អត្ថបទពាណិជ្ជកម្ម
ពិរ​ព័ណ៌​ផលិតផល​ក្នុងស្រុក «​គ្មាន​គីមី​» លើក​ទី​១ នឹង​តាំង​បង្ហាញ​នៅ​ខេត្ត​ព្រះសីហនុ ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២០ ខែមិថុនា
22, May 2018 , 4:19 pm        
រូបភាព
​កាលពី​រសៀល​ថ្ងៃ​ចន្ទ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណ​អភិបាលខេត្ត​ព្រះសីហនុ បាន​ផ្សព្វផ្សាយ​ពី​សុវត្ថិភាព​ចំណីអាហារ បន្លែ ផ្លែឈើ គ្មាន​សារធាតុ​គីមី ដោយមាន​ការចូលរួម​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត មន្ទីរ​សុខាភិបាល សាខា​កាំកុងត្រូល និង​តំណាង​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ ។​

​ឯកឧត្តម យន្ត មីន មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ថា រដ្ឋបាលខេត្ត​ព្រះសីហនុ មាន​គោលបំណង​ផ្សព្វផ្សាយ​ដល់​ម្ចាស់​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន​ចូលរួម​សហការ​ដាក់តាំង​ផលិតផល​ម្ហូបអាហារ បន្លែ ផ្លែឈើ ដោយ​គ្មាន​សារធាតុ​គីមី ធានាបាន​សុវត្ថិភាព សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ។

​ដោយសារ​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ កំពុង​ត្រូវបាន​ចាប់អារម្មណ៍​ពី​អ្នកវិនិយោគ និង​ទេសចរណ៍ ដែល​ទាមទារ​ឲ្យ​យើង​ធានាបាន​នូវ​សុវត្ថិភាព​ចំណីអាហារ បន្លែ ផ្លែឈើ​គ្មាន​សារធាតុ​គីមី និង​បំផុស​អោយ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​គុណភាព​អនាម័យ​ម្ហូបអាហារ ដោយ​គ្នាន​សារធាតុ​គីមី ។



​ឯកឧត្តម យន្ត មីន បន្តថា រដ្ឋបាលខេត្ត​នឹង​គ្រោង​រៀបចំ​ដាក់តាំង​ពិព័រណ៍​ម្ហូបអាហារ បន្លែ ផ្លែឈើ និង​ផលិតផល​ក្នុងស្រុក​លើក​ទី​១ ដែល​គ្មាន​សារធាតុ​គីមី ដើម្បី​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ និង​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ម្ហូបអាហារ បន្លែ ផ្លែឈើ​គ្មាន​សារធាតុ​គីមី មិន​ប៉ះពាល់ ដល់​សុខភាព​អ្នក​បរិភោគ ។ ដូច្នេះ​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ម្ចាស់​កសិដ្ឋាន​ដាំ​បន្លែ ផ្លែឈើ និង​ចិញ្ចឹមសត្វ ចូលរួម​យក​ផលិតផល​របស់ខ្លួន មក​ដាក់តាំង​ក្នុង​ពិ​ពណ៍​ម្ហូបអាហារ បន្លែ ផ្លែ ឈើ​គ្នាន​សារធាតុ​គីមី ដែលជា​ស្នាដៃ​របស់ខ្លួន​មក​ដាក់តាំង​ពិព័រណ៍ ដើម្បី​បញ្ជាក់ថា ម្ហូបអាហារ បន្លែ ផ្លែឈើ​នៅ​ខេត្ត​ព្រះសីហនុ មិនមាន ការប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ប៉ះពាល់​សុខភាព ។​

​គួរ​បញ្ចាក់​ថា​កន្លងមក ឯកឧត្តម យន់​មីន ក៏​ធ្លាប់បាន​បង្ហោះ​សា​រលើប​ណ្តា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពី​អារម្មណ៍​របស់លោក​ទាំង​ស្រុង​ក្នុង​ការគិតគូរ​សុ​វត្តិភាព​ម្ហូបអាហារ​ដល់​ប្រជាជន​ក្នុង​ខេត្ត​ព្រះសីហនុ​ថា​៖



