អន្តរជាតិ
លោក ត្រាំ ថា ជំនួប​ជាមួយ​លោក គីម នៅ​សិង្ហ​បុរី​ខែក្រោយ​អាច​នឹងមិន​កើតឡើង​តាម​គ្រោងទុក​ទេ​
23, May 2018 , 7:19 pm        
រូបភាព
អាមេរិក​, កូរ៉េខាងជើង​, ដូ​ណា​ល់ ត្រាំ​, គីម ជុង​អ៊ុន
អាមេរិក​, កូរ៉េខាងជើង​, ដូ​ណា​ល់ ត្រាំ​, គីម ជុង​អ៊ុន
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែឧសភា បាន​លើកឡើងថា ជំនួប​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន អាច​នឹងមិន​រៀបចំ​តាម​ផែនការ​ឡើយ​។ ការលើកឡើង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង​គំរាម​ពិចារណា​ជំនួប​នៅ​ថ្ងៃទី​១២ ខែមិថុនា ឡើងវិញ ព្រោះ​មិន​ពេញចិត្ត​ការទាមទារ​ឯក​តោ​ភាគី​របស់​អាមេរិក​ដែល​ចង់​ឲ្យ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​។ យ៉ាងណាមិញ លោក ត្រាំ ក៏​អះអាងថា លោក គីម នៅតែមាន​ឆន្ទៈ​រំសាយ​នុយក្លេអ៊ែរ​ដដែល​។​



​បើ​គិតពី​ថ្ងៃទី​២៣ ខែឧសភា នៅសល់​២១​ថ្ងៃ​គត់​ដល់​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។ ខណៈ​កាលបរិច្ឆេទ​កំណត់​កាន់តែ​ខិតជិត​ដល់​នោះ ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង​បែរជា​លើកឡើង​ពី​លទ្ធភាព​ដែល​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​អាច​លុបចោល​ទៅវិញ​។ កូរ៉េខាងជើង​គំរាម​មិន​ចូលរួម​ការចរចា ព្រោះ​មិន​រីករាយ​នឹង​សមយុទ្ធ​អាមេរិក​នៅ​ឧបទ្វីប​កូរ៉េ​ផង និង​លក្ខខណ្ឌ​របស់​អាមេរិក​ផង​។​

​នៅឯ​ទីក្រុង​វ៉ាស៊ីនតោន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និយាយថា ជំនួប​រវាង​លោក និង​លោក គីម អាច​មិន​កើតឡើង​នៅ​ខែក្រោយ​ដូច​គម្រោង​ឡើយ​។ លោក ត្រាំ និយាយ​បែបនេះ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២២ ខែឧសភា នៅ​សេត​វិមាន​។ លោក មូ​ន ទៅ​ជួប​លោក ត្រាំ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​លោក​ក្ដាប់​ឱកាស​កម្រ​នេះ​ឲ្យ​បាន​ជាប់​ដើម្បី​ឈានដល់​គោលដៅ​ចុងក្រោយ​នៃ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​នៅ​ឧបទ្វីប​កូរ៉េ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ និយាយថា មានឱកាស​ច្រើន​គួរសម​ដែល​ជំនួប​នៅ​សិង្ហ​បុរី​មិនអាច​កើតឡើង​នៅ​ថ្ងៃទី​១២ ខែមិថុនា ហើយ​បើសិន​មិនអាច​កើតឡើង​នៅពេល​នោះទេ វា​អាច​កើតឡើង​នៅពេល​ក្រោយ​វិញ​។ ប្រធានាធិបតី​អាមេរិក​ក៏បាន​លើកឡើង​ពី​លក្ខខណ្ឌ​ជាក់លាក់​ដែល​អាមេរិក​ចង់បាន ហើយ​បើ​អាមេរិក​មិនអាច​ទទួលបាន​អ្វី​លក្ខខណ្ឌ​នោះទេ ការចរចា​នៅ​សិង្ហ​បុរី​នឹង​មិនអាច​កើតឡើង​បានទេ​។

​ខណៈដែល​កូរ៉េខាងជើង​រិះគន់​លក្ខខណ្ឌ​របស់​អា​មេ​រិ​ក លោក ត្រាំ នៅតែ​ជឿជាក់ថា មេដឹកនាំ​កូរ៉េខាងជើង​នៅតែ​ចង់​រំសាយ​នុយក្លេអ៊ែរ​ដដែល​។ ក្នុងជំនួប​ជាមួយ​លោក មូ​ន នៅ​បន្ទប់​ពងក្រពើ ប្រធានាធិបតី​អាមេរិក​បញ្ជាក់ថា លោក គីម មាន​ជំហរ​ម៉ឺងម៉ាត់​ចំពោះ​ការលុបបំបាត់​នុយក្លេអ៊ែ​រ​នេះ​។ មុន​ពន្លះ​អាមេរិក​ខ្លាំង​កាលពី​សប្ដាហ៍​មុន កូរ៉េខាងជើង​ធ្លាប់បាន​ប្រកាស​ជារឿយៗ​ថា ខ្លួន​ពិតជា​ចង់​លុបបំបាត់​នុយក្លេអ៊ែរ​រប​ស់​ខ្លួន​មែន​។​

​ជាថ្មី​ម្ដងទៀត លោក ត្រាំ ក៏​ធា​នាពី​សុវត្ថិភាព​របស់​របប​ដឹកនាំ​កូរ៉េខាងជើង និង​សម្បទាន​ផ្នែក​សេដ្ឋកិច្ច បើ​យល់ព្រម​បោះបង់​នុយក្លេអ៊ែរ​។ ពោល គឺ​អាមេរិក​គ្មាន​ផែនការ​ផ្លាស់ប្ដូរ​របប​ត្រកូល គីម ឡើយ​។ លោក​ពន្យល់ថា កូរ៉េខាងជើង​នឹង​ក្លាយជា​ប្រទេស​អ្នកមាន ហើយ​រីកចម្រើន ឯ​ជប៉ុន កូរ៉េខាងត្បូង និង​ចិន ក៏​នឹង​ទៅរក​ស៊ី​នៅ​កូរ៉េខាងជើង​កាន់តែច្រើន​ផង​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com