ជាតិ
បោះឆ្នោត
រដ្ឋមន្ត្រី និងអតីតថ្នាក់ដឹកនាំខេត្តរបស់ CPP ឈរធ្វើតំណាងរាស្ត្រអាណត្តិទី៦
× ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដាខាងមុខ ។ គណបក្សប្រជាជនកម្ពុជា បានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោត និងបានដាក់បេក្ខជនឈរឈ្មោះរួចរាល់ហើយ។
ក្នុងចំណោមបេក្ខជន ដែលគណបក្សប្រជាជន បានដាក់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយត្រូវបានទទួលស្គាល់ជាផ្លូវការនោះ មានរដ្ឋមន្ត្រីតាមក្រសួង២៦រូប រួមទាំងអតីតអភិបាលរាជធានី-ខេត្ត ដែលឈរឈ្មោះជាតំណាងរាស្ត្រ នៅនីតិកាលទី៦នេះ។
រដ្ឋមន្ត្រី២៦រូបរួមមាន សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អង្គ វង្សវឌ្ឍានា ឈរនៅខេត្តបាត់ដំបង , លោក ហង់ជួន ណារ៉ុន ,លោក វេង សាខុន, លោក ខៀវ កាញារីទ្ធ លោក ប៉ាន់ សូរសក្តិ ឈរនៅមណ្ឌលខេត្តកំពង់ចាម ខណៈលោក អ៊ុក រ៉ាប៊ុន និងលោក ត្រាំ អ៊ីវតឹក ឈរនៅមណ្ឌលខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះលោក ប្រាក់ សុខុន លោក អូន ព័ន្ធមុនីរ័ត្ន លោក លឹម គានហោ និងលោក ស៊ុន ចាន់ថុល ឈរនៅមណ្ឌលខេត្តកណ្ដាល រីឯលោក អ៊ិត សំហេង លោក ម៉ម ប៊ុនហេង និងលោកស្រី អ៊ឹង កន្ថាផាវី ឈរនៅមណ្ឌលរាជធានីភ្នំពេញ។ លោក សាយ សំអាល់ លោក វង សូត និងលោក ជា សុផារ៉ា ឈរនៅមណ្ឌលត្បូងឃ្មុំ។
លោក ឆាយ ថន ឈរនៅមណ្ឌលកំពង់ស្ពឺ ,លោក ថោង ខុន មណ្ឌលកំពង់ធំ ,លោក ពេជ្រ ប៊ុនធិន មណ្ឌលក្រចេះ ,លោក ស៊ុយ សែម មណ្ឌលពោធិ៍សាត់ ,លោក ប៊ិន ឈិន មណ្ឌលតាកែវ ,សម្ដេច ទៀ បាញ់ មណ្ឌលខេត្តសៀមរាប ,លោក ចម ប្រសិទ្ធ មណ្ឌលកែប និងលោកស្រី ម៉ែន សំអន មណ្ឌលស្វាយរៀង។
ចំណែករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា និងលោក ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា មិនមានឈ្មោះក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាឡើយ។ ដោយឡែកសម្តេច គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បន្តឈរឈ្មោះនៅមណ្ឌលកំពង់ឆ្នាំង។
ក្រៅពីរដ្ឋមន្ត្រី ក៏មានអតីតអភិបាលរាជធានី-ខេត្ត រួមមាន លោក គោស៊ុំ សារឿត (បន្ទាយមានជ័យ) លោក ច័ន្ទ សុផល (បាត់ដំបង) លន់ លឹមថៃ (កំពង់ចាម) លោក សរ ចំរុង (ក្រចេះ) លោក ប៉ា សុជាតិវង្ស (ភ្នំពេញ) លោក កែប ជុតិមា (ភ្នំពេញ) និងលោក ប្រាជ្ញ ចន្ទ (ត្បូងឃ្មុំ)ជាដើម ។
ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដាខាងមុខ ដោយនឹងមានគណបក្សនយោបាយជាច្រើនចូលរួមប្រកួត។ មកដល់ពេលនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់គណបក្សនយោបាយជាង១០ហើយ សម្រាប់ការប្រជែងការបោះឆ្នោតខាងមុខនេះ៕
Tag:
CPP
រដ្ឋមន្ត្រី
បក្សុនយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com