អន្តរជាតិ
សហគមន៍អន្តរជាតិដាក់សម្ពាធ និងមិនទទួលស្គាល់របបដឹកនាំ ម៉ាឌូរ៉ូ ប៉ុន្តែក្រុមយោធានៅគាំទ្រ
× ការជាប់ឆ្នោតជាថ្មីទៀតកាលពីចុងសប្តាហ៍របស់លោក នីកូឡាស ម៉ាឌូរ៉ូ ប្រហែលជាដំណឹងល្អសម្រាប់ក្រុមអភិជនមួយក្តាប់តូចដែលគ្រប់គ្រងរដ្ឋអាមេរិកឡាទីនវេណេស៊ុយអេឡានេះ ប៉ុន្តែវាជាដំណឹងអកុសលសម្រាប់ប្រជាជនដែលកំពុងរស់នៅលំបាកវេទនាដោយសារវិបត្តិសេដ្ឋកិច្ច។ ដំណឹងអាក្រក់ក៏ ព្រោះថា ស្ថានភាពនឹងកាន់តែដុនដាបទាំងសេដ្ឋកិច្ច និងនយោបាយ ដោយសារសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផល និងបង្កើនសម្ពាធការទូត និងសេដ្ឋកិច្ច។ ប៉ុន្តែទោះវិបត្តិធ្ងន់ធ្ងរក្តី ការផ្លាស់ប្តូររបបទំនងមិនកើតឡើងងាយឡើយ ដ្បិតយោធានៅជ្រោមជ្រែងលោក ម៉ាឌូរ៉ូនៅឡើយ។
លោក នីកូឡា ម៉ាឌូរ៉ូ អតីតអ្នកបើកឡានក្លាយជាប្រធានាធិបតីវេណេស៊ុយអេឡា នឹងបន្តកាន់តំណែងប្រាំមួយឆ្នាំទៀតដើម្បីដឹកនាំប្រទេសដែលកំពុងផុងខ្លួនជ្រៅក្នុងវិបត្តិសេដ្ឋកិច្ច និងប្រឈមមុខគ្រោះមហន្តរាយមនុស្សជាតិ។ គ្មានសញ្ញាណាមួយដែលបង្ហាញថា ប្រទេសនេះនឹងអាចត្រឡប់ទៅរកភាពល្អប្រសើរវិញឡើយចាប់ពីនេះទៅមុខ ដរាបណាគ្មានការផ្លាស់ប្តូររបបដឹកនាំចាស់ទេនោះ។
១.សហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផល ហើយត្រៀមលត់វេណេស៊ុយអេឡាដោយទណ្ឌកម្ម
គណៈកម្មការបោះឆ្នោតវេណេស៊ុយអេឡាបានបញ្ជាក់ថា អ្នកទៅបោះឆ្នោតមានប្រហែល ៤៦,១ភាគរយប៉ុណ្ណោះដែលវាបង្ហាញឲ្យឃើញថា ប្រជាជនមិនចាប់អារម្មណ៍នឹងការបោះឆ្នោតឡើយ។ ក្រៅពីភាគរយអ្នកទៅបោះឆ្នោតមានកម្រិតទាបហួសស្មាន ការបោះឆ្នោតនេះទៀតសោតសម្បូរដោយបញ្ហាមិនប្រក្រតី និងការទិញសន្លឹកឆ្នោតដែលរៀបចំដោយរដ្ឋាភិបាលលោក ម៉ាឌូរ៉ូផង។ ម្យ៉ាងការបោះឆ្នោតនេះរៀបចំដោយក្រុមប្រឆាំងពហិកាចូលរួមផងដែរ។
ហេតុផលនេះហើយ សហគមន៍អន្តរជាតិបានចាត់ទុកការបោះឆ្នោតវេណេស៊ុយអេឡាជារឿងមិនស្របច្បាប់ឡើយ។ រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ខ្លួនមិនទទួលស្គាល់លទ្ធផលបោះឆ្នោតវេណេស៊ុយអេឡាជាដាច់ខាត ហើយវានឹងមានការរឹតបន្តឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរបបដឹកនាំក្រុងការ៉ាកាសផងដែរ។
កន្លងមកអាមេរិកបានគំរាមប្រើប្រាស់កម្លាំងប្រឆាំងរបបដឹកនាំលោក ម៉ាឌូរ៉ូ ផងដែរដោយសារវិបត្តិសេដ្ឋកិច្ច និងវិបត្តិមនុស្សជាតិកើតឡើងកាន់តែខ្លាំងនៅក្នុងរដ្ឋសម្បូរហូរហៀរដោយប្រេងនេះ។ វិបត្តិវេណេស៊ុយអេឡាកើតឡើងក្រោយការស្លាប់របស់លោក ហ៊ូហ្គោ ឆាវេសឆ្នាំ ២០១៣ ហើយអំពើពុករលួយ ការគ្រប់គ្រងនយោបាយមិនត្រឹមត្រូវ ហើយគោលនយោបាយសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើប្រេងនិងឧស្ម័ន ធ្វើឲ្យប្រទេសនេះប្រឈមនឹងវិបត្តិ។ ការធ្លាក់ចុះនៃតម្លៃប្រេងឆៅលើទីផ្សារយ៉ាងគំហុកចាប់ពីឆ្នាំ ២០១៥នោះធ្វើឲ្យវិបត្តិនេះកាន់តែធ្ងន់ធ្ងរខ្លាំងថែមទៀត ដោយសារវេណេស៊ុយអេឡាពឹងផ្អែកស្ទើរតែទាំងស្រុងលើការនាំប្រេងចេញនោះ។
