការផ្សព្វផ្សាយពីការរកឃើញរ៉ែមាសនៅតំបន់នោះ គឺជាពាក្យចចាមអារ៉ាម។
នៅក្នុងសេចក្ដីប្រកាសព័តមាន ចុះថ្ងៃទី១៨ខែឧសភា ក្រសួងរ៉ែ បានបន្យល់ដូច្នេះថា៖« រ៉ែដែលប្រទះឃើញនោះ គឺជារ៉ែពីរីត (Pyrite) ដែលជាបណ្ដុំនៃសមាសធាតុដែក និងស្ពាន់ធ័រ មានរូបមន្តគីមី FeS2 ហើយមានពណ៌ភ្លឺផ្លេក លឿងឬស ស្រដៀងនឹងមាស។ពលរដ្ឋខ្មែរខ្លះហៅថារ៉ែប្រភេទនេះថាមាសស្រួយ»។
នៅទីតាំងការដ្ឋានជីកយកអាចម៍ដី ដែលមានរ៉ែពីរីតនេះ វាមានលក្ខណៈស្រទាប់ស្ដើង កម្រាស់មិនលើសពី ២សង់ទីម៉ែត្រ នៅលាយឡំជាមួយស្រទាប់ធ្យូងថ្ម និងសិលាក្រែ។ ហើយស្រទាប់ដ៏ស្ដើងនៃបណ្ដុំក្រាមពីរីតនេះមានតិចតួច នៅរាយប៉ាយដោយកន្លែងក្នុងស្រទាប់ធ្យូង និងពុំមានសក្ដានុពលសេដ្ឋកិច្ច ឬមានតម្លៃសម្រាប់ការជីកយកធ្វើអាជីវកម្មទេ។ នេះជាការបញ្ជាក់របស់ក្រសួងរ៉ែ និងថាមពល៕
© រក្សាសិទ្ធិដោយ thmeythmey.com