«​ខ្ញុំ​មាន​ក្តី​ប្រាថ្នា ចង់អោយ​ខេត្ត​ព្រះសីហនុ​ក្លាយជា​ខេត្ត​មួយ​ដែលមាន​សុវត្ថិភាព ម្ហូ​ម​អាហារ ត្បិត​អី ម្ហូបអាហារ​ជា​ប្រភព​ឬ​សគល់​នៃ​បញ្ហា​សុខភាព​ដែលជា​ចំនុច​សំខាន់បំផុត​សំរាប់​គ្រប់​ក្រុមគ្រួសារ ហើយ​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​ទេសចរ​ណ៌ មានការ​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​លើ​វិស័យ​ម្ហូ​ម​អាហារ​ផងដែរ​។ ដើម្បី​សម្រេច​ក្តី​ប្រាថ្នា​នេះ ខ្ញុំ​មាន​ផែន​ការជំរុញអោយ​គ្រប់​អាហា​រដ្ឋា​ន​ទាំងអស់​ប្រែក្លាយ​ពី​ការប្រកួតប្រជែង​គ្នា​ដើម្បី​តែ​ប្រាក់ចំណេញ មកជា​ការប្រកួតប្រជែង​គ្នា​ផ្តល់​សេវា​ម្ហូ​ម​អាហារ​ដែលមាន​សុវត្ថិភាព​ដល់​សុខភាព​(​អត់​គីមី អនាម័យ​ល្អ សេវា​ល្អ​...)​ដើម្បី​ប្រាក់ចំណេញ​វិញ​។​

​ក្នុង​គោលដៅ​នេះ យើងខ្ញុំ​នឹង​រៀបចំ​ក្រុមការងារ​មួយ សម្រាប់​ដំណើរការ​អនុវត្ត ហើយ​ក្រុមការងារ​នឹង​ចុះ​ដាក់ពិន្ទុ បិទ​សញ្ញា​សំគាល់​តាម​អាហា​រដ្ឋា​ន និង​ទីតាំង​ផ្គត់ផ្គង់​ម្ហូបអាហារ​នានា នូវ​កម្រិត​សុវត្ថិភាព​ម្ហូបអាហារ ដើម្បី​មាន​ភាពងាយស្រួល​ដល់​ប​ង​ប្អូន​ធ្វើការ​ជ្រើសរើស​។​



​ជាការ​ចាប់ផ្តើម​នូវ​ចលនា​នេះ​ផង និង​ដើម្បីអោយ​ថ្ងៃ​ចំរើន​ព្រះជន្ម​សម្តេច​វ​រាជមាតា​ជាតិខ្មែរ​នាពេលខាងមុខ​នេះ​មាន​ភាព​អធិកអធម​ផង យើងខ្ញុំ​គ្រោង​នឹង​រៀបចំ​ពិធី​ពិ​ពរ​ណ៌​ម្ហូបអាហារ​មួយ ដែល​ឆ្លៀត​ពេលនោះ ក្រុមការងារ​យើង នឹងធ្វើ​ការពន្យល់​លំអិត​ថែមទៀត​នូវ​ការងារ​បច្ចេកទេស​។​

​ក្នុងនាម​គណៈ​អភិបាលខេត្ត ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ទាំងអស់​មេត្តា​ផ្តល់​មតិយោបល់​ថែមទៀត លើ​គំនិត​ផ្តួចផ្តើម​នេះ ដើម្បីអោយ​ផែនការ​នេះ​សម្រេចបាន​ដោយ​ជោគជ័យ ផ្លែផ្ការ​ល្អ​។​



​សូម​បងប្អូន​ទាំងអស់​មេត្តា​ត្រៀម​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ និង​មេត្តាជួយ​គាំទ្រ​ចលនា​នេះ ដើម្បី​ជាការ​ការពារ​សុខភាព​ខ្លួនឯង និង​ក្រុមគ្រួសារ តាមរយៈ​លើកទឹកចិត្ត​អាហា​រដ្ឋា​ន​ដែល​ផ្តល់​សេវា​ម្ហូបអាហារ​ដែលមាន​សុវត្ថិភាព​។​

​សូម​អំពាវនាវ​ដល់​ម្ចាស់​អាហា​រដ្ឋា​ន​ទាំងអស់​មេត្តា​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ចលនា​នេះ ហើយ​សូម​អញ្ជើញ មក​រៀបចំ​តូប​សំរាប់​តាំង​ពិ​ព​ណ៏​ម្ហូបអាហារ​របស់ខ្លួន​អោយបាន​ច្រើន​កុះករ​ក្នុង​ពិធី​ពិ​ពណ៌​ម្ហូបអាហារ តាម​កម្មវិធី​ដែល​នឹង​ជំរាបជូន​នៅពេល​ក្រោយ​»៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com