បើតាមរបាយការណ៍ស្រាវជ្រាវឆ្នាំ ២០១៧ របស់សាកលវិទ្យាល័យវេណេស៊ុយអេឡាចំនួនបួន ប្រជាជនវេណេស៊ុយអេឡាមានប្រហែលជាង ៨០ភាគរយដែលក្រីក្រ ហើយប្រជាជនទាំងនេះប្រឈមកង្វះស្បៀងអាហារបរិភោគ ហើយរស់នៅលំបាកលំបិនជាទីបំផុត។ ចំណែកមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានព្យាករថា អត្រាអតិផរណាកើនឡើងដល់ច្រើនជាង ជាង១៣០០០ ភាគរយឯណោះក្នុងឆ្នាំ ២០១៨នេះ ហើយផលិតផលក្នុងស្រុកសរុបនឹងថយចុះបន្ថែមទៀតដែរក្នុងឆ្នាំនេះ។
ដោយសារស្ថានភាពនយោបាយកាន់តែដុនដាប ក្រោយការឈ្នះឆ្នោតជាថ្មីរបស់លោក ម៉ាឌូរ៉ូ វេណេស៊ុយអេឡាកាន់តែឯកោទៅលើឆាកអន្តរជាតិ ហើយអ្វីដែលសំខាន់ប្រទេសនេះនឹងប្រឈមមុខជាមួយទណ្ឌកម្មជាច្រើនផ្សេងទៀតពីប្រទេសផ្សេងទៀតដែរក្រៅពីអាមេរិក។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រទេស ១៤ ជាសមាជិកក្រុមលីម៉ា (Lima Group)ដែលបង្កើតឡើងដើម្បីជួយដោះស្រាយវិបត្តិវេណេស៊ុយអេឡានោះ បានប្រកាសហើយថាខ្លួនមិនគាំទ្រការបោះឆ្នោតប្រធានាធិបតីមិនស្របច្បាប់បឡើយ។ គេឃើញអាហ្សង់ទីន, ប្រេស៊ីល និងកាណាដា បាន កោះហៅបេសកជនការទូតរបស់ខ្លួនត្រឡប់មកប្រទេសវិញដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតវេណេស៊ុយអេឡាដែរ។
ក្រោយពីសមាជិកក្រុមនេះ គេឃើញសមាជិកក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើន ២០ (G20) បានប្រកាសនៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំនៅក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីនៅសប្តាហ៍នេះថា ពួកគេកំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងរបបដឹកនាំលោក ម៉ាឌូរ៉ូ ថែមទៀតដើម្បីដាក់សម្ពាធឲ្យរបបដឹកនាំនេះប្តូរឥរិយាបថរបស់ខ្លួនផងដែរ។
ដូច្នេះហើយ ក្រោយការបោះឆ្នោតនេះ ស្ថានភាពជារួមនៅវេណេស៊ុយអេឡាមិនមានអ្វីល្អប្រសើរឡើយ។ វេណេស៊ុយអេឡាកាន់ដុនដាបដោយសារភាពឯកោលើឆាកអន្តរជាតិ និងរងសម្ពាធដោយសារទណ្ឌកម្មសេដ្ឋកិច្ច និងគំនៀបការទូតផង។ ទោះជាតម្លៃប្រេងឆៅហាក់ងើបក្បាលឡើងវិញក្តី កង្វះទុនវិនិយោគពីក្រៅ កង្វះហេដ្ឋារចនាសម្ព័ន្ធ និងការហ៊ុមព័ទ្ធសេដ្ឋកិច្ចនោះ ធ្វើឲ្យសេដ្ឋកិច្ចវេណេស៊ុយអេឡាដែលជិតរលំនោះពិបាកងើបឡើងវិញណាស់។
