អន្តរជាតិ
មហាធៀ បន្ទោសរដ្ឋាភិបាល ណាជីប ដែលធ្វើឲ្យបំណុលរដ្ឋកើនដល់កម្រិតប្រកាសអាសន្ន
× ថ្លែងទៅកាន់មន្ត្រីរាជការសាធារណៈដើមសប្តាហ៍នេះ លោក មហាធៀ មហាម៉ាត់ បានថ្លែងពីការកើនឡើងនៃបំណុលរដ្ឋរហូដល់ជាង ២៥០ ពាន់លានដុល្លារដែលស្ថិតក្នុងកម្រិតប្រកាសអាសន្ន។ លោកបានបន្ទោស រដ្ឋាភិបាលលោក ណាជីប រ៉ាហ្សាក់ ដែលធ្វើឲ្យកើនបំណុលរដ្ឋកើនខ្លាំងបែបនេះ។
ខណៈដែលរដ្ឋាភិបាលព្យាយាមស្រាវជ្រាវដើម្បីទាញយកលុយរដ្ឋដែលបាត់ក្នុងមូលនិធិ 1MDB ត្រឡប់មកវិញ លោកនាយករដ្ឋមន្ត្រីវ័យ ៩២ឆ្នាំ មហាធៀ មហាម៉ាត់ បានបន្ទោសរដ្ឋាភិបាលមុនរបស់លោក ណាជីប រ៉ាហ្សាក់ ជុំវិញការបង្កើនបំណុលរដ្ឋឲ្យដល់កម្រិតប្រកាសអាសន្ន។
«យើងរកឃើញថា ហិរញ្ញវត្ថុប្រទេសយើងត្រូវបានបំពានដែលធ្វើយើងឥឡូវនេះត្រូវប្រឈមបញ្ហាក្នុងការដោះស្រាយបំណុលដែលកើនដល់ ១ទ្រីលានរីងហ្គីត (២៥១ ពាន់លានដុល្លារ)។ យើងមិនដែលដោះស្រាយជាមួយបំណុលធំបែបនេះពីមុនមកទេ»។ នេះជាសម្តីរបស់លោក មហាធៀ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
«ពីមុនយើងមិនដែលប្រឈមមុខនឹងកម្រិតបំណុលខ្ពស់លើ ៣០០ពាន់លានរីងហ្គីតប៉ុណ្ណោះ តែឥឡូវវាឡើងដល់ ១ទ្រីលានរីងហ្គីត»។
ស្របពេលដែលរដ្ឋាភិបាលម៉ាឡេស៊ីបង្ហាញពីក្តីបារម្ភរបស់ខ្លួនចំពោះការកើនឡើងនៃបំណុលដល់ជាង ២៥០ ពាន់លានដុល្លារ លោក មហាធៀ ការសន្យាបញ្ចប់ការអនុវត្តពន្ធលើទំនិញ និងសេវា (GST) ដែលមានកម្រតិ ៦ភាគរយដាក់ឲ្យអនុវត្តក្រោមអាណត្តិលោក ណាជីប ដែរ។ រដ្ឋាភិបាលលោកនឹងចាប់ផ្តើមសិក្សាលើការដាក់ពន្ធលើការលក់ និងសេវាកម្ម (SST) ជំនួសវិញ។ ក្រៅពីនេះ លោក មហាធៀ ក៏សន្យាផ្តល់ការឧបត្ថម្ភធនលើប្រេងដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រពលរដ្ឋម៉ាឡេស៊ីដែរ។
យ៉ាងណាក៏ដោយចុះ គោលនយោបាយសារពើពន្ធរបស់លោក មហាធៀ អាចធ្វើឲ្យការប្រមូលពន្ធម៉ាឡេស៊ីប្រឈមឱនភាពកាន់តែខ្លាំងថែមទៀត បើសិនជារដ្ឋាភិបាលមិនមានគោលនយោបាយធានាតុល្យភាពនៃពន្ធនេះទេនោះ។
ដោយឡែកពាក់ព័ន្ធការកើនបំណុលដល់កម្រិតប្រកាសអាសន្ននេះ លោក ណាជីប បានឆ្លើយតបវិញថា កម្រិតបំណុលស្ថិតក្រោមការដឹកនាំរបស់លោកនោះវានៅក្រោមការគ្រប់គ្រងបានពោលគឺ ប្រហែល៥០ភាគរយនៃផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ៕
Tag:
មហាធៀ មហាម៉ាត់
ណាជីប រ៉ាហ្សាក់
បំណុលសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com