ជាតិ
លោក ហ៊ុន ម៉ានី អំពាវនាវដល់ពលរដ្ឋ​ឲ្យប្រយ័ត្ន​អំពី​ការ​វាយលុក​បែបថ្មី​លើទំព័រ​ហ្វេសប៊ុក​
22, May 2018 , 9:21 am        
រូបភាព
ទំព័រហ្វេសប៊ុក​របស់លោក ហ៊ុន ម៉ានី
ទំព័រហ្វេសប៊ុក​របស់លោក ហ៊ុន ម៉ានី
 ទំព័រហ្វេសប៊ុក​ផ្លូវការរបស់​លោក ហ៊ុន ម៉ានី ត្រូវបាន​ក្រុម​ hackers វាយលុក​តាំងពីថ្ងៃម្សិលមិញ ដោយ​ទាញ​ទម្លាក់ចំនួន​ like និង follower យ៉ាង​គំហុក។ ទោះយ៉ាងណាក៏ដោយ តំណាងរាស្ត្រ​មណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​អះអាងថា លោកនៅតែអាចគ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់លោក ហើយ​ក្រុមការងារ​របស់លោក​ក៏កំពុង​តាម​ដាន​ និងទប់ទល់​នឹង​ការ​វាយលុក​របស់​ក្រុម​ hackers នេះដែរ។



«ការវាយប្រហារលើទំព័រហ្វេសប៊ុករបស់ខ្ញុំ​នៅពេលនេះ ប្លែកជាងមុន។ ពួកគេ​មិនបាន​ដូរ​ password និង admin របស់ខ្ញុំទេ។ ខ្ញុំ​អាចចូលក្នុង​ទំព័រ​ហ្វេសប៊ុករបស់ខ្ញុំបាន។ ប៉ុន្តែ​ពួកគេ​បានទាញទម្លាក់​ចំនួន​ like និង  follower តាំងពី​១៦ម៉ឺន មកដល់ពេលនេះ​គឺនៅត្រឹម​៥៤០០០​ likes»។ នេះជាការ​បញ្ជាក់របស់​លោក ហ៊ុន ម៉ានី ប្រាប់​សារព័ត៌មានថ្មីៗ​នៅព្រឹកថ្ងៃទី​២២​ខែឧសភានេះ ដោយបន្តថា ក្រុម hacker បានទាញទម្លាក់ចំនួន Likes ហើយ​និងបាន​រារាំង​មិនឲ្យ​សាធារណជន​ Follow ទំព័រ​ហ្វេសប៊ុក​របស់លោក​បាន​ទៀតផង។

លោក ហ៊ុន ម៉ានី ចង់បង្ហាញពិសោធន៍​ ឬករណីនេះទៅប្រជាពលរដ្ឋ​អ្នកប្រើប្រាស់ហ្វេសប៊ុក​ទាំងអស់ ដើម្បី​ពួកគេ​មានការប្រុងប្រយ័ត្ន​។ ទន្ទឹមគ្នានេះ បើតាម​ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ដដែល ក្រុមការងារ​របស់លោក​កំពុង​តាម​ដាន​ និងសិក្សា​អំពីសកម្ម​របស់ក្រុម hackers។ លោក​បានអធិប្បាយ​បន្ថែម​ប្រាប់​សារព័ត៌មានថ្មីៗ​​យ៉ាង​ដូច្នេះ៖«ខ្ញុំមិនទាន់អាចសន្និដ្ឋាន​ថាក្រុម​ hackers មានប្រភពនៅទីណាទេ។ ប៉ុន្តែ​នេះ​ការ​វាយលុក​ប្រភេទនេះ វាជាឧទាហរណ៍​ថ្មីមួយទៀត ដែលខ្ញុំ​ចង់​ប្រាប់ទៅ​សាធារណជន ឲ្យប្រុងប្រយ័ត្ន។ ខ្ញុំជាអ្នកនយោបាយ វាមិនចម្លែកទេ​សម្រាប់ខ្ញុំ»។

នេះជាការ​វាយលុក​សារជាថ្មីទៀត​ទៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់​លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ។ ប្រធាន​សហភាពសហព័ន្ធយុវជ​ន​កម្ពុជាក៏បានឈរឈ្មោះ​ជាបេក្ខជនតំណាងរាស្ត្រ​សម្រាប់ការបោះឆ្នោត​ក្នុង​ខែកក្កដា​ខាងមុខនេះទៀត​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com