រថយន្ត
អន្តរជាតិ
Apple ប្រើប្រាស់​រថយន្ត​គ្មាន​មនុស្ស​បើក​ដល់​ទៅ ៥៥ គ្រឿង​នៅ​កាលីហ្វ័រ​នីញ៉ា​
21, May 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Apple កាលពីពេល​ថ្មី​កន្លងមកនេះ ទើប​ទទួលបាន​ការអនុញ្ញាត​ពី​នាយកដ្ឋាន​យានយន្ត​រដ្ឋ​កាលីហ្វ័រ​នីញ៉ា (DMV) សហរដ្ឋអាមេរិក លើ​ការដាក់​សាកល្បង​រថយន្ត​ដែល​គ្មាន​មនុស្ស​បើក (Self-driving cars) បី​គ្រឿង​បន្ថែមទៀត​ដែល​នាំ​ឲ្យ​ចំនួន​សរុប​ឡើងដល់​៥៥ ។​



​យោងតាម​ការផ្សាយ​រប​ស់​សារព័ត៌មាន​បច្ចេកវិទ្យា Mac Reports ក្រុម​បច្ចេកវិទ្យា​ដែលមាន​មូលដ្ឋាន​នៅ Cupertino រដ្ឋ​កាលីហ្វ័រ​នីញ៉ា នេះ បាន​ប្រជែង​តំណែង​ពី Tesla និង Waymo សម្រាប់​ចំណាត់ថ្នាក់​លេខ​២ ដែល​ទទួល​បានការ​អនុ​ញ្ញា​ត្ត​ឲ្យ​សាកល្បង​បច្ចេកវិទ្យា​រថយន្ត​ដែល​គ្មាន​មនុស្ស​បើក នៅក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។​

​របាយការណ៍ DMV បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ចំនួន​៥៣ ទទួលបាន​ការអនុញ្ញាត​ឲ្យ​សាកល្បង​យានយន្ត​គ្មាន​មនុស្ស​បើក នៅក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។ ចំនួន​រថយន្ត​គ្មាន​មនុស្ស​បើក ដែល Apple ប្រើប្រាស់​ដើម្បី​សាកល្បង​បច្ចេកវិទ្យា កើន​ពី​២៧​ទៅ​៥៥​គ្រឿង​យ៉ាង​ឆាប់រហ័ស​។

General Motor’s Cruise កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១ ដោយមាន​១០៤​គ្រឿង​។ បន្ទាប់ពី Apple ក្រុមហ៊ុន​ផ្សេងទៀត​ដែល​បាន​ចុះបញ្ជី​រួមមាន Waymo (៥១) Tesla (៣៩) Drive.ai (១៤) Toyota (១១) NVIDIA (៨) Lyft (៤) Aurora (៤) Voyage (៣) និង Didi (១)​។​

​កាលពី​ខែមិថុនា ឆ្នាំ​២០១៧ លោក Tim Cook អគ្គនាយក Apple បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់លោក​កំពុងអភិវឌ្ឍន៍​លើ​សូ​ហ្វែ​រ​ទាក់ទង​នឹង​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ ដោយ​ប្រើប្រាស់​ផ្លូវ​នៅ​កាលីហ្វ័រ​នីញ៉ា​សម្រាប់​ការសាកល្បង​បច្ចេកវិទ្យា​របស់ខ្លួន​៕



© រក្សាសិទ្ធិដោយ thmeythmey.com