អន្តរជាតិ
អាមេរិក​ដាក់​លក្ខខណ្ឌ​១២​ចំណុច​ឲ្យ​អ៊ីរ៉ង់​ធ្វើតាម បើ​មិន​ចង់​រង​ទណ្ឌកម្ម​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ​
22, May 2018 , 10:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបភាព Xinhua)
រដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo (រូបភាព Xinhua)
​ជាង​មួយ​សប្ដាហ៍​ក្រោយ​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo បាន​ដាក់ចេញ​លក្ខខណ្ឌ​ទាមទារ​ដ៏​ច្រើន​សម្រាប់​អ៊ីរ៉ង់ ដើម្បី​ទទួលយក​កិច្ចព្រមព្រៀង​ថ្មី​។ លោក Pompeo បាន​គំរាម​ដាក់ទណ្ឌកម្ម​មិន​ធ្លាប់មាន​លើ​អ៊ីរ៉ង់ ប្រសិនបើ​មិន​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ទាំងស្រុង និង​ឈប់​អន្តរាគមន៍​ចូល​កិច្ចការ​ប្រទេស​ផ្សេង​ទេនោះ​។ អ៊ីរ៉ង់​បាន​ទាត់ចោល​ការទាមទារ​រ​បស់​អាមេរិក និង​បន្តការងារ​ជាមួយ​អឺរ៉ុប ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​។​



​ក្នុង​សុន្ទរកថា​៣០​នាទី​ស្ដីពី​យុទ្ធសាស្ត្រ​ថ្មី​នៅ​អ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo បានទាមទារ​ឲ្យ​អ៊ីរ៉ង់​ផ្លាស់ប្ដូរ​ផ្លូវ​ដើរ​សព្វថ្ងៃ​របស់ខ្លួន​ជាបន្ទាន់ បើ​មិន​ចង់​ឲ្យ​អាមេរិក​ដាក់ទណ្ឌកម្ម​ដ៏​ខ្លាំង​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ទេនោះ​។ លោក Pompeo ព្រមាន​ថា ក្នុងករណី​អាមេរិក​មើលឃើញ​ពី​ការផ្លាស់ប្ដូរ​ជាក់លាក់​នៅក្នុង​នយោបាយ​របស់​អ៊ីរ៉ង់ អាមេរិក​ក៏​ត្រៀមខ្លួន​ដើម្បី​លើកលែង​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដូចគ្នា​ដែរ​។

​ថ្លែង​នៅ​កម្មវិធី​មួយ​រៀបចំ​ដោយ​ស្ថាប័ន Heritage Foundation នៅ​ថ្ងៃទី​២១ ខែឧសភា លោក Pompeo បានដាក់​លក្ខខណ្ឌ​ទាមទារ​ដែល​ត្រូវ​មើលឃើញថា​ហួសហេតុ​លើ​អ៊ីរ៉ង់​។ ការទាមទារ​ទាំង​១២​ចំណុច​របស់​ប្រមុខ​ការទូត ពិតជា​បាន​បញ្ឆេះ​ទំនាស់​របស់​អាមេរិក និង​អ៊ីរ៉ង់​ដែល​កើន​កម្ដៅ​ស្រាប់ ក្រោយ​លោក ដូ​ណា​ល់ ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ទោះជា​រង​ការរិះគន់​ខ្លាំង​ក៏ដោយចុះ​។ 

