រថយន្ត
អន្តរជាតិ
ព្រះអង្គ​ហារី និង Meghan ជិះ​ប្រភេទ​រថយន្ត​មិន​បំពុលបរិស្ថាន​ទៅ​ទទួលភ្ញៀវ​
21, May 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ព្រះអង្គម្ចាស់​ហារី (Harry) និង Meghan Markle បាន​ជិះ​រថយន្ត Vintage Jaguar E-Type ដើម្បី​ទៅ​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែឧសភា កន្លងមក​។ Vintage Jaguar E-Type ត្រូវបាន​ផលិត​ដំបូង​នៅ​ឆ្នាំ​១៩៦៨ ហើយ​ត្រូវបាន​កែច្នៃ​ដាក់​ថាមពល​អគ្គិសនី​។



​ព្រះអង្គម្ចាស់​ហារី នៃ​ចក្រភព​អង់គ្លេស ដែល​ក្លាយទៅជា Duke of Sussex និង Meghan Markle ឬ Duchess of Sussex បាន​ចាក​ចេញពី​វិមាន Windsor Castle ជាមួយនឹង​រថយន្ត Vintage Jaguar E-Type Concept Zero ឆ្ពោះទៅកាន់ Frogmore ដើម្បី​ទទួលភ្ញៀវ​ក្នុង​អភិសេក​របស់ខ្លួន ក្រោម​ការរៀបចំ​របស់​ព្រះអង្គម្ចាស់ ឆាល (The Prince of Wales) ដែលជា​ព្រះបិតា​។​



Vintage Jaguar E-Type Concept Zero ជា​ប្រភេទ​រថយន្ត​ដែល​មិន​បំពុលបរិស្ថាន ហើយ​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​រថយន្ត​បើក​ដំបូល​ដ៏​ស្រស់ស្អាត​ជាងគេ​មួយ​នៅលើ​ពិភពលោក​។ វា​មាន​ល្បឿន​លើសពី​ប្រភេទ E-Type ធម្មតា ដែល​ឈានដល់​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​កាសែត The Sun បាន​រាយការណ៍​ថា រថយន្ត​នោះ ត្រូវ​រាជវាំង​ជួល​ពី​ក្រុមហ៊ុន​ផ្ទាល់​សម្រាប់​ព្រះរាជ​ពិធី​ពេញ​មួយថ្ងៃ ដោយ​តម្លៃ​ជួល​ជាធម្មតា​គឺ​ក្នុង​រង្វង់​៤៧១ ០០០​ដុល្លារ​អាមេរិក​។​



​កាលពី​ឆ្នាំ​២០១១ ព្រះអង្គម្ចាស់ William និង Kate Middleton ដែល​បច្ចុប្បន្ន Duke និង Duchess of Cambridge បាន​ប្រើប្រាស់​រថយន្ត Aston Martin DB6 MK2 ផលិត​ឆ្នាំ​១៩៦៩ របស់​ព្រះអង្គម្ចាស់ ឆាល​។ បើតាម USA Today រថយន្ត​នោះ ជា​ព្រះរាជ​អំណោយ​របស់​ព្រះមហា​ក្សត្រិយ៍​អេ​លីហ្សា​បែ​តទី​១១ និង​ព្រះអង្គម្ចាស់​ហ្វី​លី​ព នៅពេលដែល​ព្រះអង្គ​ឆាល មាន​ព្រះជន្ម​២១​ព្រះវស្សា​៕


© រក្សាសិទ្ធិដោយ thmeythmey.com