ជាតិ
បោះឆ្នោត
គ.ជ.ប. ទទួលបានអ្នកសង្កេតការបោះឆ្នោតជាង៤ពាន់នាក់ហើយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.
× មានអង្គការក្នុងស្រុកចំនួនបីហើយ ដែលបានបញ្ជូនបញ្ជីឈ្មោះអ្នកសង្កេតការ ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដើម្បីចូលរួមឃ្លាំមើលការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ នេះជាការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប.។
លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា អង្គការទាំងនោះ រួមមាន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគណៈកម្មាធិការសម្របសម្រួលកម្ពុជា។ លោក បន្តថា អ្នកសង្កេតការបោះឆ្នោត ដែលមកពីអង្គការទាំង៣ មានចំនួនជាង៤ពាន់នាក់។
លោក ហង្ស ពុទ្ធា បន្ថែមថា មកដល់ពេលនេះ មិនទាន់មានអង្គការអន្តរជាតិ ដាក់បញ្ជីឈ្មោះអ្នកសង្កេតការបោះឆ្នោតទៅកាន់គ.ជ.ប. នៅឡើយទេ។ ប៉ុន្តែ លោក អះអាងថា មានស្ថានទូត១ គឺស្ថានទូតមីយ៉ាន់ម៉ាប្រចាំកម្ពុជា បានបញ្ជូនឈ្មោះអ្នកសង្កេតការបោះឆ្នោត៣នាក់ ទៅកាន់គ.ជ.ប.។
បើតាមអ្នកនាំពាក្យគ.ជ.ប. ថ្ងៃទី២៣ ខែកក្កដា គឺជាថ្ងៃផុតកំណត់ ដែលឈប់ទទួលអ្នកសង្កេតការណ៍ក្នុងស្រុក ហើយថ្ងៃទី២៨ ខែកក្កដា គឺជាថ្ងៃផុតកំណត់ ដែលឈប់ទទួលអ្នកសង្កេតការណ៍អន្តរជាតិ។
ស្របគ្នានេះ មានអង្កការជំនាញមួយចំនួន ដូចជា ខុមហ្វ្រេល និងនិចហ្វិច ជាដើម ប្រកាសថា នឹងមិនបញ្ជូនឈ្មោះអ្នកសង្កេតការណ៍ ទៅកាន់គ.ជ.ប. នោះទេ។ អង្គការទាំង២ នឹងចូលរួមសង្កេតការណ៍ក្រៅផ្លូវការ ពោលគឺពួកគេ នឹងដាក់អ្នកសង្កេតការណ៍នៅក្រៅការិយាល័យបោះឆ្នោត ដោយមិនដាក់អ្នកសង្កេតការណ៍ ឲ្យចូលទៅក្នុងការិយាល័យបោះឆ្នោត ដូចនីតិកាលមុនៗឡើយ។
គួររម្លឹកថា មានគណបក្ស២០ បានដាក់ពាក្យទៅកាន់គ.ជ.ប. ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ៕
Tag:
បោះឆ្នោត
អ្នកសង្កេតការ
គជប
ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com