ជាតិ
ជប៉ុនផ្តល់ជាង៣លានដុល្លារសម្រាប់កម្មវិធីអាហារូបករណ៍មន្ត្រីវ័យក្មេងកម្ពុជា២៦រូប លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គទូតជប៉ុន និងលោក ប្រាក់ សុខុន នាពិធីចុះហត្ថលេខាផ្តល់អាហារូបករណ៍។ រូបថត ThmeyThmey
× រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ចំនួន ៣,២២លានដុល្លារអាមេរិក ដើម្បីអនុវត្ត កម្មវិធីអាហារូបករណ៍លើការអភិវឌ្ឍធនធានមនុស្ស (JDS) សម្រាប់ឆ្នាំសិក្សា២០១៨ ដល់និស្សិតកម្ពុជាដែលសិក្សានៅប្រទេសជប៉ុន។ ជំនួយឥតសំណងនេះត្រូវបានចុះហត្ថលេខាលើលិខិតប្តូរសាររវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេស និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។
ទឹកប្រាក់ប្រមាណ ៣៤០លានយ៉េន ដែលស្មើនឹង ៣,២២លានដុល្លារអាមេរិកនេះ សម្រាប់ផ្តល់ឱកាសសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិត ចំនួន២៦ ដែលជាមន្រី្តវ័យក្មេងឆ្នើមថ្មី ដែលសិក្សានៅប្រទេសជប៉ុន។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារផ្តល់ជំនួយឥតសំណងនេះ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា៖ «ខ្ញុំជឿជាក់ថានិស្សិតអាហារូបករណ៍JDS ទាំងអស់នឹងមិនត្រឹមតែខិតខំក្នុងការអភិវឌ្ឍប្រទេសកំណើតខ្លួនប៉ុណ្ណោះទេ ហើយថែមទាំងក្លាយជាស្ពានមិត្តភាពរវាងជប៉ុន និងកម្ពុជាផងដែរ»។
តាមរយៈកម្មវិធីអាហារូបករណ៍សម្រាប់ការអភិវឌ្ឍធនធានមនុស្ស(JDS) រដ្ឋាភិបាលជប៉ុនបានបញ្ជូននិស្សិតកម្ពុជាប្រមាណ ៤០០នាក់ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ននេះ។ និស្សិតអាហារូបករណ៍ដែលបានត្រឡប់មកកម្ពុជាវិញនឹងមានតួនាទីសំខាន់ៗក្នុងស្ថាប័នជាច្រើនរបស់រដ្ឋាភិបាលកម្ពុជា។ នេះជាការលើកឡើងរបស់លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដដែល។
ជាមួយគ្នាផងដែរ ជំនួយឥតសំណងនេះ នឹងពង្រីកបន្ថែមទៀតលើការអភិវឌ្ឍសេដ្ឋកិច្ច ការអប់រំ ធានធនមនុស្ស និងសង្គមកម្ពុជាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com