FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អា​ហ្ស​ង់​ទីន​សុំទោស​ដែល​ធ្វើ​សៀវភៅ​ណែនាំ​ពី​របៀប​ញ៉ែ​ស្រីៗ​រុស្ស៊ី​នៅ World Cup
22, May 2018 , 7:19 pm        
រូបភាព
​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន (AFA) បាន​សុំ​អភ័យទោស​ចំពោះ​ការចេញផ្សាយ​សៀវភៅ​ណែនាំ​អំពី​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ​២០១៨ ដែល​ក្នុងនោះ​រួមមាន​ការផ្តល់​ដំបូន្មាន​អំពី​របៀប​ញ៉ែ​ស្ត្រី​រុស្ស៊ី​ក្នុងនោះ​ផង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Moscow Time​។​



​សៀវភៅ​ណែនាំ​អំពី​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​លើក​ទី​២២ នៅ​រុស្ស៊ី​របស់​អា​ហ្ស​ង់​ទីន​ដែល​បន្ថែម​ឃ្លា​មាន​ចំណងជើង​ថា​«​ភាសា និង​វប្បធម៌​រុស្ស៊ី​» ត្រូវបាន​ថ្កោលទោស​ថា​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ផ្លូវភេទ និង​ជាការ​មើលងាយ​ចំពោះ​ស្ត្រី​រុស្ស៊ី​។​

​សៀវភៅ​នោះ​ត្រូវបាន​បង្ហាញ​ដល់​កីឡាករ​កីឡាករ បុគ្គលិក​របស់ AFA និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពីដើម​សប្តាហ៍​មុន ក្នុង​វេទិកា​ពិសេស​មួយ​ស្តីពី​ការរៀបចំ​សម្រាប់​ការប្រកួត​បាល់ទាត់ World Cup របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន និង​អ្នកគាំទ្រ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​បកស្រាយ​ថា​៖«​ការស៊ើបអង្កេត​ផ្ទៃក្នុង ... បាន​សន្និដ្ឋានថា​ផ្នែក​មួយ​នៃ​អត្ថន័យ​ក្នុង​សៀវភៅ​នោះ​ត្រូវបាន​បោះពុម្ព​ដោយមាន​កំហុស​។ នេះ​មិនមែនជា​ការគិត​របស់ AFA និង​ជា​គំនិត​របស់​ប្រធាន​សហព័ន្ធ​លោក Claudio Tapia នោះទេ​»​។​

​ក្រោយមក លោក Tapia ប្រធាន AFA បានធ្វើ​ទស្សនកិច្ច​នៅក្នុង​វិទ្យាស្ថាន​វប្បធម៌​រុស្ស៊ី​ក្នុង​ក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន កាលពី​ថ្ងៃទី​១៦ ខែឧសភា​ដើម្បី​សុំ​អភ័យទោស​ផ្ទាល់ខ្លួន​អំពី​កំហុសឆ្គង​ដោយ​អ​ចេតនា​នេះ​ទៀតផង​។​

​ក្រុម​អ្នកគាំទ្រ​របស់​អា​ហ្ស​ង់​ទីន​ប្រមាណ​ជាង ៤០.០០០ នាក់​បាន​ទិញ​សំបុត្រ​រួចរាល់​ហើយ​សម្រាប់​ការ​ទស្សនា​ការប្រកួត World Cup ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី ១៤ ខែមិថុនា រហូតដល់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​។​

​ម្ចាស់​ជើងឯក​២​សម័យកាល ត្រូវ​ជួប​ជាមួយ​អ៊ី​ស្លង់ នី​ហ្សេ​រី​យ៉ា និង​ក្រូ​អាស៊ី នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល D៕



Tag:
 បាល់ទាត់​
  FIFA World Cup
  រុស្ស៊ី​
  អា​ហ្ស​ង់​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com