១. អាមេរិក​ដាក់​លក្ខខណ្ឌ​១២​ចំណុច​ឲ្យ​អ៊ីរ៉ង់​អនុវត្ត​

​លោក Pompeo បានដាក់​លក្ខខណ្ឌ​ចំនួន​១២​ចំណុច​ឲ្យ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​អនុវត្ត ក្នុងករណី​ត្រឡប់​ទៅ​ចរចា​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ជំនួស​កិច្ចព្រមព្រៀង​ចាស់​ឆ្នាំ​២០១៥ ។ ការណ៍​ដែល​អ៊ីរ៉ង់​គោរព​តាម​លក្ខខណ្ឌ​នេះ​ក៏​អាច​បញ្ចៀស​ទណ្ឌកម្ម​រប​ស់​អាមេរិក​ផង​។ ទាំង​លោក ត្រាំ ទាំង​លោក Pompeo សុទ្ធតែ​ប្រកាស​ហើយ​ថា អាមេរិក​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​ដ៏​ខ្លាំង​មិនដែល​មាន​ពីមុន​មកលើ​របប​ដឹកនាំ​អ៊ីរ៉ង់​។

​ក្នុងការ​ទាមទារ​រប​ស់​ខ្លួន អាមេរិក​បាន​ប្រាប់​ឲ្យ​អ៊ីរ៉ង់​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​ទី​ភ្នា​ក់​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ (IAEA) ចូល​ត្រួតពិនិត្យ​កម្មវិធី​នុយក្លេអ៊ែរ​របស់​យោធា និង​បញ្ឈប់​សកម្មភាព​នេះ​ជា​អចិន្ត្រៃយ៍ បញ្ឈប់​សកម្មភាព​ចម្រាញ់​សារធាតុ​ភ្លុ​យ​តូ​ញ៉ូ​ម ហើយ​ត្រូវ​បិទ​រ៉េ​អា​ក់ទ័រ​ធុន​ធ្ងន់​របស់ខ្លួន​ផង​។ កាន់តែ​សំខាន់​នោះ អ៊ីរ៉ង់​ក៏ត្រូវ​ផ្អាក​ការ​សាយភាយ​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​ត្រូវ​បញ្ឈប់​រាល់​ការបាញ់ ឬ​អភិវឌ្ឍ​មី​ស៊ី​ល​ដែល​អាច​បំពាក់​នុយក្លេអ៊ែរ​។​

​លើសពីនោះ អាមេរិក​បានទាមទារ​ឲ្យ​អ៊ីរ៉ង់​ដោះលែង​ជនជាតិ​ខ្លួន និង​ជនជាតិ​នៃ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​។ ក្រុង​តេ​ហេ​រ៉ង់​ក៏ត្រូវ​ឈប់​គាំទ្រ​ក្រុម​ភេរវជន​នៅ​មជ្ឈិមបូព៌ា​ដូចជា ហេ​ស្បូ​ឡា ហា​ម៉ាស់ អាល់​កៃ​ដា និង​តា​លី​បង់​ជាដើម គោរព​អធិបតេយ្យ​អ៊ីរ៉ាក់ ឈប់​គាំទ្រ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី និង​ធ្វើការ​រួមគ្នា​ដើម្បី​សន្តិភាព បង្កើត​ដំណោះស្រាយ​នយោបាយ​នៅ​យេ​ម៉ែន​ផងដែរ​។ ឯ​នៅ​ស៊ី​រី​វិញ អាមេរិក​ប្រាប់​ឲ្យ​អ៊ីរ៉ង់​ដក​កម្លាំង​ទ័ព​ចេញ​ជាបន្ទាន់​ដែរ​។​

​លើសពីនោះ លោក Pompeo ក៏​ទាមទារ​ឲ្យ​អ៊ីរ៉ង់​ផ្ដាច់ទំនាក់ទំនង​រវាង​ក​ង​ឆ្មាំ​បដិវត្តន៍​និង​ក្រុម​សកម្មប្រយុទ្ធ​នៅ​ជុំវិញ​ពិភពលោក មិន​ត្រូវធ្វើ​សកម្មភាព​គំរាមកំហែង​ប្រទេសជិតខាង​របស់ខ្លួន ដែល​ភាគច្រើន​ជា​សម្ព័ន្ធមិត្ត​អាមេរិក ជាពិសេស​ការ​គំរាម​កម្ទេច​អ៊ីស្រាអែល និង​គំរាម​បាញ់​មី​ស៊ី​ល​ដាក់​អា​រ៉ា​ប៊ី​សា​អូឌីត ក៏ដូចជា​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។

