FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Nainggolan សុំឈប់ពីជម្រើសជាតិ ក្រោយគ្មានឈ្មោះសម្រាប់បែលហ្ស៊ិក ទៅ World Cup Nainggolan នាពេលបង្ហាញខ្លួនឲ្យបែលហ្សិក កាលពី Euro 2016។ រូបថត AFP
× Radja Nainggolan ខ្សែបម្រើរបស់ Roma បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិភ្លាមៗ បន្ទាប់ពីរូបគេមិនស្ថិតក្នុងសមាសភាព២៨នាក់របស់បែលហ្ស៊ិកដើម្បីទៅប្រកួតប្រជែងពានរង្វាន់ FIFA World Cup នៅរុស្ស៊ី ឆ្នាំ២០១៨។
បើទោះបីជាបានជួយ Roma ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA Champions League ក៏ដោយ តែខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះមិនជាប់ឈ្មោះ២៨នាក់ក្នុងបញ្ជីរបស់លោក Roberto Martinez គ្រូបង្វឹកជម្រើសជាតិបែលហ្ស៊ិកទៅកាន់រុស្ស៊ីខែក្រោយឡើយ។
ក្រោមមូលហេតុមិនស្ថិតក្នុងជម្រើសរបស់គ្រូសញ្ជាតិអេស្ប៉ាញ Nainggolan បានសម្រេចប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិភ្លាមៗតែម្តង។
យ៉ាងណាក៏ដោយ Martinez ក៏បានបកស្រាយពីការមិនជ្រើសយកកីឡាករកូនកាត់ឥណ្ឌូណេស៊ីដោយលើកឡើងថា៖« Radja Nainggolan គឺជាកីឡាករលំដាប់កំពូលមួយរូប។ ប៉ុន្តែហេតុផលគឺជាយុទ្ធសាស្ត្រ។ យើងដឹងថា Nainggolan មានតួនាទីយ៉ាងសំខាន់នៅក្នុងក្លិបរបស់គាត់ ប៉ុន្តែយើងមិនអាចផ្តល់តួនាទីឲ្យគាត់នៅក្នុងក្រុមជម្រើសជាតិបានទេ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ក្រុមការងារបានកត់សម្គាល់ពីលក្ខណរបស់កីឡាករមួយចំនួន ហើយពួកគេអាចមកជំនួសតំណែងរបស់ Nainggolan បាន»។
ចំណែក Nainggolan ក៏បានឆ្លើយតបតាមរយៈបណ្តាញសង្គម Instagram ផ្ទាល់របស់គេវិញដែរថា៖«ខ្ញុំមានការទើសទាល់យ៉ាងខ្លាំងក្នុងអាជីពសម្រាប់ក្រុមជម្រើសជាតិរបស់ខ្ញុំ ដែលត្រូវបញ្ចប់នៅពេលនេះ។ ខ្ញុំតែងតែធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីតំណាងឲ្យប្រទេសរបស់ខ្ញុំ»។
បែលហ្ស៊ិកស្ថិតក្នុងពូល G ជាមួយកអង់គ្លេស ហើយពួកគេមានកីឡាករ ១៥ រូបក្នុងចំណោម២៨នាក់ ដែលកំពុងប្រកបអាជីពឲ្យក្លិបនៃក្របខណ្ឌ Premier League នាពេលបច្ចុប្បន្ន។ ២៨នាក់នេះ នឹងត្រូវជម្រុះចេញមួយលើកទៀតដើម្បីយក ២៣នាក់ នៅមុនថ្ងៃទី៤ ខែមិថុនា។
សមាសភាពទាំង២៨នាក់របស់បែលហ្ស៊ិករួមមាន៖
អ្នកចាំទី៖ Koen Casteels (Wolfsburg), Thibaut Courtois (Chelsea), Simon Mignolet (Liverpool), Matz Sels (Newcastle United).
ខ្សែការពារ៖ Toby Alderweireld (Tottenham Hotspur), Dedryck Boyata (Celtic), Laurent Ciman (Los Angeles FC), Christian Kabasele (Watford), Vincent Kompany (Manchester City), Jordan Lukaku (Lazio), Thomas Meunier (Paris St-Germain), Thomas Vermaelen (Barcelona), Jan Vertonghen (Tottenham Hotspur).
ខ្សែបម្រើ៖ Yannick Carrasco (Dalian Yifang), Kevin de Bruyne (Manchester City), Mousa Dembele (Tottenham Hotspur), Leander Dendoncker (Anderlecht), Marouane Fellaini (Manchester United), Eden Hazard (Chelsea), Thorgan Hazard (Borussia Monchengladbach), Adnan Januzaj (Real Sociedad), Dries Mertens (Napoli), Youri Tielemans (Monaco), Axel Witsel (Tianjin Quanjian).
ខ្សែប្រយុទ្ធ៖ Michy Batshuayi (Chelsea), Christian Benteke (Crystal Palace), Nacer Chadli (West Brom), Romelu Lukaku (Manchester United)៕
Tag:
បាល់ទាត់
FIFA World Cup
បែលហ្ស៊ិក
Radja Nainggolan
GroupG
© រក្សាសិទ្ធិដោយ thmeythmey.com