ពីនេះ ពីនោះ
«និស្ស័យ» និង «ឧបនិស្ស័យ» ជាភាសាបាលី បញ្ជាក់ន័យខុសគ្នាបែបណា?
× «និស្ស័យ» សំដៅលើទីដែលអាចស្នាក់អាស្រ័យបាន។ សូមកុំយល់ច្រឡំ «និស្ស័យ» ជាភ័ព្វព្រេង សំណាង។ តែអ្វីដែលហៅថា ភ័ព្វព្រេង សំណាង ទើបគេហៅថា «ឧបនិស្ស័យ» ជាភ័ព្វព្រងសំណាង ដែលទទួលបានមកពីកុសលដែលកសាងសន្សំទុកមក។
នៅក្នុងការបកស្រាយរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត «និស្ស័យ» ជាការនៅអាស្រ័យក្រោមឱវាទ និងក្រោមការគ្រប់គ្រងនៃអ្នកដទៃ។ «សូមនិស្ស័យ» បានន័យថា សូមទីស្នាក់អាស្រ័យ និងសូមការឧបត្ថម្ភ។ «ឲ្យនិស្ស័យ» គឺទទួលឲ្យជ្រកអាស្រ័យ។ ពលរដ្ឋខ្មែរ តែងនិយាយថា «ពួកយើងគ្មាននិស្ស័យនឹងគ្នាទេគឺបញ្ជាក់ថា» ពួកយើងគ្មានការនៅជ្រកអាស្រ័យនឹងគ្នាឡើយ។ «អស់និស្ស័យនឹងគ្នា» គឺអស់ការប្រាស្រ័យគ្នាតទៅទៀតហើយ។
រីឯ ពាក្យ «ឧបនិស្ស័យ» ជាសំណាង ជាភ័ព្វព្រេង ដែលកើតចេញពីកុសលធម៌ដែលដេក ឬអាស្រ័យនៅក្នុងខន្ធសន្តាន គឺកុសលដែលបានពីការសន្សំអប់រំទុកមក។ បើតាមគម្ពីរពុទ្ធសាសនា ឧបនិស្ស័យមានបីយ៉ាងគឺ «ទានូបនិស្ស័យ» សំណាងដែលកសាងទុកមក ដោយបរិច្ចាគទ្រព្យធ្វើទាន, «សីលូបនិស្ស័យ» សំណាងដែលបានកសាងដោយការរក្សាសីល និង «ភាវនូបនិស្ស័យ» ជាសំណាងដែលបានមកពីភាវនា។
សរុបមក «និស្ស័យ» បញ្ជាក់ថា អ្នកដែលមានទីពឹងពាក់ស្នាក់អាស្រ័យ។ ចំណែក «ឧបនិស្ស័យ» ជាភ័ព្វសំណាង, ភ័ព្វព្រេង របស់មនុស្សដែលបានសាងកុសលផលបុណ្យតែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com