២.វេណេស៊ុយអេឡាបន្ទោសចក្រពត្តិនិយមពេលខ្លួនជួបវិបត្តិធ្ងន់ធ្ងរ
ដូចបានរៀបរាប់ខាងដើមស្រាប់ វិបត្តិវេណេស៊ុយអេឡាកើតឡើងដោយសារបញ្ហាផ្ទៃក្នុងសុទ្ធសាធ។ សេដ្ឋកិច្ចពឹងលើប្រេង និងអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការដឹកនាំ និងបង្កើតគោលនយោបាយសេដ្ឋកិច្ចនោះជាឬសគល់នៃវិបត្តិនេះ។
ប៉ុន្តែសម្រាប់ប្រជាជនវេណេស៊ុយអេឡាដែលជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់បក្សរួបរួមសង្គមនិយម (PSUV) ដែលបង្កើតដោយលោក ហ៊ូហ្គោ ឆាវេស យល់ឃើញថា វិបត្តិដែលកើតឡើងបច្ចុប្បន្នមិនមែនដោយសារថ្នាក់ដឹកនាំ និងបក្សឡើយ តែដោយសារការលូកលាន់ពីសំណាក់ប្រទេសចក្រពត្តិដូចជាអាមេរិកជាដើមវិញ។
លោក ម៉ាឌូរ៉ូ ក្រោយជាប់ឆ្នោតជាថ្មីបានប្រកាសថា លោកនឹងបន្តការពារប្រទេសវេណេស៊ុយអេឡាពីការគំរាមកំហែង និងប្រយុទ្ធប្រឆាំងនឹងប្រទេសចក្រពត្តិសហរដ្ឋអាមេរិកផងដែរ។ កន្លងមកពេលដែលលោក ត្រាំ គំរាមប្រើប្រាស់កម្លាំងប្រឆាំងរបបដឹកនាំវេណេស៊ុយអេឡានេះ លោក ម៉ាឌូរ៉េ បានប្រើប្រាស់លេសរៀបចំសមយុទ្ធយោធានៅទូទាំងប្រទេសថែមទៀតដើម្បីបង្ហាញសាច់ដុំដាក់អាមេរិក។
៣.ការប្តូររបបដឹកនាំ? ជារឿងវែងឆ្ងាយព្រោះលោក ម៉ាឌូរ៉ូ នៅមានយោធាគាំទ្រ
ក្រោយវិបត្តិកាន់តែរីកធំ ហើយប្រជាជនវេណេស៊ុយអេឡាកាន់តែច្រើនឡើងៗចាប់ផ្តើមស្អប់មេដឹកនាំខ្លួន នីកូឡាស ម៉ាឌូរ៉ូ គេគិតដល់សេណារីយ៉ូដែលមានការទម្លាក់មេដឹកនាំរូបនេះពីតំណែង។ ការទម្លាក់លោក ម៉ាឌូរ៉ូ និងមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំជារឿងវិជ្ជមានសម្រាប់វេណេស៊ុយអេឡា ប៉ុន្តែដោយរបៀបណានោះនៅជារឿងដែលគេកំពុងចោទសួរ។
មកដល់បច្ចុប្បន្ន ប្រជាជនវេណេស៊ុយអេឡាប្រហែល ៧៥ ភាគរយមិនពេញចិត្តលោក ម៉ាឌូរ៉ូ ទេ ប៉ុន្តែក្តីរំពឹងថាប្រជាជននឹងងើបតវ៉ាទ្រង់ទ្រាយធំដើម្បីបណ្តេញមេដឹកនាំនោះជារឿងពិបាកកើតឡើងណាស់។លោក ម៉ាឌូរ៉ូ នៅទទួលបានការគាំទ្រពេញទំហឹងពីក្រុមយោធា ហើយណាមួយបក្សប្រឆាំងនៅបែកខ្ញែកគ្នាខ្លាំងផងជុំវិញការបង្កើតសម្ព័ន្ធរួមមួយដើម្បីប្រឆាំងរបបដឹកនាំបច្ចុប្បន្ន។
យ៉ាងណាមិញ បើស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកាន់ដុនដាបខ្លាំងដោយសារសម្ពាធបរទេស ហើយប៉ះពាល់ខ្លាំងដល់បណ្តាក្រុមមន្ត្រីរដ្ឋាភិបាល និងក្រុមយោធាដែលនៅជ្រោមជ្រែងលោក ម៉ាឌូរ៉ូ ផងនោះ ស្ថានភាពជារួមនឹងប្រែប្រួល។ រដ្ឋាភិបាលបច្ចុប្បន្នអាចនឹងដួលរលំ ឬក៏ត្រូវប្រឈមមុខនឹងក្រុមយោធាដណ្តើមអំណាចដែរ៕
Tag:
នីកូឡាស ម៉ាឌូរ៉ូ
វេណេស៊ុយអេឡា
© រក្សាសិទ្ធិដោយ thmeythmey.com