កីឡាជាតិ
ជាតិ
ស៊ូ យ៉ា​ទី ត្រូវ​អវត្តមាន​ដោយសារ​របួស ស្របពេល​បឹងកេត​បន្ត​ប្រជែង​ពិន្ទុ​ជាមួយ​ណាហ្គា​
22, May 2018 , 2:17 pm        
រូបភាព
ដោយ:
​អ្នកចាំទី​ដៃ​ទី​១​របស់​បឹងកេត ស៊ូ យ៉ា​ទី អាច​បាត់​មុខ​ពី​លី​គ​កំពូល​កម្ពុជា​យ៉ាងតិច​ពីរ​សប្តាហ៍ ក្រោយ​រងរបួស​ភ្លាត់​ស​សៃ​ពួរ​សាច់ដុំ​ភ្លៅ​ខាងក្រោយ និង​ដា​ច់ស​សៃ​តូចៗ​កំ​ភ្លួ​ន​ជើង​ក្នុងជំនួប​បឹងកេត​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣-១​។ សម្រាប់​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ ទី​២០ ឧសភា​នោះដែរ កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន សម្រេចបាន​៣​គ្រាប់​ម្នាក់ឯង ដើម្បី​ជួយ​ណាហ្គា​វើ​ល​បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៦​។​



​អ្នកចាំទី ស៊ូ យ៉ា​ទី ត្រូវបាន​ប្តូរ​ចេញ​ភ្លាមៗ ក្រោយ​រងរបួស​ភ្លាត់​ស​សៃ​សាច់ដុំ​ភ្លៅ​ខាងក្រោយ និង​ដា​ច់ស​សៃ​តូចៗ​កំ​ភ្លួ​ន​ជើងពេល​រូបគេ​ព្យាយាម​ទាត់​បាល់​ចេញពី​មុខ​ទី​។ បញ្ហា​របួស ស៊ូ យ៉ា​ទី បាន​កើតឡើង​ក្នុងពេល​បឹងកេត​ប្រកួត​តទល់​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង សម្រាប់​ជំនួប​សប្តាហ៍​ទី​៦​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​កាលពី​ថ្ងៃទី​២០ ឧសភា នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។
 
​បើតាម​ការអះអាង​រប​ស់ លោក ហៅ សុជាតិ គ្រូបង្វឹក​ក្រុម​បឹងកេត បញ្ហា​របួស​នេះ​អាចធ្វើ​ឲ្យ ស៊ូ យ៉ា​ទី អវត្តមាន​ក្នុង​លី​គ​កំពូល​កម្ពុជា​យ៉ាងតិច​ពីរ​សប្តាហ៍ ព្រោះ​បើ​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ក្រោយ​ការពិនិត្យ ស៊ូ យ៉ា​ទី ត្រូវ​សម្រាក​ព្យាបាល​ពី​១​ទៅ​២​សប្តាហ៍​ទើប​អាច​ចូល​ហ្វឹកហាត់​វិញ​បាន​។

​ទោះបី​អវត្តមាន​អ្នកចាំទី​ដៃ​ទី​១​រូបនេះ​ក៏ដោយ តែ​បឹងកេត​បាន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៣-១ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​២​ដោយមាន​១៦​ពិន្ទុ​។ ខ្សែប្រយុទ្ធ Booysen Shane បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ស្វាយរៀង​នៅ​នាទី​ទី​១៣ ក្រោយមក​កីឡាករ Silva CaliJuri Maycon រក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​បឹងកេត​នៅ​នាទី​ទី​៨៤​។ បន្ទាប់មក​កីឡាករ Ajayi Gbenga Samuel និង Julius Oiboh សម្រេចបាន​ម្នាក់​១​គ្រាប់​ជា​បន្តបន្ទាប់​នៅ​នាទី​៨៧ និង​៩៦ ដើម្បី​នាំ​ជ័យជម្នះ ៣-១ សម្រាប់​បឹងកេត​។​

​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​នោះដែរ ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​ក្រុម​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គរ ៤-១ ដើម្បី​បន្ត​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​៦​នៃ​លី​គ​កំពូល​កម្ពុជា​ដោយមាន​១៦​ពិន្ទុ​។ ជ័យជម្នះ​របស់​ណាហ្គា​វើ​ល មានការ​រួមចំណែក​យ៉ាង​ធំធេង​ពី​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន ដោយ​រូបគេ​រកបាន​៣​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី​៣, ៣៤ និង​៤៤ និង​កីឡាករ សុះ ស៊ូ​ហា​ណា រកបាន​១​មួយ​នៅ​នាទី​៨៦ ខណៈ​មួយគ្រា​ប់រប​ស់សូល​ទី​ឡូ​អង្គរ​រកបាន​ដោយ​កីឡាករ Kento Fujihara​។ 

​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន RSN កីឡាករ អ៊ុក សុវណ្ណ បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ សម្រាប់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​នៅ​នាទី​ទី​៣៦ មុន​ខ្សែបម្រើ ស៊ិន កក្កដា សម្រេច​គ្រាប់​ទី​២​នៅ​នាទី​ទី​៥៤​។ ក្រោយមក​កីឡាករ អ៊ុក សុវណ្ណ បានសម្រេច​គ្រាប់​ទី​ពីរ​របស់ខ្លួន​នៅ​នាទី​ទី​៧៩ មុន​កីឡាករ Atsushi Shirota សម្រេច​គ្រាប់​ទី​៤ ដែលជា​គ្រាប់​ជ័យជម្នះ ៤-០ សម្រាប់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​លើ​ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ​។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​បឹងកេត​ឡើងទៅ​ឈរ​លេខ​រៀង​ទី​៤ ដោយមាន​១០​ពិន្ទុ​។

​ចំណែក​អគ្គិសនី​កម្ពុជា​បាន​ស្គាល់​ជ័យជម្នះ​ជា​លើក​ទី​ដំបូង ក្រោយ​យកឈ្នះ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ២-០ ដោយ​គ្រាប់​បាល់​ជ័យជម្នះ​នេះ​រួមចំណែក​ម្នាក់​១​គ្រាប់​ពី​កីឡាករ ផាន់​នី អ៊ី​រដ្ឋា និង​កីឡាករ ជិន ជុំ​។ អគ្គិសនី​កម្ពុជា​បន្ត​ឈរ​តំបន់​គ្រោះថ្នាក់​បន្ទាប់ពី​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​ដោយមាន​៣​ពិន្ទុ​៕


Tag:
 ស៊ូ យ៉ា​ទី​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com