កីឡាជាតិ
ជាតិ
រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ជាង​១​ពាន់​លាន​រៀល លើ​ម្ចាស់​ជ័យលាភី​មេដាយ​កីឡា​ជាតិ​
21, May 2018 , 10:39 pm        
រូបភាព
ដោយ:
​រដ្ឋ​ត្រូវ​ត្រៀម​ថវិកា​ប្រមាណ​ជិត​១,២០០​លាន​រៀល​(​ជិត​៣០​ម៉ឺន​ដុល្លារ​) ដើម្បី​ចំណាយ​លើ​ម្ចាស់​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ដែល​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៨​។ ការប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ​ថ្នាក់ដឹកនាំ​បានសម្រេច​ដាក់​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ចំនួន​២៧​ប្រភេទ ដោយមាន​២៦៦​វិញ្ញាសា​។

 

​ក្រោយ​ការបង្កើន​ប្រាក់រង្វាន់​លើកទឹកចិត្ត និង​បន្ថែមចំនួន​ប្រភេទ​កីឡា នាំ​ឲ្យ​ការចំណាយ​លើ​កីឡាករ​កីឡាការិនី​ម្ចាស់​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំ​រឺ​ទ្ធ​ពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​រីក​ប៉ោង​កាន់តែ​ធំ​។ ជាក់ស្តែង​នៅ​ឆ្នាំនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​ទទួលបន្ទុក​រៀបចំ​ការប្រកួត​នេះ ត្រូវ​ត្រៀម​ថវិកា​ប្រមាណ​ជា ១,១៨៣​លាន​រៀល​(​ជិត​៣០​ម៉ឺន​ដុល្លារ​) ដើម្បី​ចំណាយ​លើ​ម្ចាស់​ជ័យលាភី​មេដាយ​។

​ក្រោយ​មានការ​កែប្រែ​ប្រកាស​អន្តរក្រសួង​ស្តីពី​ប្រាក់រង្វាន់​លើកទឹកចិត្ត​ការប្រកួត​កីឡា​ជាតិ​កាលពីពេល​កន្លងទៅ កីឡាករ​ដែល​ដណ្តើមបាន​មេដាយមាស​ឆ្នាំនេះ​ទទួលបាន​ថវិកា​៨០​ម៉ឺន​រៀល ប្រាក់​៦០​ម៉ឺន​រៀល និង​សំរឹទ្ធ​៤០​ម៉ឺន​រៀល​។ សម្រាប់​វិញ្ញាសា​ជា​ក្រុម​ត្រូវ​គុណ​នឹង​ចំនួន​កីឡាករ​តាម​កម្រិត​មេដាយ​នីមួយៗ​។ ខណៈ​កាល​លើ​កទ​១ មេដាយមាស​ទទួលបាន​៣០​ម៉ឺន​រៀល ប្រាក់​១០​ម៉ឺន​រៀល និង​សំរឹទ្ធ​៨​ម៉ឺន​រៀល​។ 


លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា, រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានកីឡា

​បើ​យោងតាម​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ការប្រកួត​កីឡា​ជាតិ​ឆ្នាំនេះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានសម្រេច​ដំឡើង​ប្រភេទ​កីឡា​រហូត​២៧​ប្រភេទ និង​មាន​វិញ្ញាសា​សរុប​ចំនួន​២៦៦ ខណៈ​លើក​មុន​មានតែ​១៥​ប្រភេទ​កីឡា​តែប៉ុណ្ណោះ​។ ឆ្នាំនេះ​មាន​មេដាយមាស​២៦៦ ប្រាក់​២៦៦ និង​សំរឹទ្ធ​៤០៧ (​បូក​នឹង​សំរឹទ្ធ​ស្ទួន​)​។​

​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៥ ឧសភា ដល់​ថ្ងៃទី​៦ មិថុនា ឆ្នាំ​២០១៨​។ ការប្រកួត​ធ្វើ​នៅ​៤​ទីតាំង គឺ​នៅ​រាជធានី​ភ្នំពេញ​, កំពត​, កែប និង​កំពង់ធំ​៕   


Tag:
 កីឡា​ជាតិ​លើក​ទី​២
  National Games
  អ៊ុក សិទ្ធិ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com