២. អ៊ីរ៉ង់​ទាត់ចោល​លក្ខខណ្ឌ​អាមេរិក​ដែល​អាមេរិក​ដាក់​ឲ្យ​

​ភ្លាមៗ​ក្រោយ​ការប្រកាស​ដាក់​លក្ខខណ្ឌ​របស់​អាមេរិក អ៊ីរ៉ង់​ក៏បាន​ចេញមុខ​ភ្លែត​ទាត់ចោល​ការទាមទារ​ទាំ​ង​១២​ចំណុច​ភ្លាម​ដែរ​។ ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី និយាយថា ពិភពលោក​នឹងមិន​ទទួលយក​នយោបាយ​ឯកតោភាគី​របស់​អាមេរិក​ឡើយ ហើយ​សករាជ​ដែល​អាមេរិក​ដឹកនាំ​ពិភពលោក​ក៏បាន​មកដល់​ទីបញ្ចប់​ដែរ​។ លោក រូ​ហា​នី បាន​ចោទសួរ​អាមេរិក​វិញ​ថា​៖ «​តើ​អ្នកឯង​ជា​នរណា​បានសម្រេច​ចិត្ត​ជំនួស​អ៊ីរ៉ង់ និង​ពិភពលោក​?»

​ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់  Mohammed Javad Zarif ក៏បាន​ឆ្លើយតប​នឹង​លោក Pompeo ដែរ ដោយ​ចោទ​អាមេរិក​ថា បាន​វិល​ទៅរក​ទម្លាប់​ចាស់​។ ទន្ទឹមនឹង​ការរិះគន់​អាមេរិក ប្រមុខ​ការទូត​អ៊ីរ៉ង់​ក៏​ប្រកាស​លើ Twitter ថា អ៊ីរ៉ង់​កំពុងធ្វើការ​ជាមួយ​ដៃគូ​របស់ខ្លួន​ជុំវិញ​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ បន្ទាប់ពី​អាមេរិក​ចាកចេញ​បាត់ទៅ​។ សព្វថ្ងៃ អឺរ៉ុប​ដែលជា​អ្នកសម្របសម្រួល​កិច្ចព្រមព្រៀង​នេះ ព្យាយាម​ខ្លាំង​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​អ៊ីរ៉ង់​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង​នេះ​។​

​ងាក​ទៅ​មើល​លក្ខខណ្ឌ​របស់​អាមេរិក​វិញ គេ​មិន​រំពឹងថា អ៊ីរ៉ង់​នឹងធ្វើ​តាម​អាមេរិក​ឡើយ ហើយ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ទំនងជា​ធ្វើគ​ធ្វើ​ថ្លង់​ទៅនឹង​សម្ដី​របស់លោក Pompeo ទៀតផង​។ តាមពិតទៅ ក្រោយ​មាន​កិច្ច​ព្រម​ពៀង​ដែល​អ៊ីរ៉ង់​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​ជា​ថ្នូរ​ការលើកលែង​ទណ្ឌកម្ម អង្គការសហប្រជាជាតិ​ផ្ទាល់​ជា​អ្នក​អះអាងថា អ៊ីរ៉ង់​គោរព​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ពេញលេញ​។ ប៉ុន្តែ​រដ្ឋបាល​លោក ត្រាំ មិន​ជឿ និង​ចោទ​អ៊ីរ៉ង់​ថា លួច​អភិវឌ្ឍ​នុយក្លេអ៊ែរ​សម្ងាត់ រួច​ក៏​ដើរចេញ​ដោយ​គំរាម​ដាក់ទណ្ឌកម្ម​ឡើងវិញ​៕


Tag:
 ​អាមេរិក​
  អ៊ីរ៉ង់​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com